បាត់ដំបង៖ នគរបាលខេត្តបាត់ដំបងបានព្រមានពីគ្រោះអគ្គិភ័យក្នុងរដូវក្តៅ ក្រោយពីឧប្បទ្ទេវហេតុនេះបានឡើងរហូតដល់ទៅ១៨លើក ដោយសម្លាប់មនុស្សយ៉ាងហោចណាស់៣នាក់ និងបំផ្លាញទ្រព្យសម្បត្តិ គិតជាទឹកប្រាក់អស់ជាង៣ម៉ឺនដុល្លារអារមេរិកនៅដើមឆ្នាំនេះ។ ពេញ១ឆ្នាំ២០២៤ មានតែមនុស្សម្នាក់ប៉ុណ្ណោះបានស្លាប់ ដោយសារតែគ្រោះអគ្គិភ័យ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានកត់សម្គាល់ និងជម្រាបជូនសាធារណជនថា អំឡុងពេលនេះ គឺជារដូវប្រាំង ហើយស្ថានភាព អាកាសធាតុមានការប្រែប្រួលត្រជាក់ និងក្តៅ​​ខ្លាំងលាយឡំដោយខ្យល់បក់ក្នុងល្បឿនលឿន ហើយករណីគ្រោះអគ្គិភ័យកើតឡើងជាបន្តបន្ទាប់នៅ ក្នុងមូលដ្ឋានខេត្តបាត់ដំបង។

គិតចាប់ពីដើមខែមករា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី៥ ខែកុម្ភៈនេះ មានករណីអគ្គិភ័យកើតឡើងចំនួន១៨លើក។ ក្នុងនោះកើតមានក្រុងបាត់ដំបង និងស្រុកសំឡូត កើតច្រើនជាងគេ ក្នុងចំណោមស្រុកផ្សេងទៀត។

ស្នងការដ្ឋាននគរបាលខេត្តបញ្ជាក់ថា៖«ករណីអគ្គិភ័យទាំងនេះបណ្តាលឱ្យស្លាប់មនុស្សចំនួន៣នាក់ និងខូចខាតទ្រព្យសម្បត្តិលំនៅដ្ឋានសំភារៈ ផលដំណាំនិងសត្វចិញ្ចឹមមួយចំនួនសរុបការខូចខាតជាទឹកប្រាក់ប្រមាណ៣០ ២៨០ដុល្លាអាមេរិក»។

គ្រោះអគ្គិភ័យទាំងនេះកើតឡើងដោយកត្តារួមផ្សំជាច្រើន ដូចជា៖​ ការឆ្លងចរន្តអគ្គិសនី ការកត្តាមនុស្ស ការធ្វេសប្រហែសដោយម្ចាស់ទីតាំង ឬលំនៅដ្ឋាន ការដុតជញ្ជ្រាំងនៅតាមវាលស្រែ ការបោះចោលនូវភ្លើង ឬពន្លត់មិនអស់ពីអ្នកដើរព្រៃរុករកសត្វ យកឃ្មុំ និងកត្តាផ្សេងទៀត។ល។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានអំពាវនាវប្រជាពល​រដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យនេះ បន្ទាប់ពីសង្កេតឃើញស្ថានភាពគ្រោះថ្នាក់នេះ និងដើម្បីកាត់បន្ថយ បង្ការទប់ស្កាត់ករណីអគ្គិភ័យក្នុងមូលដ្ឋាន។

លោកឧត្តមសេនីយ៍ទោ សូមឱ្យសាធារណជនចូលរួមអនុវត្តនូវវិធានការមួយចំនួន ដើម្បីកាត់បន្ថយ បង្ការទប់ស្កាត់ករណីអគ្គិភ័យ គឺត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលចំពោះដើមចម ដែលអាចបង្កើតឱ្យមានគ្រោះថ្នាក់អគ្គិភ័យ ដូចជាភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូប-ទៀន ការដុតសំរាម ដុតព្រៃ ចំការ វាលស្រែ ការបោះចោល កន្ទុយបារីផ្ដេសផ្ដាស ការតភ្ជាប់ ឬប្រើចរន្ដអគ្គិសនី មិនស្របតាមលក្ខណៈបច្ចេកទេស ការទុកដាក់ ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះជាដើម។

