កំពង់ចាមៈ ព្រះចៅអធិការ និងគណៈកម្មការ វត្តបទុមរតនដីដុះ ក្នុងក្រុងកំពង់ចាមបានបំភ្លឺថា ការជាវឈើយកទៅធ្វើទ្វារ បង្អួចសាលាឆាន់វត្ត ពុំបានតាំងចិត្តគាំទ្រដល់ការកាប់បំផ្លាញធនធានធម្មជាតិនោះឡើយ ហើយឈើមានបរិមាណលើសពីការស្នើសុំតែប្រហែលជា៤ម៉ែត្រគូបតែប៉ុណ្ណោះ ដែលពុំឆ្លៀតឱកាសធ្វើជំ​នួញ​ឈើឡើយ។

ការភ្លឺនេះធ្វើឡើងកាលពីថ្ងៃពុធ ទី ៥​ ខែកុម្ភៈនេះ ក្រោយពេលដែលមន្រ្តីកងរាជអាវុធហត្ថក្នុងខេត្តព្រះវិហារបានឃាត់រថយន្តធុនធំដឹកឈើវត្តមួយគ្រឿងយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើជ័យសែន ដោយសង្ស័យថា ការដឹកជញ្ចូននោះមិនលិខិតអនុញ្ញាតតាមផ្លូវច្បាប់ ហើយមានការដឹកលើសពីការស្នើសុំ។ ទោះយ៉ាងណា រថយន្តនោះ ត្រូវបានថ្នាក់ដឹកនាំខេត្ត និងក្រសួងពាក់ព័ន្ធនានាអន្តរាគមន៍ ធ្វើការដោះលែងទៅវិញកាលពីថ្ងៃទី៤ ខែកុម្ភៈ។ 

លោកតាន់ គឹមសួរ ប្រធាន សមាគមយុវជនស្រលាញ់ធម្មជាតិ ដែលបានចូលរួមសហការជាមួយនឹងមន្រ្តីមូលដ្ឋានក្នុងការបង្រ្កាបនេះ រួមនឹងមន្រ្តីរដ្ឋបាលព្រៃឈើបានរកឃើញថា ការដឹកជញ្ជូននេះមិនមានការអ​នុញ្ញាត​តាមផ្លូវច្បាប់ពីថ្នាក់គ្រប់គ្រងខេត្តព្រះវិហារ។ លើសពីនោះ បរិមាណឈើក្នុងរថយន្តធុនធំនោះគឺលើសពីជាង១២ម៉ែត្រគូប ដែលវត្តបានស្នើសុំ។​ 

ម្យ៉ាងវិញទៀត ឈើនោះ គឺមានប្រភពមកពីឈើខុសច្បាប់ ដែលពលរដ្ឋចូលព្រៃកាប់។ ហេតុនេះការជាវឈើនេះ គឺដូចជាការលើកទឹកចិត្តឱ្យមានបទល្មើសបំផ្លាញធនធានធម្មជាតិដូច្នេះដែរ។  

លោកគឹមសួរក៏បានលើកឡើងផងដែរថា ជំនួសឱ្យការចុះទៅជាវឈើដោយផ្ទាល់ពីប្រភពឈើមិនស្របច្បាប់ ព្រះសង្ឃគួរតែធ្វើសំណើសុំឈើ ដែលក្រសួងបរិស្ថាន ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរឹបអូសពីបទល្មើស យកទៅកសាងវត្តវិញ។ 

ទោះយ៉ាងណា សេចក្តីបំភ្លឺបានសរសេរថា៖«អាត្មាភាព យើងខ្ញុំ ពិតជាបានយល់ពីជម្រៅដួងចិត្តរបស់សាធារណជនទាំងអស់ ដែលបានសម្តែងនូវ ការស្រឡាញ់ការពារធនធានធម្មជាតិ ដែលអាត្មាភាព យើងខ្ញុំសូមគោរពកោតសរសើរ។ ចំពោះការស្នើសុំជាវឈើ យកមកបំពេញសេចក្តីត្រូវការក្នុងការសាងសង់ឧបដ្ឋានសាលា នៅក្នុងវត្តនាពេលនេះ គឺជាតម្រូវការចាំបាច់ក្នុង ការប្រើប្រាស់ឈើនៅផ្នែកខ្លះប៉ុណ្ណោះ គឺពុំបានតាំងចិត្តគាំទ្រការកាប់បំផ្លាញធនធានធម្មជាតិឡើយ»។

