
សារធាតុផ្សំសម្រាប់កែច្នៃផលិតគ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបនៅខណ្ឌសែនសុខ។ មន្ទីរប្រឆាំងគ្រឿងញៀន
កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ក្រាបករណីកែច្នៃសារធាតុញៀនខុសច្បាប់ប្រព្រឹត្តិនៅខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ និងចាប់យកសារធាតុញៀន និងសារធាតុផ្សំប្រមាណជិត៣០០គីឡូក្រាម។
ប្រតិបត្តិការនៅថ្ងៃទី៩ ខែមីនា ក៏បានរឹបអូសសម្ភារៈវេចខ្ចប់ និងម៉ាស៊ីនសម្រាប់កែច្នៃ និងសារធាតុញៀនមួយចំនួនធំ។ បន្ទាប់ពីស្តាប់ចម្លើយជនសង្ស័យ កម្លាំងជំនាញបានបន្តស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធនិងមេខ្លោង ដោយកំណត់បានមុខសញ្ញាកំពុងលាក់ខ្លួនក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
ប៉ុន្តែ ប្រតិបត្តិការនេះបង្ករការយល់ច្រឡំពីសំណាក់ប្រជាពរលដ្ឋ នៅពេលសមត្ថកិច្ចស្លៀកពាក់ស៊ីវិលបានចាប់មនុស្សពីរនាក់ចូលឡាន នៅសង្កាត់ព្រែកកំពឹស ដោយសង្ស័យថា ពួកគេជាអ្នកពាក់ព័ន្ធ។ ពលរដ្ឋបានថតវីដេអូ និង រូបថត ហើយបង្ហោះលើហ្វេសប៊ុក ហើយលើកឡើងថា ការចាប់មនុស្សចូលឡានពីសំណាក់សមត្ថកិច្ចស្លៀកពាក់ស៊ីវិល មានភាព «ឃោរឃៅ»។

ក្រុមប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀនបញ្ជាក់ថា ការឃាត់ខ្លួននេះធ្វើឡើងដោយយោងតាមចម្លើយរបស់ជនសង្ស័យដែលឃាត់បានមុន។ យ៉ាងណាក៏ដោយ បន្ទាប់ពីសាកសួររួច មនុស្សទាំងពីរនាក់នេះមិនជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀន៣០០គីឡូក្រាមទេ ប៉ុន្តែ ពួកគេជាអ្នកប្រើប្រាស់គ្រឿងញៀន។
បើតាមការបំភ្លឺ ការឃាត់ខ្លួនមនុស្សទាំងពីរនាក់នេះ ដោយសារតែពួកគេបានរត់គេចខ្លួនពេលឃើញសមត្ថកិច្ចចុះទៅ ហើយពួកគេមានភិនភាគដូចមុខសញ្ញាដែលសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។
សមត្ថកិច្ចអះអាងថា ការថតវីដេអូ និងរូបភាពបង្ហោះដោយចោទប្រកាន់មកលើសមត្ថកិច្ច និងបង្កើតឱ្យមានការបញ្ចេញមតិ បានធ្វើឱ្យប៉ះពាល់កិត្តិយសរបស់កងកម្លាំង ជាពិសេសធ្វើឱ្យបែកធ្លាយព័ត៌មានសម្ងាត់ ដែលប្រតិបត្តិការស៊ើបអង្កេតរបស់សមត្ថកិច្ចមិនទាន់បានបញ្ចប់។

ក្រុមការងារប្រតិកម្មរហ័សនៃមន្ទីរប្រឆាំងគ្រឿងញៀនស្នើសុំឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គម និងសារព័ត៌មាននានា ធ្វើការកែតម្រូវនូវការផ្សព្វផ្សាយរបស់ខ្លួនជាបន្ទាន់ពាក់ព័ន្ធនឹងករណីខាងលើនេះ៕