ភ្នំពេញ៖ ប្រាសាទអង្គរវត្ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កំពុង​ប្រឈមមុខ​នឹងភាព​តានតឹង​​​រវាង​ស្វា និង​​មនុស្ស​។​

​របាយការណ៍​ថ្មីៗ​បង្ហាញថា ការកើនឡើង​នៃ​ហ្វូង​ស្វា​ដ៏​​គឃ្លើន​បាន​បង្កឱ្យមានក្ដីកង្វល់​​ក្នុងចំណោម​ភ្ញៀវទេសចរ ក្រុម​អភិរក្ស និង​អាជ្ញាធរ​មូលដ្ឋាន​។​
​ដើមចម​​នៃ​ភាពចម្រូងចម្រាស​គឺ​ការផ្តល់​ចំណីបែប​លលេង​ជាមួយ​​សត្វ​ស្វា​ព្រៃពី​សំណាក់​ភ្ញៀវ​ទេសចរ និង​ការ​បៀតបៀន​ដោយ​ចេតនា​លើស​ត្វ​ទាំងនេះ​របស់​ក្រុម​អ្នក​បង្កើត​មាតិកា​វីដេអូ​​​ផ្សព្វផ្សាយលើ​បណ្ដាញ​​សង្គម​។​

​យោងតាម​អង្គការ Action for Primates ​ជា​ក្រុម​តស៊ូ​មតិ​ដែលមាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​សម្រាប់​សត្វ​ស្វា​ បាន​ឱ្យដឹងថា​ អាកប្បកិរិយា​ទាំងនេះ​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​នូវ​សភាវគតិ​ធម្មជាតិ​របស់​សត្វ​ស្វា ដោយ​ធ្វើឱ្យ​ពួកវា​កាន់តែកម្រោល​ និង​ពឹង​ផ្អែកលើ​អន្តរ​កម្ម​របស់​មនុស្ស​។​

​អ្នកនាំពាក្យ​របស់ Action for Primates បាន​និយាយថា៖ «​​ការផ្តល់​ចំណីបែប​លលេង​ជាមួយ​​សត្វ​ស្វា​​ រួម​ទាំង​ការរំខាន​​ដោយ​ចេតនា និង​ការយាយី​ពី​សំណាក់​ក្រុម​អ្នកបង្កើត​មាតិកា​ស្វែងរក​ចំណូល​ពី​បណ្ដាញសង្គមត្រូវតែ​បញ្ឈប់»។​

​ក្រុម​អង្គការ​ការពារ​សត្វ​មួយចំនួន ​រួមមាន Action for Primates, Lady Freethinker, និង Stop Monkey Abuse Asia បាន​ជំរុញ​អាជ្ញាធរ​កម្ពុជា​ម្តង​ហើយ​ម្តងទៀតឱ្យ​​ចាត់វិធានការ​បន្ទាន់​។​

អ្នក​តំណាង​ក្រុម​អង្គការ​សិទ្ធិ​សត្វ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​អ៊ីមែល​ថា​៖ «​យើង​បានបង្ហាញ​ភ័ស្តុតាង​​សត្វ​ស្វា​ដែល​ត្រូវបាន​បង្ឃាំង​ជា សត្វ​ចិញ្ចឹម នៅក្នុង​គ្រួសារ​ហើយ​បន្ទាប់មក​ត្រូវបាន​គេបោះបង់​ចោល​ដើម្បី​បង្កើតជាសាច់រឿង​សម្រាប់​មាតិកា​អន​ឡាញ​»។

​អាជ្ញាធរ​បានទទួល​ស្គាល់​បញ្ហា​នេះ ដោយ​អាជ្ញាធរ​ជាតិ​អប្សរា (ANA) បានចេញ​សេចក្តីជូនដំណឹង​ជា​សាធារណៈ​អំពី​ការកើនឡើង​នៃ​ចំនួន​សត្វ​ស្វា​ដែល​ឈ្លានពាន​នៅក្នុង​ឧទ្យាន​បុរាណវិទ្យា​អង្គរ​។​

អាជ្ញាធរ​ជាតិ​អប្សរា បាន​ទទូច​ដល់​សាធារណជន ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ប្រតិបត្តិ​ករ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ទាំងអស់ ​​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​នេះ ក៏ដូចជា​ណែនាំ និង​បញ្ឈប់​នូវ​សកម្មភាព​ណាមួយ​ដែល​អាច​នាំមក​នូវ​បញ្ហា​បង្កឡើង​ដោយ​សត្វ​ស្វា​ជាយថាហេតុ​។

លោក ឡុង កុសល អ្នក​នាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងថា​ មហាជន​រួមទាំង​ភ្ញៀវ​ទេសចរ​រមែង​រង​នូវ​ការ​វាយ​ប្រហារ​ពី​សំណាក់​ពពួក​សត្វ​ស្វា​។
លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​វាមិនមានតួលេខ​ជាក់​លាក់​នោះទេ ដោយ​អ្នក​ខ្លះ​ត្រូវ​ស្វា​ធ្វើ​ឱ្យ​របួស​រលាត់​ស្បែក​ និង​ដណ្ដើម​ចំណី​ជាដើម​»។

លោក​បាន​បន្ថែមថា អ្នក​ជំនាញ​កំពុងតែ​រិះរក​វិធីល្អ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ ដើម្បីបញ្ចៀស​ពី​ផលប៉ះពាល់​ដល់​ភ្ញៀវផង​ និង​មិន​រង​ការ​រិះគន់​ចំពោះ​ការ​ជញ្ជូន​សត្វ​ទៅ​កន្លែង​ផ្សេង​ផង៕