ពោធិ៍សាត់៖ ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកោះកុងជាដើម កំពុងតែមានការប្រែប្រួលគុណភាពខ្យល់ខ្លាំង ដែលថ្ងៃខ្លះមានសន្ទស្សន៍គុណភាពខ្យល់ ធ្លាក់ដល់កម្រិតពណ៌ក្រហម ឬទឹកក្រូច ដោយសារតែសកម្មភាពដុតសំរាម ឬដុតព្រៃ។

នេះការលើកឡើងរបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកសាបូ អូហ្សាណូ ក្នុងពិធីផ្សព្វផ្សាយសារាចរលេខ០១របស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនៅក្នុងប្រទេសកម្ពុជា នាថ្ងៃទី៥ ខែកុម្ភៈនេះ នៅក្នុងខេត្តពោធិ៍សាត់។

វេទិការនេះ ធ្វើឡើងក្រោយពេលដែល គុណភាពខ្យល់​ខេត្តពោធិ៍សាត់បានធ្លាក់ចុះ ដល់«ពណ៌ក្រហម» ដែលមានគុណភាពខ្យល់ពុលខ្លាំងនាពេលថ្មីៗនេះ។

លោករដ្ឋលេខាធិការបញ្ជាក់ថា៖«ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ និងខេត្តកោះកុងជាដើម នៅមានការប្រែប្រួលគុណភាពខ្យល់ខ្លាំង ដែលមានថ្ងៃខ្លះសន្ទស្សន៍គុណភាពខ្យល់ ធ្លាក់ដល់កម្រិតក្រហម ទឹកក្រូច និង លឿងជាដើម»។

ក្រសួងបរិស្ថានបានឱ្យដឹងថា អាជ្ញាធរមូលដ្ឋានទូទាំងខេត្តពោធិ៍សាត់ បានចូលរួមក្នុងវេទិការនេះ។ ពួកគាត់បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នា ដើម្បីពង្រឹងការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន នៅក្នុងការទប់ស្កាត់ និងកាត់បន្ថយប្រភពបំពុល ដែលបង្កឱ្យកើនទ្បើងកំហាប់ជាតិពុលក្នុងខ្យល់ ដែល​​នាំ​​ឱ្យប៉ះពាល់សុខភាពសាធារណៈ ជាពិសេសប្រជាពលរដ្ឋតាមមូលដ្ឋានផ្ទាល់។

លោករដ្ឋលេខាធិការបានអំពាវនាវឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវរួមគ្នាអប់រំផ្សព្វផ្សាយ និងទប់ស្កាត់រាល់បញ្ហាដែលនាំឈានដល់ការប្រែប្រួលគុណភាពខ្យល់ និងគុណភាពខ្យល់ធ្លាក់ចុះ។

មន្រ្តីអាជ្ញាធរមូលដ្ឋានចុះអប់រំ ផ្សព្វផ្សាយ ពីការគ្រប់គ្រងសំរាម សំណល់រឹង ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈដល់ពលរដ្ឋក្នុងខេត្តពោធិ៍សាត់។ រូបថត មន្ទីរបរិស្ថានខេត្ត

លោកថ្លែងថា៖«បញ្ហាខ្យល់គឺមានសារៈសំខាន់ណាស់ដើម្បីលើកកម្ពស់បញ្ហាសុខភាពសាធារណៈ ។ បើយើងមិនរួមគ្នាទប់ស្កាត់ទេ បញ្ហាប្រឈមនឹងសុខភាពមិនអាចចៀសផុតឡើយ។ ហេតុនេះយើងចាំបាច់ណាស់ត្រូវចូលរួមថែរក្សា ការពារបរិស្ថានឱ្យស្រស់ស្អាត ខ្យល់បរិសុទ្ធ»។

លោកបន្ថែមថា វាចាំបាច់ណាស់ ដែលអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ត្រូវចូលរួមផ្សព្វផ្សាយដល់មូលដ្ឋានរបស់ខ្លួនមិនឱ្យដុតសំរាម ដុតជញ្ជ្រាំងស្រូវ និងដុតព្រៃ ជាដើម ព្រោះសកម្មភាពទាំងនេះជះផលអាក្រក់ដល់គុណភាពខ្យល់ ហើយវាសុទ្ធសឹងជះផលអវិជ្ជមានដល់សុខភាពមនុស្សទាំងអស់គ្នា។

សេចក្ដីជូនដំណឹងរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា សម្រាប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ល្ងាច ដល់ម៉ោង ៦ ព្រឹក​ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ គុណភាពខ្យល់មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤១.៥៣ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ«។ ក្នុងនោះ ខេត្តពោធិ៍សាត់ មានពណ៌ទឹកក្រូច ដែលបង្ហាញថា មានការបំពុល«មធ្យម»។

ចំពោះខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងខេត្តព្រះវិហារវិញ មានពណ៌លឿង ដែលមានការបំពុល«កម្រិតស្រាល»។

ក្នុងពិធីផ្សព្វផ្សាយនោះផងដែរ អភិបាលរងខេត្តពោធិ៍សាត់ លោកសាយ សុជាតិ ក៏បានណែនាំ ដល់អាជ្ញាធរថ្នាក់ឃុំ ស្រុក ត្រូវចូលរួមទប់ស្កាត់ មិនឱ្យប្រជាពលរដ្ឋដុតសំរាម ដុតជញ្ជ្រាំងស្រូវ  និងព្រៃដែលជាចំណុចមួយនាំឱ្យបង្កើតជាតិខ្យល់ពុល។

លោកបានណែនាំថា៖«មន្រ្តីមូលដ្ឋានត្រូវមានវិធានការចូលរួម ហើយទប់ស្កាត់ទាំងអស់គ្នាទើបយើងទទួលបានជោគជ័យ»។

ក្នុងឱកាសនោះដែរ​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យា បានស្នើសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធរថ្នាក់ក្រោមជាតិ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន រួមទាំងសហគមន៍ ប្រជាពលរដ្ឋ ចូលរួមអនុវត្តវិធានការអប់រំ ផ្សព្វផ្សាយពីបញ្ហានេះឱ្យបានទូលំទូលាយ។ ក្នុងនោះ ត្រូវរួមគ្នា ទប់ស្កាត់ការកាប់ឆ្ការ ទន្ទ្រាន ឈូសឆាយ ដុតព្រៃឈើ និងព្រៃលិចទឹក ដើម្បីយកដីខុសច្បាប់ ឬ ក្នុងគោលបំណងផ្សេងៗទៀត ដែលជាសកម្មភាព ល្មើសច្បាប់ និងបង្កឱ្យមានភ្លើងឆេះព្រៃ និងរាលដាលរហូតដល់ភូមិកររបស់ប្រជាពលរដ្ឋ តំបន់រដ្ឋបាលសាធារណៈ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

លោកបានលើកឡើងដូច្នេះថា៖«ប្រសិនបើមានករណីភ្លើងឆេះព្រៃ ជារៀងរាល់ឆ្នាំ វាបង្កឱ្យមានបញ្ហាដល់ការបាត់បង់ធនធានព្រៃឈើ ព្រៃលិចទឹក និងធនធានធម្មជាតិក្នុង តំបន់ការពារធម្មជាតិ ដែលអាចបង្កឱ្យមាន​ការខូចខាតផ្នែកសេដ្ឋកិច្ច ធនធានធម្មជាតិ និងបរិស្ថាន»៕