រូប​ចម្លាក់​ដង​ខ្លួន​ពុទ្ធបដិមា​មួយ​​ក្នុង​ទម្រង់​​ដែល​គេ​​កម្រ​ប្រទះ​​ឃើញ​ ត្រូវ​បាន​អ្នក​ជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា ​រក​ឃើញ​នៅ​ប្រាសាទ​តាព្រហ្ម ​នៅ​ក្នុង​ខែ​កុម្ភៈ​ ដែល​ចម្លាក់​នេះ​គឺ​ជា​ដង​ខ្លួន​នៃ​​ព្រះ​សិរ​ដែល​ត្រូវ​បាន​រក​ឃើញ​តាំង​ពី​ឆ្នាំ​១៩២៧។

អាជ្ញាធរ​ជាតិ​អប្សរា ​តាម​រយៈ​ការ​សហការ​ជាមួយ​ស្ថាប័ន​ស្រាវជ្រាវ​បុរាណ​វិទ្យា​ឥណ្ឌា (ASI) បាន​រក​ឃើញ​ដង​ខ្លួន​ពុទ្ធ​បដិមា​ចំនួន​មួយ ក្នុង​ពេល​ធ្វើ​កំណាយ​ស្រាវជ្រាវ​ក្នុង​ដំណាក់​កាល​ទី២ នៅ​ចំណុច​ខាង​ក្រៅ​កំពែង​ថ្ម​បាយ​ក្រៀម​នា​ទិស​ឦសាន​នៃ​រោង​ទង​ទី៣​របស់​ប្រាសាទ​តាព្រហ្ម។

បើ​តាម​ការ​ផ្ទៀង​ផ្ទាត់ រូប​បដិមា​នេះ​គឺ​ជា​ដង​ខ្លួន​នៃ​ព្រះ​សិរ​​មួយ​ដែល​បាន​រក​ឃើញ​នៅ​ប្រាសាទ​នេះ​តាំង​ពី​សម័យ​បារាំង​ក្នុង​ឆ្នាំ​១៩២៧ ហើយ​ត្រូវ​បាន​រក្សា​ទុក​នៅ​អភិរក្សដ្ឋាន​អង្គរ។

បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី ​នេត ​ស៊ីមន ​បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ការ​ធ្វើ​កំណាយ​នៅ​ខែ​កុម្ភៈ​ ឆ្នាំ​២០២៥ ​បាន​រក​ឃើញ​ដង​ខ្លួន​នៃ​ពុទ្ធបដិមា ដែល​ជា​បដិមា​មួយ​​ក្នុង​ចំណោម​បំណែក​ចំនួន​២៩។

ដង​ខ្លួន​ពុទ្ធបដិមា​មួយ​នេះ​ស្ថិត​ក្នុង​សិល្បៈ​រចនាប័ទ្ម​បាយ័ន មាន​ស្ថានភាព​បាត់​បង់​ព្រះសិរ ប្រអប់​ជើង និង​ព្រះ​ហស្ត​ស្តាំ មាន​កម្ពស់​ប្រវែង១.១៦ សង់ទីម៉ែត្រ ​និង​ទំហំ​ស្មា​៥៦​សង់ទីម៉ែត្រ។

អ្នកស្រី​បន្ត​ថា៖ «ដង​ខ្លួន​បដិមា​ដែល​បាន​រក​ឃើញ​មាន​លម្អ​ទៅ​ដោយ​គ្រឿង​អលង្ការ ស្លៀក​សំពត់​ ពានា​ស្បៃ​ ព្រះ​ហស្ថ​ឆ្វេង​ដាក់​លើ​ដើម​ទ្រូង មាន​ទម្រង់​កាយ​វិការ​កម្រ​នៅ​ក្នុង​សិល្បៈ​ខ្មែរ»។

បើ​តាម​អាជ្ញាធរជាតិ​អប្សរា អ្នក​ជំនាញ​បាន​ស្កេន​ប្រៀប​ធៀប​ស្វែង​រក​បំណែក​ផ្សេងៗ​ដែល​បាន​រក​ឃើញ​ពី​មុន​ដើម្បី​ផ្គុំ​ឡើង​វិញ ហើយ​បាន​ដឹង​ថា​ ដង​ខ្លួន​នៃ​ពុទ្ធ​បដិមា​នេះ ត្រូវ​គ្នា​ជាមួយ​នឹង​បំណែក​ដៃ និង​ប្រអប់​ជើង​ដែល​កំណាយ​រក​ឃើញ​នៅ​ដំណាក់​កាល​ទី១ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៤។

អាជ្ញាធរ​បន្ត​ថា ការ​ប្រៀប​ធៀប​នេះ ក៏​មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​ព្រះសិរ​ដែល​រក​ឃើញ​នៅ​គោបុរៈ​ខាង​កើត​ទី៤​នៃ​ប្រាសាទ​តាព្រហ្ម ​ក្នុង​ឆ្នាំ​១៩២៧។

អាជ្ញា​ធរបញ្ជាក់​ថា៖ «ដូចនេះ ផ្នែក​ផ្សេងៗ​នៃ​ពុទ្ធបដិមា​ខាង​លើ​ដែល​បាក់​បែក ត្រូវ​បានផ្គុំ​ឡើង​វិញ​ស្ទើរ​តែ​ពេញ​លេញ​នៃទម្រង់​ដើម។ ចំពោះ​ផ្នែក​ដែល​បាត់​បង់​ដែល​ស្វែង​រក​មិន​ទាន់​ឃើញ គឺ​បាត់​ព្រះ​ហស្ត​ស្តាំ​តែ​ប៉ុណ្ណោះ»៕