![](https://pppkhmer.sgp1.digitaloceanspaces.com/image/main/20252/8_2_2025_aaa3.jpg)
ម៉ូតូអគ្គិសនី របស់ក្រុមហ៊ុន VERY WORDS ដែលត្រូវបានដាក់បង្ហាញនៅក្នុងពិធីចុះ MoU នៅក្រសួងបរិស្ថាន ។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ ក្រុមហ៊ុនកូរ៉េ VERY WORDS បានប្រកាសផ្តល់ម៉ូតូអគ្គិសនី ដល់ក្រសួងបរិស្ថានចំនួន៨ពាន់គ្រឿង ហើយគ្រោងនឹងដំឡើងស្ថានីយសាកថ្មប្រមាណ២ពាន់កន្លែងនៅទូទាំងប្រទេស ដើម្បីរួមចំណែកជួយកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងទិសដៅជួយកម្ពុជាឱ្យសម្រេចបានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ការប្រកាសបរិច្ចាគម៉ូតូនេះត្រូវបានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងក្រសួងបរិស្ថាន ក្រុមហ៊ុន VERY WORDS និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)នាថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ដើម្បី លើកកម្ពស់ការប្រើប្រាស់ម៉ូតូអគ្គិសនី ដែលមានគុណភាពខ្ពស់ និងប្រកបដោយចីរភាពដល់បរិស្ថានកម្ពុជា។ ការប្រើប្រាស់ម៉ូតូប្រភេទនេះ ក៏នឹងចូលរួមចំណែកដល់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់របស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បូងផងដែរ។
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានថ្លែងក្នុងឱកាសនោះថា ម៉ូតូអគ្គិសនីទាំង៨ពាន់គ្រឿងនេះ គឺជា វិភាគទាន ដែលគ្មានចំណង ហើយក្រសួង នឹងធ្វើការចែកជូនម៉ូតូទាំងនោះ ទៅដល់ស្ថាប័នរដ្ឋនានា សិស្សានុសិស្ស និងវិស័យឯកជនផងដែរ ដើម្បីប្រើប្រាស់ដោយឥតគិតថ្លៃ និងឥតលក្ខខណ្ឌ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ខ្ញុំលើកទឹកចិត្តឱ្យប្រើប្រាស់នូវយានយន្ត ដែលមិនបញ្ជេញឧស្ម័នផ្ទះកញ្ចក់។ មិនត្រឹមតែប្រើម៉ូតូទេ ថែមទាំងឡានអគ្គិសនីផងដែរ ដើម្បីកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ នៅក្នុងបរិយាកាស ដែលជាគោលដៅចំបងរបស់រាជរដ្ឋាភិបាលយើង ក្នុងការនាំកម្ពុជា ឈានឆ្ពោះទៅសម្រេចបានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០»។
លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជា ស្វាគមន៍ណាស់ ចំពោះការវិនិយោគបែបនេះ ព្រោះថា វាបានជួយដល់ការងារសង្គមជួយដល់សេដ្ឋកិច្ច និងជួយដល់ការកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់ ខណៈពេលដែលរាជរដ្ឋាភិបាលកំពុងតែជំរុញការប្រើប្រាស់សម្ភារ និងការវិនិយោគបៃតង។ ការជំរុញគឺ ដើម្បីធ្វើយ៉ាងណា ឱ្យកម្ពុជាទទួលបាននូវ ការកាត់បន្ថយការសាយភាយឧស្ម័នផ្ទះកញ្ចក់៤១,៧ភាគរយក្នុងឆ្នាំ២០៣០ និងឈានឆ្ពោះទៅសម្រេចបានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
ក្រុមហ៊ុនVERY WORDS គឺជាក្រុមហ៊ុនផ្តល់សេវាមធ្យោបាយធ្វើដំណើរអគ្គិសនី និងជាក្រុមហ៊ុនអព្យាក្រឹតកាបូន។ នាពេលកន្លងមក ក្រុមហ៊ុននេះ បានវិនិយោគទុនជាង២លានដុល្លារ ទៅលើរោងចក្រដំឡើងទោចក្រយានយន្តអគ្គិសនី នៅខេត្តកណ្តាល ព្រមទាំងបានជួយបង្កើតឱកាសការងារបៃតងដោយផ្ទាល់ចំនួន៦០កន្លែង។
