![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/7_2_2025_9.jpg)
សកម្មភាពជួយសង្គ្រោះជីវិតម្ដាយ និងទារកក្នុងការសម្រាលកូននៅលើទូកក្នុងខេត្ដក្រចេះ។ រូបថត សហការី
ខេត្ដក្រចេះ៖ គ្រូពេទ្យនៅមណ្ឌលសុខភាពកំពង់ចាម នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រចេះជួយសង្គ្រោះស្រី្ដសម្រាលកូននៅលើទូកបានដោយសុវត្តិភាពទាំងម្ដាយ ទាំងទារក ដែលមានសុខភាពល្អធម្មតា។
យោងតាមលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១១ព្រឹក។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/7_2_2025_10.jpg)
សកម្មភាពជួយសង្គ្រោះជីវិតម្ដាយ និងទារកក្នុងការសម្រាលកូននៅលើទូកក្នុងខេត្ដក្រចេះ។ រូបថត សហការី
លោកស្រីបានសរសេរនៅលើបណ្ដាញសង្គមថា៖ «បច្ចុប្បន្នស្ត្រីបានកំពុងសម្រាកបន្តតាមដានសុខភាពនៅមណ្ឌលសុខភាព។ នេះជាការជួយសង្គ្រោះបានទាន់ពេលវេលាដោយគ្រូពេទ្យ ប្រកបដោយមនសិកាវិជ្ជាជីវ:ពេទ្យ និងក្តីស្រឡាញ់»។
លោកស្រីបន្ដថា៖ «សូមអរគុណជាអនេកកប្បការ ជូនដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៅមណ្ឌលសុខភាពទាំងអស់ សូមមានសុខភាពល្អ និងជ័យជម្នះគ្រប់ភារកិច្ច»។
គួរបញ្ជាក់ថា កាលនៅខែឧសភា ឆ្នាំ២០២៣ ស្ដ្រីវ័យ២២ឆ្នាំ នៅចាមយាម ភូមិដាច់ស្រយាលក្នុងខេត្តកោះកុង បានសម្រាលកូនពេលទៅមន្ទីរពេទ្យពាក់កណ្តាលផ្លូវផងដែរ៕