តាកែវៈ ចំនួនម៉ាស៊ីនបូមទឹកបញ្ជូលស្រែរបស់ប្រជាកសិករក្នុងស្រុកបាទីបានថយចុះពីប្រមាណជាង ២ពាន់គ្រឿង មកនៅត្រឹមប្រហែល៥០គ្រឿងប៉ុណ្ណោះនាពេលបច្ចុប្បន្ននេះ បន្ទាប់ពីស្ថាប័នពាក់ព័ន្ធបានចាប់ផ្តើមបញ្ជូលទឹកសង្រ្គោះស្រូវជាង៤ពាក់ហិកតាចាប់តាំងពីខែមករាមក។ នេះបើយោងតាមក្រសួងធនធានទឹក។ 

វិធានការបន្ទាន់នេះ កំពុងតែសង្រ្គោះស្រូវប្រាំងបានប្រមាណ៩៥ភាគរយហើយ នៃស្រូវខ្វះទឹកជាង៤ពាន់ហិកតា ក្រោយ​​ពីក្រុមប្រជាកសិករនាំគ្នាបិទផ្លូវជាតិលេខ២កាលពីថ្ងៃទី២១ ខែកមរាកន្លងមកក្នុងស្រុកបាទី ដើម្បីរកដំណោះស្រាយបញ្ហាខ្វះទឹក។ 

នៅថ្ងៃដដែលនោះ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅជួបពលរដ្ឋ ដោយបានសម្រេចបូមទឹកពីទន្លេបាទី និងស្ទឹងព្រែកត្នោតសង្រ្កោះស្រូវទាំងនោះ។ 
 
រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោកថោ ជេដ្ឋា នាថ្ងៃទី៥ ខែកុម្ភៈនេះ បានចុះពិនិត្យវឌ្ឍនភាពការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករនៅតាមប្រឡាយមេហនុមាន ស្ថិតក្នុងស្រុកបាទី និងស្រុកសំរោង។

សកម្មភាពបូមទឹកបញ្ចូលស្រែរបស់ប្រជាកសិករ នៅតាមបណ្តោយប្រឡាយមេហនុមាន ចាប់ពីស្ថានីយបូមទឹកហ៊ុនសែនទី២២ និងទី២៣នៅចំណុចទន្លេបាទី ស្ថិតក្នុងស្រុកបាទី រហូតដល់ចុងប្រឡាយ ក្នុងស្រុកសំរោង នោះគឺមានប្រវែងសរុបប្រមាណជាង ៣០គីឡូម៉ែត្រ។ 

ស្ថានភាពទឹកជាទូទៅនៅក្នុងអាងទន្លេបាទីមានកម្ពស់ខ្ពស់ ដែលអាចបម្រើឱ្យការស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃបានគ្រប់គ្រាន់។

លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«ដោយឡែកការងារអន្តរាគមន៍បូមទឹក ដើម្បីជួយសង្រ្គោះស្រូវប្រាំងប្រមាណជាង ៤ពាន់ហិកតា សម្រេចបានប្រមាណ ៩៥ភាគរយ ខណៈការបូមទឹកបញ្ចូលស្រែរបស់ប្រជាកសិករនៅក្នុងស្រុកបាទី មានសភាពធូរស្រាល ដោយចំនួនម៉ាស៊ីនបូមទឹកបានថយចុះពីប្រមាណជាង ២ពាន់គ្រឿង មកនៅត្រឹមប្រមាណ ៥០គ្រឿងប៉ុណ្ណោះ»។ 

លោករដ្ឋមន្ត្រីក៏បានឱ្យដឹងដែរថា ទឹកបានបញ្ជូនទៅដល់ចុងប្រឡាយក្នុងស្រុកសំរោង ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំងប្រមាណ ៣២០ហិកតា។ 

ប៉ុន្តែទឹកក្នុងប្រឡាយនៅមានកម្រិតទាបនៅឡើយ ហេតុនេះ អាជ្ញាធរបានណែនាំដល់ប្រជាពលរដ្ឋកុំទាន់បូមទឹកបញ្ចូលស្រែ ដោយត្រូវរង់ចាំរយៈពេល២ទៅ៣ថ្ងៃខាងមុខទៀត ដើម្បីឱ្យទឹកហូរមកបំពេញប្រឡាយសិន។ 

លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានធារាសាស្ត្រកសិកម្ម ធ្វើការសិក្សានៅទីតាំងខាងចុងប្រឡាយមេហនុមាន ដើម្បីសាងសង់ទ្វារទឹកសម្រាប់បិទទឹករក្សាទុកប្រើប្រាស់ក្នុងស្រុកបាទី និងបើកទឹក បញ្ជូនទៅប្រើប្រាស់ក្នុងស្រុកសំរោង និងស្រុកព្រៃកប្បាសផងដែរ។ 

នាយកដ្ឋានធារាសាស្ត្រកសិកម្ម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តក៏ត្រូវបានណែនាំឱ្យធ្វើការផ្សព្វ​ផ្សាយដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃ។ ជាពិសេស អាជ្ញាធរមូលដ្ឋាន ត្រូវជួយជម្រាបដល់ប្រជាកសិករកុំឱ្យធ្វើស្រែប្រាំងជាលើកទី ២ទៀត ដើម្បីរក្សាទឹកទុកសម្រាប់បម្រើឱ្យការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងពេលចុះជួបពលរដ្ឋកាលពីខែមករានោះ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានណែនាំដល់ប្រជាកសិករ កុំទាន់បូមទឹកដាក់ស្រែភ្លាម គឺរង់ចាំដល់៧ថ្ងៃ ដើម្បីឱ្យទឹកស្តុកក្នុងប្រឡាយគ្រប់គ្រាន់សិន។ 

ការចាប់ផ្តើមបូមបញ្ចូលស្រែនោះ ក៏ត្រូវធ្វើឡើងព្រមគ្នាផងដែរ ដើម្បី​កុំឱ្យមានទំនាស់គ្នាដោយសារតែការដណ្តើមគ្នាបូមទឹក។ 

លោកទេសរដ្ឋមន្ត្រីក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យជួយមើលថែម៉ាស៊ីនបូមទឹក ដែលផ្តល់ដោយរដ្ឋាភិបាលកុំឱ្យបាត់បង់ ហើយជួយ កាយប្រឡាយឱ្យបានជ្រៅបន្ថែមទៀត ដើម្បីស្តុកទឹកបានច្រើន។ 

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថា ស្រូវស្រែប្រាំងជាង៦ម៉ឺនហិកតា ក្នុងចំណោម៩ម៉ឺនហិកតា ដែលខ្វះទឹកក្នុងខេត្តចំនួន១៤ ត្រូវបានសង្រ្គោះ៕