![](https://pppkhmer.sgp1.cdn.digitaloceanspaces.com/image/main/20252/8_2_2025_aaa2.jpg)
ក្រសួងបរិស្ថាន ក្រុមហ៊ុន VERY WORDS និងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)បានចុះ MoUជាមួយគ្នា កាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ ដើម្បីលើកកម្ពស់ការប្រើប្រាស់ម៉ូតូអគ្គិសនី ប្រកបដោយចីរភាព និងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ រូបថត GGGI
ការសម្ភោធដាក់ឱ្យប្រើប្រាស់ស្ថានីយសាកថ្មក៏ត្រូវបានធ្វើឡើងផងដែរ បន្ទាប់ពីពិធីចុះMoUនោះមក។ ក្រុមហ៊ុនក៏នឹងដំឡើងស្ថានីយសាកថ្មយ៉ាងតិចចំនួន២០០ទីតាំង ដើម្បីគាំទ្រដល់ការប្រើប្រាស់ម៉ូតូទាំងនេះផងដែរ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«ស្ថានីយទាំងនេះ នឹងដាក់នៅកន្លែងនានា នៅក្នុងប្រទេស ជាពិសេសនៅក្នុងខេត្តសៀមរាប ។ខ្ញុំលើកទឹកចិត្តក្នុងការប្រើប្រាស់ម៉ូតូអគ្គិសនីនេះ ក្នុងខេត្តសៀមរាប ធ្វើយ៉ាងណា កែប្រែខេត្តសៀមរាបយើង ដែលជាខេត្តទេសចរណ៍នោះឱ្យ មានភាពស្អាត ខ្យល់អាកាសបរិសុទ្ធ ទាក់ទាញទេសចរណ៍ឱ្យកាន់តែច្រើន»។
សេចក្តីប្រកាសព័ត៌មានពីការចុះMoUនេះបានលើកឡើងថា ការរួមចំណែកនេះ ត្រូវបានរំពឹងថានឹងចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាមធ្យមចំនួន ៥ ០៤០ តោនក្នុងមួយឆ្នាំ (យោងតាមការប៉ាន់ប្រមាណថា ម៉ូតូអគ្គិសនី១គ្រឿង ប្រើប្រាស់ជាមធ្យម៤០ គីឡូម៉ែត្រ ក្នុងមួយឆ្នាំ)។ ក្នុងនោះផងដែរ ការងារបៃតងថ្មីចំនួន១៥០កន្លែង ក៏នឹងត្រូវបានបង្កើតឡើងផងដែរ។
បន្ថែមពីលើទោចក្រយានយន្តអគ្គិសនី និងស្ថានីយសាកថ្មទាំងអស់នេះ ក្រុមហ៊ុន ក៏នឹងផ្តល់សេវាកម្មក្រោយពេលលក់រយៈពេល២ឆ្នាំដោយឥតគិតថ្លៃផងដែរ។
បន្ថែមពីលើការជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅដឹកជញ្ជូនអគ្គិសនីឱ្យបាន៧០ភាគរយ ដូចដែលបានចែងនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន MoUនេះ ក៏ជាជំហានដ៏សំខាន់មួយក្នុងការឆ្ពោះទៅកាន់ការអនុវត្តគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលអាចត្រូវបានទទួលស្គាល់ជា អន្តរជាតិ។
ក្រសួងនឹងជួយសម្របសម្រួល និងត្រួតពិនិត្យការផ្ទេរ ម៉ូតូអគ្គិសនីទាំងអស់នេះ ក៏ដូចជា វាយតម្លៃគម្រោងរបស់ ក្រុមហ៊ុនVERY WORDS ស្តីពី ការកសាងហេដ្ឋារចនាសម្ព័ន្ធសាកថ្មអគ្គិសនី ដើម្បីលើកកម្ពស់ មធ្យោបាយធ្វើដំណើរអគ្គិសនី។
ក្រៅពីនោះ ក្រសួង ក៏នឹងសហការជាមួយស្ថាប័នដៃគូ ដូចជា GGGI ដើម្បីជួយកសាងសមត្ថភាពរបស់ក្រសួងពាក់ព័ន្ធនានា ដើម្បីបង្កើនការយល់ដឹងអំពីគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងដើម្បីធានាឱ្យបាននូវអនុលោមភាពស្របតាមវិធានប្រតិបត្តិសម្រាប់ការអនុវត្តមាត្រា៦នៃ កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ព្រមទាំងច្បាប់ បទប្បញ្ញត្តិ និងការណែនាំនានារបស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នេះថា៖«គោលបំណងអាកាសធាតុដ៏ធំ របស់កម្ពុជាត្រូវបានគាំទ្រដោយដំណោះស្រាយប្រកបដោយបច្ចេកទេស និងភាពច្នៃប្រឌិត។ទាំងអស់នេះ មាន គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីវិស័យសំខាន់ៗក្នុងប្រទេសកម្ពុជា»។
