រាជរដ្ឋាភិបាល​តាម​រយៈ​អាជ្ញាធរ​មីន បាន​បញ្ជាក់​ថា កម្ពុជា​មិន​បាន​ទទួល​ជំនួយ​ពី​ទីភ្នាក់ងារ USAID ទេ ប៉ុន្តែ​ទទួល​បាន​ពី​ការិយាល័យ​កាត់​បន្ថយ​ និង​លុប​បំបាត់​អាវុធ​និង​កិច្ច​ការ​នយោបាយ​យោធា របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​ផ្ដល់​ឲ្យ​អង្គការ​ដោះ​មីន​នានា​នៅ​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​មីន​ដែល​ចេញ​ផ្សាយ​នៅ​ល្ងាច​ថ្ងៃ​ទី៧ ខែកុម្ភៈ​នេះ​បញ្ជាក់​ថា៖ «ថវិកា​ទាំង​នេះ​មិន​​បាន​ផ្ដល់​តាម​រយៈ​​ USAID ហើយ​ក៏​មិន​បាន​ផ្ដល់​ផ្ទាល់​មក​រាជរដ្ឋាភិបាល​កម្ពុជា​ទេ»។

អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ អង្គការ​ដោះ​មីន​នានា​ដែល​ទទួល​ជំនួយ​ពី​ការិយាល័យ​នេះ កំពុង​ចរចា​លើ​បញ្ហា​នេះ ដោយ​មាន​ការ​គាំទ្រ​ពី​អាជ្ញាធរ​មីន។

ជា​មធ្យម ថវិកា​ពី​សហរដ្ឋ​អាមេរិក​សម្រាប់​សកម្មភាព​មីន​នៅ​កម្ពុជា​ មាន​ប្រមាណ ៣០​ភាគរយ​ក្នុង​ចំណោម​ថវិកា​សរុប​ក្នុង​មួយ​ឆ្នាំ សម្រាប់​ការ​បោស​សម្អាត​មីន គ្រាប់​បែក​ចង្កោម និង​សកម្មភាព​ពាក់​ព័ន្ធ។

អាជ្ញាធរ​មីន​បាន​បញ្ជាក់​ថា៖ «ក្នុង​ន័យ​នេះ ការ​បោស​សម្អាត​មីន គ្រាប់​បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ផ្សេង​ទៀត នៅ​តែ​បន្ត​ដំណើរ​ការ​ជាមួយ​នឹង​ការ​គាំទ្រ​ថវិកា​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ប្រទេស​ផ្តល់​ជំនួយ​ផ្សេង​ទៀត​ក្រៅ​ពី​សហរដ្ឋ​អាមេរិក»។

កាល​ពី​កន្លង​ទៅ​ថ្មីៗ​នេះ លោក លី ធុជ អនុប្រធាន​ទី១ នៃ​អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹង​ថា ការ​កាត់​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គលិក​ដោះ​មីន​ជាង ១០០០​នាក់៕