រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ លោក ហួត ហាក់ បង្ហាញ​ពី​ទិសដៅ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ការងារ​អាទិភាព​របស់​កម្ពុជា​ក៏​ដូចជា​ក្រសួង​ទេសចរណ៍​ទៅ​ដល់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ​ដឹកនាំ​ដោយ លោក​ អ៊ុន វិសិទ្ធគុន ប្រធាន​ប្តូរ​វេន​នៃ​ឧត្តម​ក្រុមប្រឹក្សា។

ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ​កន្លង​ទៅ​ លោក​រដ្ឋមន្ត្រី​ទេសចរណ៍​បាន​បង្ហាញ​អំពី​ទិសដៅ​ការងារ​អាទិភាព​មួយ​ចំនួន​ដូចជា ការ​អនុវត្ត​គោលការណ៍​គ្រឹះ «ទេសចរណ៍​ផ្សារ​ភ្ជាប់​នឹង​ទឹកដី» ការ​រក្សា​ឧត្តមភាព​ប្រកួត​ប្រជែង​ខ្ពស់​ជាង​មុន​របស់​វិស័យ​ទេសចរណ៍​កម្ពុជា​ និង​រក្សា​កេរ្តិ៍​ឈ្មោះ​កម្ពុជា ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព ផ្តល់​ភាព​កក់​ក្តៅ ស្អាត និង​បៃតង ដោយ​រក្សា​ភាព​ជា​ខ្មែរ។ នេះ​បើ​តាម​ក្រសួង​ទេសចរណ៍។

លោក​បាន​លើក​ឡើង​ពី ​ការងារ​អាទិភាព​ចំនួន ៥ ដែល​ក្រសួង​និង​ស្ថាប័ន​ពាក់​ព័ន្ធ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នា​ពេល​ខាង​មុខ រួម​មាន​ការ​ទាញ​ប្រយោជន៍​ឱ្យ​អស់​សក្ដានុពល​ពី​គោលដៅ​ទេសចរណ៍​ដែល​មាន​ស្រាប់​ដោយ​ឈរ​លើ​គោលការណ៍​អភិរក្ស, អភិវឌ្ឍ និង​រក្សា​ចីរភាព ការ​ធ្វើ​ពិពិធកម្ម​ផលិតផល​ទេសចរណ៍​ប្រកប​ដោយ​គុណភាព និង​ការ​បើក​ចំហ​ទីផ្សារ​ទេសចរណ៍​កម្ពុជា ​ទៅ​កាន់​ពិភព​លោក និង​ការ​នាំ​ពិភព​លោក​មក​កម្ពុជា ​នៅ​គ្រប់​រដូវ​កាល ដែល​រួម​មាន​ high season, green season។

លោក​ក៏​បាន​អំពី​សសរស្ដម្ភ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​វិស័យ​ទេសចរណ៍ ដែល​ជា​វិស័យ​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​រដ្ឋ​និង​ឯកជន ទាំង​ថ្នាក់​ជាតិ និង​ក្រោម​ជាតិ និង​កិច្ច​ប្រតិបត្តិការ​អន្តរជាតិ ដោយ​ឈរ​លើ​អភិក្រម «ជវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ»។

ក្នុង​ជំនួប​ដែល​មាន​តំណាង​គណបក្ស​នយោបាយ​ទាំង​អស់​ និង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​សរុប​២៥០​នាក់ លោក ហួត ហាក់ លើក​ទឹក​ចិត្ត​ឲ្យ​មនុស្ស​គ្រប់​គ្នា​ជួយ​ផ្សព្វផ្សាយ​ទិសដៅ​ទេសចរណ៍​កម្ពុជា ដែល​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​តំបន់​អាស៊ី ដែល​មាន​ប្រាង្គ​ប្រាសាទ​ជាង ១០០០​កន្លែង មាន​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាច្រើន​ដែល​ទទួល​ស្គាល់​ដោយ​អង្គការ ​UNESCO និង​ជាគោល​ដៅ​ទេសចរណ៍​ដ៏​ទាក់​ទាញ។

ពាក់​ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ដែរ រដ្ឋមន្ត្រី​ទេសចរណ៍​ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក Sardar Umar Alam តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ដោយ​ការ​ពិភាក្សា​ផ្ដោត​ទៅ​លើ​កិច្ច​សហការ​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​​ផ្សារ​ភ្ជាប់​ជាមួយ​ប្រាង្គ​ប្រាសាទ, ការ​​អភិវឌ្ឍ​ដោយ​ផ្សារ​ភ្ជាប់​គ្នា​រវាង​ធម្មជាតិ ​បេតិកភណ្ឌ ​តំបន់​ធម្មជាតិ និង​​ទីក្រុង​ច្នៃប្រឌិត​ផ្សេងៗ​ទៀត។

លោក​ក៏​បាន​ជួប​ជាមួយ​ភារធារី​ស្ថានទូត​អាមេរិក​លោក​ស្រី​ Bridgette Walker ដែល​ជំនួប​នៅ​ថ្ងៃ​ទី៤ ខែ​កុម្ភៈ​នេះ​ផ្ដោត​ទៅ​លើ​កិច្ច​ការ​សម្រប​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន និង​ភ្ញៀវ​ទេសចរ​អាមេរិក​មក​កម្ពុជា។

រដ្ឋមន្ត្រី​ទេសចរណ៍​​ជួប​ជាមួយ​ភារធារី​ស្ថានទូត​អាមេរិក​លោក​ស្រី​ Bridgette Walker កាល​ពី​ថ្ងៃ​ទី៤ ខែ​កុម្ភៈ។ ក្រសួង​ទេសចរណ៍

ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃ​ទី៦ ខែ​កុម្ភៈ​នេះ​ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក ដោយ​បញ្ជាក់​ថា កិច្ច​ពិភាក្សា​បាន​ផ្ដោត​ទៅ​លើ​ការ​ខិតខំ​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ការ​ពង្រីក​វត្តមាន​នៃ​ក្រុមហ៊ុន​ផ្នែក​បដិសណ្ឋារកិច្ច​របស់​អាមេរិក​នៅ​កម្ពុជា និង​ការ​បន្ត​កិច្ចសហ​ប្រតិបត្តិការ​ក្នុង​ការ​អភិរក្ស​វប្បធម៌ ដើម្បី​ទាក់​ទាញ​អ្នក​ធ្វើ​ដំណើរ​សហរដ្ឋ​អាមេរិក​ច្រើន​បន្ថែម​ទៀត។

ស្ថានទូត​បញ្ជាក់​ថា៖ «យើង​មាន​មោទនភាព​ដែល​ជនជាតិ​អាមេរិក​បាន​ឈរ​លេង​រៀង​ទី១ ក្នុង​ចំណោម​ជនបរទេស​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត»៕