វិសាល​ភាព​នៃ​ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ត្រូវ​បាន​ពង្រីក​ជា​បន្ត​បន្ទាប់ ជា​ពិសេស​ក្នុង​រយៈ​ពេល​ ១៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​នៅ​​ត្រឹម​ដំណាច់​ឆ្នាំ ២០២៤ មាន​ភូមិជាង ១៤ ពាន់​​ដែល​មាន​បណ្តាញ​អគ្គិសនីប្រើប្រាស់​ ចំណែក ១០៥​ ភូមិ​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍបណ្តាញ​។​

របាយការណ៍​វឌ្ឍនភាព​វិស័យ​អគ្គិសនី​​កម្ពុជា ​ឱ្យ​ដឹង​ថា គិត​ត្រឹម​តែ​ធ្នូ ឆ្នាំ ២០២៤ មាន​ភូមិ​​ចំនួន ១៤ ០៤៨​ ដែល​​បានអភិវឌ្ឍ​បណ្តាញ​រួច​រាល់ ឬស្មើ​នឹង ៩៩,១៥ ភាគរយ​នៃ​ចំនួន​ភូមិសរុប​នៅ​ទូទាំងប្រទេស ចំណែក​ភូមិ​ចំនួន ១០៥ (ស្មើ​​ ០,៧៤​ភាគរយ) កំពុង​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍបណ្តាញ និង​ភូមិ​ចំនួន ១៥ (០,១១​ភាគរយ)នៅ​ពុំ​ទាន់​មាន​ការ​វិនិយោគ​នៅ​ឡើយ​។​ 

បើ​គិត​ជា​ចំនួន គឺ​​លំនៅ​ឋាន​ដែល​បាន​ភ្ជាប់​ចរន្ត​អគ្គិសនី​ប្រើ​ប្រាស់​​មានសរុប​​ជាង ​៣,៧៨ ​លាន​ខ្នង​ផ្ទះ​ ស្មើ​នឹង​ជាង​ ៩៥​ ភាគ​រយ​នៃ​លំនៅ​ឋាន​សរុប​ទូទាំង​ប្រទេស​។

ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​(AEC)​ លោក ​យឹម ​វិសិដ្ឋ ​បាន​ថ្លែង​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​ ២០២៤​ របស់​ក្រសួង​រ៉ែ និង​ថាម​ពល កាល​ពី​ដើម​ខែ​កុម្ភៈ ថា ​គិត​ត្រឹម​ចុង​ឆ្នាំ ២០២៤ ​ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​​បាន​ពង្រីក​វិសាល​ភាព​របស់​ខ្លួន​​ដោយ​បាន​គ្រប​ដណ្ដប់​ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី​ ទៅ​ភូមិ​ចំនួន ​៩៩,១៥ ​ភាគរយ​នៃ​ភូមិ​​ទូទាំង​ប្រទេស​ចំនួន​ ១៤ ​១៥៣ ​ភូមិ​។ 

ចំណែក​ភូមិ​ចំនួន​ ១០៥​ ដែល​ស្មើ​នឹង​ ០,៧៤ ភាគរយ​​ស្ថិត​ក្នុង​គម្រោង​​អភិ​វឌ្ឍ​បណ្តាញ​បន្ត​ និង​ ១៥​ ភូមិផ្សេង​ទៀត ​ស្មើ​ ០,១១ ភាគរយ​​នៅ​មិន​ទាន់​​មាន​ការ​វិនិយោគ​បណ្តាញ​អគ្គិសនី​នោះ​ទេ ដែល​ភាគ​ច្រើន​នៃ​ភូមិ​ទាំង​នោះ ជា​​តំបន់​កោះ ​តំបន់​លិច​ទឹក​នៅ​រដូវ​វស្សា​ តំបន់​គ្មាន​ផ្លូវ​ធ្វើ​ដំណើរ​ តំបន់​បណ្តែត​ទឹក​ និង​តំបន់​ដាច់​ស្រយាល ​ដែល​មាន​ប្រជាជន​រស់​នៅ​រាយ​ប៉ាយ​។

