កែបៈ កោងកាងមានឫសជ្រោងច្រាង ប្រៀបដូចជាក្រុមស្រ្តី ដែលតែងតែជួយគ្នា ជ្រោម​ជ្រែងគ្នា តែមិនជែងគ្នា ហើយរួមគ្នាការពារឧត្តមប្រយោជន៍ស្រ្តី និងក្មេងស្រីឈានឆ្ពោះទៅមុខជានិច្ច ដើម្បីជាចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នេះជាការលើកឡើងរបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោកស្រីម៉ុម ថានី។

ការលើកឡើងនេះធ្វើឡើង ក្នុងពិធីដាំកោងកាងចំនួន ១ ០០០ដើម នៅសហគមន៍នេសាទកែប ស្ថិតក្នុងសង្កាត់កែប ក្រុងកែប ដើម្បីអបអរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤។

ព្រឹត្តិការណ៍នេះ ក៏បានបង្ហាញពីសាមគ្គីភាព និងគុណតម្លៃស្រ្តី ក្នុងបុព្វហេតុបរិស្ថាន និងសង្គម ដែលរឹងមាំ និងមានភាពធន់ បៀបដូចជាដើមកោងកាងដូច្នេះដែរ។

លោកស្រីរដ្ឋលេខាធិការមានប្រសាសន៍ថា៖«ការដែលក្រសួងបរិស្ថានជ្រើសយកកោងការដាំនេះ ក៏ព្រោះថា កោងកាងមានឫសជ្រោងច្រាង ប្រៀបដូចជាក្រុមស្រ្តី ដែលតែងតែជួយគ្នា ជ្រោមជ្រែងគ្នា តែមិនជែងគ្នា រួមគ្នាការពារឧត្តមប្រយោជន៍ស្រ្តី និងក្មេងស្រីឈានឆ្ពោះទៅមុខ ដើម្បីជាចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យស្របនឹងពាក្យថា ស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»។

ជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថានផងនោះ លោកស្រីបានបន្តថា ការពង្រីកភាពបៃតង តាមរយៈការដាំដើមកោងកាង គឺជាសក្ខីភាព ដែលបង្ហាញពីសា​មគ្គីភាព និងគុណតម្លៃរបស់ស្រ្តី ក្នុងកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ និងការអភិ​វឌ្ឍប្រកបដោយចីរភាព។

លើសពីនោះ វាក៏បានឆ្លុះបញ្ចាំងពីតួនាទីរបស់នារីកម្ពុជា ដែលមិនអាចខ្វះបាន ក្នុងបុព្វហេតុបរិស្ថាន និងសង្គមកម្ពុជាផងដែរ។

អភិបាលរងខេត្តកែប លោកស្រីគឹម ចាន់នីបានឱ្យដឹងក្នុងឱកាសនោះថា រដ្ឋបាលខេត្តកែប បានរៀបចំដាំកោងកាងចំនួន ៨លើករួចមកហើយ ដែលមានចំនួនសរុបប្រមាណជាង ៣ម៉ឺនដើម ដោយសារតែ ដើមកោងកាង គឺជារុក្ខជាតិ ដែលមានអត្ថប្រយោជន៍ច្រើនចំពោះបរិស្ថាន។

ក្នុងនោះមានដូចជា ការពារឆ្នេរ ជម្រកសម្រាប់សត្វ រក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី និងគាំទ្រដល់ជីវភាពប្រជាសហគមន៍នៅតាមតំបន់ឆ្នេរជាប់មាត់សមុទ្រជាដើម។

កូនដើមកោងកាងប្រមាណជា៥ពាន់ដើម ក៏ត្រូវបានដាំផងដែរ ក្នុងពិធីបុណ្យកោងកាងសន្តិភាពកាលពីសប្តាហ៍មុន របស់ក្រសួងបរិស្ថាន។ កម្ពុជាមានព្រៃកោងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ៦ម៉ឺនហិកតា ដែលស្ថិតក្នុងខេត្តឆ្នេរសមុទ្រ ដូចជាកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។

កោះកុង គឺជាខេត្ត ដែលមានទំហំផ្ទៃដីកោងកាង​ធំជាងគេ គឺប្រមាណជាង៤ម៉ឺនហិកតា ដែលស្មើនឹង៨០ភាគរយ នៃផ្ទៃដីព្រៃកោងកាងសរុបរបស់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានអំពាវនាវឱ្យសាធារណជន ចូលរួមកាន់តែច្រើន ក្នុងការបង្កើនគម្របបៃតងសម្រាប់កម្ពុជា ក៏ដូចជា បង្កើនការបណ្តុះ និងចែកកូនឈើ យកទៅដាំស្តារព្រៃឡើងវិញ នៅតាមទីសាធារណៈ ដើម្បីប្រែក្លាយសកម្មភាពទាំងអស់នេះទៅជាទម្លាប់ស្អាត និងស្រឡាញ់ថែទាំភាពបៃតងនៅកម្ពុជាប្រកបដោយចីរភាព។

ក្រសួងបរិស្ថានបានឱ្យដឹងថា គិតចាប់ពី ខែកក្កដា ឆ្នាំ២០២៤មក ក្រសួងបានបន្តបណ្តុះកូនឈើសរុបជាង១​,៥ ដើម។ ក្នុងនោះមានកូនត្នោតជាង ៩២ម៉ឺនដើមផងដែរ៕