កំពង់ស្ពឺៈ យ៉ាងហោចណាស់មនុស្សចំនួន៣នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នាមួយ កាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈនេះនៅលើផ្លូវជាតិលេខ៤ ត្រង់ចំណោតឡើងភ្នំ​លោកយាយ ស្ថិតក្នុង ភូមិទី៦ ឃុំយា​យម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។
  
ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងរវាង រថយន្ដស្ទួចមួយគ្រឿងម៉ាក HY​UNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3​E-​7​768 និង រថយន្ត១គ្រឿងម៉ាក ISUZU ពណ៌​ស ពាក់ផ្លាកលេខភ្នំពេញ3F-8332។ 

រថយន្ដស្ទួចគ្រឿងម៉ាក HY​UNDAI បើកបរឡើងចំណោទ ក្នុងទិសដៅ ពីកើតទៅទិសខាង​លិច ហើយទៅដល់ចំណុចកើតហេតុ ក៏បានទៅបុករថយន្តម៉ាក ISUZU ដែលបើកបរចុះចំណោត បញ្រ្ជាសទិសគ្នា។ 

មន្រ្តីជំនាញបានសន្និដ្ឋានថា មូលហេតុ នៃគ្រោះថ្នាក់នេះ ​បណ្ដាល​មក​ពី​អ្នកបើកបររថយន្ដស្ទួច បានរេចង្កូតទៅផ្នែកគន្លងផ្លូវរថយន្ដ ដែលចុះចំ​ណោត​ ទើបបណ្ដាលឱ្យ​បុកគ្នាបែបនេះ។​ 

នគរបាលបញ្ជាក់ថា៖«កំលាំងនគរ​បា​ល​ដែលប្រចាំការនៅគោលដៅលោកយាយម៉ៅ​ ប៉ុស្តិ៍​ន​គ​របាលរដ្ឋបាល​ និងផ្នែកសណ្ដាប់ធ្នាប់​ ចុះសម្រួលសង្រ្គោះបន្ទាន់​ ប៉ុន្ដែ​អកុសលអ្នកដំណើរក្នុងរថយន្ដរបួសធ្ងន់ទើបបណ្ដាលឱ្យស្លាប់»។

រថយន្ដស្ទួចមួយគ្រឿងម៉ាក HY​UNDAI ត្រូវបានបើកបករដោយបុរសឈ្មោះ រ៉ុង ធួក អាយុ​៤៨​ឆ្នាំ រស់នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ រីឯរថយន្តម៉ាក ISUZUបើកបរដោយបុរសឈ្មោះ ឃីម ស៊ាងហ៊ន់ អាយុ២៦ឆ្នាំ រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង។

រូបថត នគរបាលខេត្តកំពង់ស្ពឺ

រថ​យ​ន្ដទាំង២គ្រឿងសមត្ថកិច្ចបានស្ទួច​យកមករក្សាទុកនៅអធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួច
ដើម្បីចាត់ការតាមនីតិវិ​ធី​។

នៅថ្ងៃដដែលនេះផងដែរ ក៏មានគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងមួយគ្រឿង ពេលចុះចំណោទ ដោយបានបុកនឹងជញ្ជាំងភ្នំ ស្ថិតនៅចំណុច ភ្នំអូរតេ  ក្នុងភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ គ្រោះថ្នាក់ដោយខ្លួនឯងនេះ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៣នាក់របួសធ្ងន់ (ស្រី២នាក់ ប្រុស១នាក់) និងរបួសស្រាល១១នាក់ (ស្រី៤នាក់ ប្រុស៧នាក់)។ 

រូបថត នគរបាលខេត្តកំពង់ស្ពឺ

អ្នកធ្វើដំណើរសរុបចំនួនក្នុងរថយន្តក្រុនងនោះ មាន៤៦នាក់ ដែលធ្វើដំណើរទស្សនៈកិច្ច នៅខេត្តមណ្ឌលគិរី  ។ ជនរងគ្រោះទាំងនោះរួមមាន លោកគ្រូ អ្នកគ្រូ និស្សិត អ្នកបើកបរ និងជំនួយការអ្នកបើកបរ នៃសាកលវិទ្យាល័យ ភូមិន្ទកសិកម្ម៕