ក្រៅពីនោះ ប្រជាពលរដ្ឋគប្បី ត្រៀមបម្រុងនូវសម្ភារៈមួយចំនួន ដែលអាចសម្រួល ឬអន្តរាគមន៍បន្ទាន់ក្នុងពេល​មាន គ្រោះអគ្គិភ័យកើតឡើងក្នុងទ្រង់ទ្រាយតូចតាចដូចជា បំពង់ពន្លត់អគ្គិភ័យ ប្រភពទឹកដែលនៅជិតទុយោបាញ់ទឹក ឈើវែងៗ ដែលភ្ជាប់ដោយទំពក់ សម្រាប់ថ្ពក់ទាញ កាត់ផ្តាច់ការឆ្លងឬឆាបឆេះ។

ចំពោះ មន្រ្តីនគរបាលនៅមូលដ្ឋានវិញ គឺ ត្រូវសហការជាមួយអាជ្ញាធរ យកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់បណ្ដាញអគ្គិសនី និងផ្លូវសាធារណៈនៅតំបន់ងាយរងគ្រោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការចុះអន្ដរាគមន៍សង្គ្រោះដោយរថយន្តបានទាន់ពេលវេលា។

បន្ថែមពីនោះ មន្រ្តីជំនាញ អគ្គិភ័យនៅស្នងការដ្ឋានក៏ដូចជានៅតាមបណ្តាក្រុង ស្រុក ត្រូវចុះធ្វើការផ្សព្វ​ផ្សាយណែនាំក្នុងទ្រង់ទ្រាយធំ និងសកម្មផុលផុសនៅតាមលំនៅដ្ឋានប្រជាពលរដ្ឋ ហាងលក់និងផ្ទុកទំនិញ ឃ្លាំងស្តុកទុកសម្ភារៈ ស្ថានីយ៍ប្រេង ឥន្ធនៈ ទីតាំងផ្ទុកវត្ថុដែលងាយឆាបឆេះ ឱ្យគាត់បានយល់ដឹងអំពីវិធានការបង្ការ អគ្គិភ័យ ឧបករណ៍សម្ភារៈ ប្រភពយកទឹកឱ្យបានគ្រប់គ្រាន់ បម្រើឱ្យការងារពន្លត់ និងសង្គ្រោះ ដើម្បីធានាដល់កិច្ចអន្ដរាគមន៍ឆាប់រហ័ស និងមានប្រសិទ្ធភាព។ លើសពីនេះអប់រំប្រជាពលរដ្ឋកុំឱ្យដុតជញ្ជ្រាំង និងប្រុងប្រយ័ត្នការប្រើភ្លើងនៅទីវាល។

ពេលមានគ្រោះអគ្គិភ័យកើតឡើង សូមពលរដ្ឋផ្តល់ព័ត៌មានជាបន្ទាន់ មកកាន់សមត្ថកិច្ចនគរបាលតាម គ្រប់មធ្យោបាយដែលអាចធ្វើទៅបានឬទំនាក់ទំនងតាមលេខទូរស័ព្ទដែលបានផ្សព្វផ្សាយជាប្រចាំក្នុងផេកហ្វេសប៊ុកស្នងការ​ដ្ឋាន ឬតំណរភ្ជាប់តាម QR code របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះជាមួយនេះស្រាប់។

កាលពីឆ្នាំ២០២៤កន្លងមក គ្រោះអគ្គិភ័យកើតមានចំនួន៨២៣លើក នៅក្នុង២៥រាជធានីខេត្ត ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២០នាក់បានស្លាប់ និងរបួស៥៩នាក់។ គ្រោះអគ្គិភ័យទាំងនេះ ក៏បានបំផ្លាញផ្ទះ៨៣៧ខ្នង តូបផ្សារ២៧៤ខ្នង និងឃ្លាំងទំនិញ២៤ជាដើម។ នេះបើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម)។

រាជធានីភ្នំពេញកើតមានគ្រោះអគ្គិភ័យច្រើនជាងគេ គឺរហូតដល់ទៅ១៥០លើក ដែលបានសម្លាប់ម​នុស្ស៥នាក់ និងរបួស១១នាក់។ បន្ទាប់មក គឺខេត្តបាត់ដំបង មានចំនួន៨៧លើក ដែលបានសម្លាប់មនុសុ្សម្នាក់ និងរបួស២នាក់៕