លោកបានបញ្ជាក់ថា MoUនេះ នឹងពង្រឹងការប្តេជ្ញាចិត្តកម្ពុជា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ក្នុងវិស័យដឹកជញ្ជូន និងធ្វើដំណើរ។ នេះគឺស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ របស់ក្រសួងបរិស្ថាន ការចូលរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ និង យុទ្ធសាស្ត្រ អភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ព្រមទាំងជំរុញនូវការសម្របខ្លួនទៅនឹងការប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនអគ្គិសនីទូទាំងប្រទេសផងដែរ។
លោក Kim Sung-Woo នាយកប្រតិបត្តិនៃក្រុមហ៊ុនVERY WORDS បានថ្លែងក្នុងឱកាសនោះថា តាមរយៈក្របខ័ណ្ឌហិរញ្ញប្បទានកាបូនមាត្រា៦ ក្រុមហ៊ុនបានសម្រេចចិត្តវិនិយោគយ៉ាងម៉ឺងម៉ាត់ ក្នុងការផ្គត់ផ្គង់ទោចក្រយានយន្តអគ្គិសនីចំនួន៨ពាន់គ្រឿងដល់មន្ត្រីរាជការ នៃរាជរដ្ឋាភិបាលកម្ពុជា ហើយ ដំណើរការនេះក៏ទទួលបានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េផងដែរ។
លោកបញ្ជាក់ថា៖«ភាពជាដៃគូនេះ មិនត្រឹមតែបង្កើន សកម្មភាពកាត់បន្ថយការបំពុលខ្យល់ក្នុងប្រទេសទាំង២ប៉ុណ្ណោះទេ ហើយថែមទាំងនឹងជំនួសទោចក្រយានយន្ត ដែល បញ្ចេញសារធាតុបំពុលខ្យល់ ជាមួយនឹងទោចក្រយានយន្តអគ្គិសនី ដែលមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់ បរិស្ថាននៅក្នុងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ នឹងពន្លឿនការអភិវឌ្ឍមធ្យោបាយធ្វើដំណើរប្រកបដោយចីរភាព»។
កញ្ញាShomi Kim តំណាង GGGIប្រចាំកម្ពុជាក៏បានលើកឡើងដែរថា ក្នុងនាមជាទីប្រឹក្សាដ៏គួរឱ្យទុកចិត្តរបស់រដ្ឋាភិបាល កម្ពុជា, GGGI មានមោទនភាពដែលបានគាំទ្រដល់គំនិតផ្តួចផ្តើមមួយនេះ។
កិច្ចសហការក្រោមក្របខណ្ឌមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ នឹងពន្លឿនសមិទ្ធផលនៃការកាត់បន្ថយផលប៉ះពាល់ អាកាសធាតុសកល តាមរយៈការផ្ទេរការវិនិយោគអាកាសធាតុពីប្រទេសអភិវឌ្ឍន៍ទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍។
កញ្ញាថ្លែងថា៖«ដើម្បីធានាឱ្យបាននូវសុច្ចរិតភាពបរិស្ថានកម្រិតខ្ពស់បំផុត ជាមួយនឹងយន្តការហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត តាមរយៈការប្រើប្រាស់ច្បាប់ និងបទបញ្ញត្តិ ប្រកបដោយសុក្រិតភាពដែលផ្តល់ដោយមាត្រា៦ ខ្ញុំពិតជាមាន សេចក្តី រំភើបរីករាយដែលបានឃើញពីការអនុវត្តយ៉ាងឆាប់រហ័សក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការដាក់ឱ្យដំណើរការ ទោចក្រយានយន្តអគ្គិសនីទាំងអស់នេះ»។
កញ្ញាបានកោតសរសើរភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលអាចសហការគ្នាក្នុងការអនុវត្តគម្រោងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលមានការទទួលស្គាល់ពីអន្តរជាតិ។
លើសពីនោះ កញ្ញាក៏បានកោតសរសើរទៅដល់ក្រុមហ៊ុនVERY WORDS ដែលជាផ្នែកនៃការ បង្កើតនិងអនុវត្តគម្រោង ដែលបានដាក់ចេញនូវដំណោះស្រាយស្របទៅនឹងតម្រូវការសង្គម និងបរិស្ថាន ដើម្បីលើក កម្ពស់វិស័យដឹកជញ្ជូនប្រកបដោយចីរភាពនៅកម្ពុជា៕