លោក​បានបន្ថែម​​ថា បើ​តាមផែនការគ្រោងទុក​​ គឺ​ក្នុងរយៈពេល ២-៣ឆ្នាំខាង​មុខ ទាំងអគ្គិសនីកម្ពុជា ក៏ដូចជា​សេវាកម្ម​ឯកជន អាច​មានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពីបណ្ដាញជាតិបាន ៥១ភូមិទៀត ដែលនឹង​ធ្វើឱ្យភូមិមិនមានថាមពលអគ្គិសនីប្រើប្រាស់​ថយចុះមកនៅ​ត្រឹម ៦៩ ភូមិ ឬស្មើនឹង ០,៤៩ភាគរយ នៃភូមិសរុបទូទាំងប្រទេស។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បាន​ឱ្យ​ដឹង​ថា ​ក្នុង​នីតិកាល​ទី ​៧ នៃ​រដ្ឋសភា​​ រាជរដ្ឋាភិបាល​កម្ពុជា ​បានបន្តសម្រួចគោលនយោបាយអន្តរកាលថាមពលរបស់​ខ្លួន ដើម្បី​ធ្វើ​ឱ្យ​កម្ពុជាឆ្ពោះទៅអព្យាក្រឹតកាបូន​នៅត្រឹម​ឆ្នាំ ២០៥០ តាមរយៈ​អភិក្រមចំនួន ៤ គឺ ១. ការ​បង្កើនថាមពលស្អាត​ ប្រសិទ្ធភាពថាមពល និងភាពគ្រប់គ្រាន់, ២. រក្សាថ្លៃសមរម្យស្របតាមថ្លៃនៃធាតុចូលក្នុងការផលិត បញ្ជូន និងចែកចាយថាមពល, ៣. បង្កើនស្ថិរភាព និងគុណភាព​នៃការផ្គត់ផ្គង់ និង ៤. បង្កើនការផ្តល់សេវាឱ្យបានកាន់តែប្រសើរ និងប្រកបដោយសមធម៌រវាងតំបន់ទីក្រុង និង​ជនបទ។

យោងតាម​ក្រសួងរ៉ែ និង​ថាម​ពល គិត​ត្រឹម​ឆ្នាំ ​២០២៤ ប្រទេសកម្ពុជា​មានសមត្ថភាពផ្គត់ផ្គង់ថាម​ពល​អគ្គិសនីសរុប ៥ ០៤៤​ មេហ្កាវ៉ាត់(WW) កើន​ពី​ ៤ ៦៤៩មេហ្កាវ៉ាត់ក្នុង​ឆ្នាំ​២០២៣។​ 

ក្នុង​ចំណោម​អានុភាពថាមពល​សរុប​ទាំង ៥ ០៤៤​មេហ្កាវ៉ាត់គឺប្រភព​ក្នុង​ប្រទេសមាន​ចំនួន ៤ ៣៧២ មេហ្គាវ៉ាត់(ថាម​ពល​កកើត​ឡើងវិញ ២ ៦៧២ មេហ្កាវ៉ាត់និង​​ប្រភព​ដុតធ្យូងថ្ម+ប្រេង ១ ៧០០ មេហ្គាវ៉ាត់) ​និង​ប្រភព​នាំចូល​ពី​ប្រទេស​ជិតខាង​(ថៃ វៀតណាម និង​ឡាវ) មាន​​សរុប ៦៧២ មេហ្គាវ៉ាត់។​

ប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន ដែល​​កំពុង​សិក្សា​​លទ្ធភាព​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​កម្ពុជា បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី៧ ខែ​កុម្ភៈថា ថាមពល​ គឺ​ជា​ចំណុច​សំខាន់​​ដែល​គ្រប់​សកម្ម​ភាព​អាជីវកម្ម​ត្រូវ​ការ ដោយ​​​មុន​នឹង​ទៅ​បើក​អាជីវកម្ម ឬ​រោងចក្រ​នៅ​ទីតាំងណា អ្នក​វិនិយោគតែងពិនិត្យ​ទៅ​លើប្រភព​​ថាម​ពល​។ 