សាលាឆាន់ ដែលកំពុងតែសាងសង់ក្នុងវត្តបទុមរតនដីដុះ ក្នុងក្រុងកំពង់ចាម។ រូបថត Gnor Savy

ព្រះតេជគុណ ញ៉ សាវី ព្រះចៅអធិការ វត្តបទុមរតនដីដុះក៏ពន្យល់ផងដែរថា ការស្នើសុំឈើ ដែលបង្ក្រាបយកទៅកសាងវត្ត ជំនួសឱ្យការជាវផ្ទាល់នោះ គឺ តម្រូវឱ្យធ្វើការសុំច្បាប់វែងឆ្ងាយពីអាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ ហើយព្រះអង្គ ក៏ដូចជា អាចារ្យ និងគណៈកម្មការវត្ត ក៏មិនចង់រំខានលើករណីនេះ ទើបស្នើ សុំជាវតែម្តង។

សេចក្តីបំភ្លឺក៏បានឱ្យដឹងដែរថា​បរិមាណឈើ បានជាវពីខេត្តព្រះវិហារមកនោះ គឺជាក់ស្តែងប្រហែល ១៦ ទៅ ១៧ ម៉ែត្រគូបប៉ុណ្ណោះ ដែលបរិមាណលើសពីចំនួនស្នើសុំ។ ចំនួនដែលលើសនេះគឺ ដោយសារតែបរិមាណដែលបានស្នើសុំក្នុងលិខិតនោះ គឺបានគិតគូជាប្រភេទសន្លឹកឈើសម្រេច តែនៅពេលជាវជាក់ស្តែង គឺជាឈើមូល ដែលអាចនឹងមានការខូចខាតខ្លះនៅពេលអារច្រៀក។ ដូច្នេះក៏បានស្នើសុំជាវបន្ថែមខ្លះ។ ម្យ៉ាងវិញទៀត អ្នកលក់ឈើក៏បានប្រគេនលើសបន្ថែមខ្លះដល់វត្តសម្រាប់កសាងផងដែរ។ 

ព្រះអង្គបានបញ្ជាក់ក្នុងសេចក្តីបំភ្លឺថា៖«យ៉ាងណាក៏ដោយ ឈើដែលបានជាវទាំងអស់នេះ គឺប្រើប្រាស់សម្រាប់តែសំណង់ឧបដ្ឋានសាលាក្នុងវត្ត ជាគុណប្រយោជន៍សម្រាប់ព្រះពុទ្ធសាសនា ពុំមានការឆ្លៀតឱកាសធ្វើជំនួញឈើឡើយ។ កន្លងមកអាត្មាភាព យើងខ្ញុំ ក៏ដូចជាព្រះចៅអធិការ អាចារ្យ គណកម្មការវត្តជំនាន់មុនៗ ពុំដែលបាន ជាវឈើពីខេត្តព្រះវិហារ ឬខេត្តផ្សេងទៀតមកធ្វើការសាងសង់សំណង់ក្នុងវត្តឡើយ»។

ព្រះអង្គបានចម្រើនពរ ស្នើសុំការយោគយល់ពីសាធារណជន និងលោកគឹមសួរ និងស្នើសុំមេត្តាបញ្ឈប់ការផ្សព្វផ្សាយ ឬវែកញែកករណីនេះ ដើម្បីកុំឱ្យមានការប៉ះពាល់ដល់ព្រះពុទ្ធសាសនាជាទី សក្ការៈរបស់ប្រទេសជាតិ និងប្រជាជនទាំងអស់។

លោកគឹមសួរក៏បានបង្ហោះសេចក្តីបំភ្លឺនេះ នៅលើបណ្តាញសង្គមរបស់លោកផងដែរ ដោយមិនមានការបញ្ចេញយោបល់អ្វីនោះទេទៀតដែរ នៅថ្ងៃទី ៦ ខែកុម្ភៈនេះ៕