ក្នុង​ឆ្នាំ​២០២៥​នេះ សីតុណ្ហភាព​មធ្យម​អប្បបរមា និង​មធ្យម​អតិបរមា​នឹង​ទាប​ជាង​ឆ្នាំ​២០២៤ ហើយ​សីតុណ្ហភាព​មធ្យម​ទូទាំង​ប្រទេស​ចន្លោះ​ពី​អប្បបរមា ២០°C និង​មធ្យម​អតិបរមា ៣៧°C ចាប់​ពី​ខែកុម្ភៈ​ដល់​ដើម​ខែ​មីនា​ ដែល​ត្រជាក់​ជាង​ឆ្នាំ​២០២៤។

ស្ថានភាព​មិនសូវ​ក្ដៅ​ដូច​ឆ្នាំ​២០២៤ នេះ​ក៏​ដោយសារ​តែ ចាប់​ពី​ខែ​កុម្ភៈ ដល់​ខែ​ឧសភា បាតុភូត​ឡានីញ៉ា​នឹង​ថយ​ចុះ​មក​ត្រឹម ៣០-៥០​ភាគរយ ដោយ​ជំនួស​មក​វិញ​នូវ​បាតុភូត​អែនសូ (ENSO-Neutral) ដែល​បាន​កើន​ឡើង​៧០​ភាគរយ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ស្ដី​ពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី២ សម្រាប់​រដូវ​ប្រាំង ចាប់​ពី​ខែ​កុម្ភៈ ដល់​ដើម​រដូវវស្សា ខែ​ឧសភា ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​នេះ។

ដោយសារ​តែ​វា​ជា​រដូវ​ប្រាំង ក្រសួង​បញ្ជាក់​ថា នឹង​មាន​ភ្លៀង​ពី​តិច​ទៅ​មធ្យម ដែល​អាច​បណ្តាល​ឱ្យ​មាន​ការ​ខ្វះខាត​ទឹក​ប្រើ​ប្រាស់​នៅ​បណ្តា​ខេត្ត​ភាគ​ខាង​ជើង និង​ជុំវិញ​បឹង​ទន្លេសាប ដែល​រួម​មាន​ ខេត្ត​បន្ទាយ​មានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។ ប៉ុន្តែ នៅ​តំបន់​មាត់​សមុទ្រ បរិមាណ​ទឹក​ភ្លៀង​អាច​មាន​កម្រិត​ខ្ពស់​ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ។

ក្រសួង​ព្យាករ​ថា រដូវ​វស្សា​អាច​នឹង​ចាប់​ផ្តើម​នៅ​ក្នុង​សប្តាហ៍​ទី២ នៃ​ខែ​ឧសភា ដែល​លឿន​ជាង​ឆ្នាំ​២០២៤ ហើយ​កម្ពស់​ទឹក​ភ្លៀង​អាច​ខ្ពស់​ជាង​មធ្យម​ភាគ​ច្រើន​ឆ្នាំ និង​មាន​បាតុភូតផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​អាច​កើត​ឡើង​ច្រើន។

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​បន្ថែម​ថា៖ «ក្រសួងធនធានទឹក ​និង​ឧតុនិយម ​លើក​ទឹកចិត្ត​ឲ្យ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ ចូលរួម​សហការ​ប្រើ​ប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ​កម្រិត​ខ្ពស់​នៅ​ខែ​កុម្ភៈ និង​ខែ​មីនា​ខាង​មុខ​នេះ ជាពិសេស​តំបន់​ជនបទ​ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​ប្រភព​ទឹក»៕