នៅ​ពេល​​បណ្តាញ​​អគ្គិសនី​ជាតិ ត្រូវ​បាន​ដាក់ពង្រាយ​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស វា​​ជា​ថាមពល​ទាក់​ទាញ​​​មួយ​សម្រាប់​ជំរុញ​ចិត្ត​​​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​កាន់​តែ​ច្រើន​។

លោក​លើក​ឡើង​ទៀត​ថា នៅ​ពេល​​បណ្តាញ​អគ្គិសនី​ត្រូវ​បាន​ចែកចាយ​កាន់​តែ​ទូលំទូលាយ វា​ក៏​អាច​ធ្វើ​ឱ្យ​តម្លៃ​កាន់​តែ​ទាប​ជាង​មុន​​។

លោក​បាន​ថ្លែង​ថា៖​«​ទិន្នន័យ​បណ្តាញ​ចែកចាយ​អគ្គិសនី​ដែលគ្រប​ដណ្តប់​ស្ទើ​ពាស់​ពេញ​ផ្ទៃប្រទេស​ គឺ​​ជា​ព័ត៌មាន​ល្អ​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការ​ផ្សព្វផ្សាយ​ ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ​ឱ្យ​ចូល​មក​បណ្តាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា​កាន់​តែ​ច្រើន ដើម្បី​ផលិត​ ឬ​កែច្នៃ​ទំនិញ​សម្រាប់​នាំ​ចេញ​ទៅ​​ទីផ្សារ​អន្តរ​ជាតិ​»។​ លោក​បន្ថែម​ថា៖​​«តម្លៃ​អគ្គិសនីទាប​នឹង​ជួយ​ធ្វើ​ឱ្យ​ថ្លៃ​ដើម​ផលិត​ទំនិញ​កាន់​តែទាប។ ទំនិញមាន​តម្លៃ​ទាប នឹង​ជួយ​ឱ្យ​សមត្ថភាព​ប្រកួត​ប្រជែង​​កាន់​តែ​ខ្ពស់»។

ទិន្នន័យរបស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឱ្យ​ដឹង​ថា ក្នុង​​ឆ្នាំ ​២០២៤ ការ​នាំ​ចេញ​-នាំចូល​ទំនិញ​របស់​កម្ពុជា​ជា​មួយ​ប្រទេស​ដៃគូទាំង​អស់មាន​ទឹក​ប្រាក់ ៥៤,៧៤ ពាន់​លាន​ដុល្លារ កើន​ឡើង ១៦,៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​មាន​ចំនួន ៤៦,៨៣ ពាន់​លាន​ដុល្លារ ដោយ​ក្នុង​នោះ​ទំនិញ​ដែល​កម្ពុជានាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ទឹក​ប្រាក់ ២៦,២ ពាន់​លាន​ដុល្លារ កើន​ឡើង ១៥,៧ ភាគរយ និង​ការ​នាំ​ចូល​មាន​ទឹក​ប្រាក់ ២៨,៥៤ ពាន់​លាន​ដុល្លារ កើន​ឡើង ១៨ ភាគរយ។ប្រទេស​ដែល​​ជាដៃគូ​ពាណិជ្ជកម្ម​សំខាន់​ជាង​គេ​ទាំង ៥ របស់​កម្ពុជា​ រួមមាន ចិន អាមេរិក វៀតណាម ថៃ និង​ជប៉ុន។​ 

ទំនិញសំខាន់ៗ​ដែលកម្ពុជា​នាំចេញមាន​ភាគ​ច្រើន ជា​ផលិតផល​​សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ​ដែលធ្វើឡើងពីក្រណាត់, ផ្លែឈើ និងគ្រាប់ផ្លែឈើ, ម៉ាស៊ីន, ឧបករណ៍អគ្គិសនី, ស្បែកជើង, កៅស៊ូ និង​ផលិតផលធ្វើអំពីកៅស៊ូ រួមនិង​ទំនិញសំខាន់ៗមួយ​ចំនួន​ ទៀត ចំណែក​ទំនិញ​នាំចូល​មាន​ដូច​ជា គ្រឿងម៉ាស៊ីន យានយន្ត វត្ថុ​ធ្វើ​ពី​ដែក វត្ថុ​ធ្វើ​ពី​ប្លាស្ទីក និង​ផលិតផល​គីមី ជា​ដើម​៕