ខណៈ​ដែល​ជំនួយ​សម្រាប់​ការ​បោស​សម្អាត​មីន​ដែល​បាន​ពី​សហរដ្ឋ​អាមេរិក​តាមរយៈ USAID ត្រូវ​បាន​ផ្អាក​ រដ្ឋាភិបាល​ចិន​បាន​បន្ត​​ផ្ដល់​ជំនួយ​សម្រាប់​ការ​បោស​សម្អាត​មីន​ក្នុង​ទឹក​ប្រាក់ ៤,៤​លាន​ដុល្លារ នៅ​ក្នុង​គម្រោង​ជំនួយ​ចិន​លុប​បំបាត់​គ្រាប់​មីន​នៅ​កម្ពុជា។

លោក​ ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា ឬ ស៊ីម៉ាក់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៥ ខែ​មករា​នេះ​ថា ជំនួយ​ឥត​សំណង​នេះ​គឺ​សម្រាប់​រយៈ​ពេល ១ ឆ្នាំ ដែល​ចាប់​អនុវត្ត​ចាប់​ពី​ខែ​មីនា​ខាង​មុខ​នេះ រហូត​ដល់​ខែ​កុម្ភៈ​ឆ្នាំ​២០២៦។

ជំនួយ​នេះ​គាំទ្រ​ដល់​ប្រតិបត្តិការ​សម្អាត​មីន​នៅ​ក្នុង​ខេត្ត​ចំនួន ៧ រួមមាន ខេត្ត​កំពង់ធំ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និង​ខេត្តក្រចេះ និង​នៅ​មណ្ឌល​សុនខ​ស្ថិត​នៅ​ខេត្ត​កំពង់​ឆ្នាំង។

តាម​រយៈ​ជំនួយ​នេះ អ្នក​ជំនាញ​បច្ចេកទេស​ជាង ៤០០នាក់​របស់​ស៊ីម៉ាក់​នឹង​បោស​សម្អាត​ផ្ទៃ​ដី​ដែល​មានប​ញ្ហា​គ្រាប់មីន និង​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សង្គ្រាម ​ចំនួន​ជាង ៣.៤០០ ហិកតា  ការស្រាវជ្រាវ​ព័ត៌មាន​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សង្ក្រាម​និង​គ្រាប់​បែក​ចង្កោម តាម​ខេត្ត​គោលដៅ​ ពង្រឹង​សមត្ថភាព​វិទ្យាស្ថាន​បច្ចេកទេស​សុនខ ក៏​ដូចជា​ ការ​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន។

បើ​តាម​លោក ហេង រតនា ជំនួយ​របស់​ចិន​ខាង​លើ​នេះ​ជា​ការ​ផ្ដល់​នៅ​ក្នុង​ឆ្នាំ​ទី​៣ ដំណាក់​កាល​​ទី៣ នៃ​​គម្រោង​ជំនួយ​ចិន​លុប​បំបាត់​គ្រាប់​មីន​នៅ​កម្ពុជា​ ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​ឆ្នាំ​២០២៣ និង​បញ្ចប់​នៅ​ឆ្នាំ​២០២៦ ក្នុង​ថវិកា​សរុប ១៣,២​លាន​ដុល្លារ។

កាល​ពី​ខែ​តុលា​ឆ្នាំមុន សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ផ្ដល់​ជំនួយ​ជាង ១០​លាន​ដុល្លារ​ សម្រាប់​ការ​បោស​សម្អាត​មីន​ ប៉ុន្តែ​ជំនួយ​ទាំង​នេះ​ត្រូវ​បាន​ផ្អាក​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គលិក​ដោះ​មីន​ជាង ១០០០​នាក់។

ជំនួយ​នេះ​ទំនង​ជា​មិន​អាច​បន្ត​ឡើង​វិញ​ទេ ដោយសារ​ថា ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់​ ត្រាំ កាល​ពី​ថ្ងៃ​ទី៤ ខែកុម្ភៈ​នេះ បាន​បន្ត​ដាក់​សម្ពាធ​ USAID ដោយ​តម្រូវ​ឲ្យ​ដក​បុគ្គលិក​របស់​ទីភ្នាក់ងារ​នេះ​ពី​ស្ទើរ​តែ​ទាំង​អស់ ខណៈ​ដែល​ទីភ្នាក់ងារ​នេះ​ប្រឈម​នឹង​ការ​បិទ ឬ ត្រូវ​កែ​សម្រួល​រចនា​សម្ព័ន្ធ​ឡើង​វិញ៕