ភ្នំពេញៈ អភិបាលរងខេត្តកំពង់ស្ពឺម្នាក់ និងបុរសជាបក្សពួក២នាក់ផ្សេងទៀត ត្រូវបានតុលាការខេត្តកំពង់ស្ពឺសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកាលពីថ្ងៃអាទិត្យ​ទី៩ ខែមីនានេះ ពាក់ព័ន្ធទៅនឹងអំពើពុករលួយ លើទឹកប្រាក់៤០ម៉ឺនដុល្លារ យកទៅរត់ការធ្វើអាជ្ញាប័ណ្ណរ៉ែលើផ្ទៃដីជាង១០០គីឡូម៉ែត្រក្នុងខេត្តប៉ៃលិន។

ការសម្រេចឃុំខ្លួននេះ ធ្វើឡើង បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ(ACU)បានបើកការស៊ើបអង្កេត រហូតដល់មានការឃាត់ខ្លួនអ្នកទាំង៣នោះយកទៅសួរនាំ ទៅតាមពាក្យបណ្តឹងរបស់មេធាវីរបស់ជនជាតិចិន។

លិខិតប្រគល់សិទ្ធិជូនមេធាវីរបស់ជនជាតិចិន កាលពីខែវិច្ឆិកា ឆ្នាំ២០២៤បានសរសេរថា៖«ប្តឹងអភិបាលរងខេត្តឈ្មោះ ទិត វុទ្ធីនិងបក្សពួកពាក់ព័ន្ធបញ្ហា រត់ការអាជ្ញាប័ណ្ណរ៉ែលើផ្ទៃដី១០៣គ.ម នៅខេត្តប៉ៃលិន»។

លោកមេធាវីការពារក្តី ជូនជនជាតិចិន សុំមិនធ្វើអត្ថាធិប្បាយបន្ថែមលើរឿងនេះនោះទេ ដោយលើកហេតុផលថា សំណុំរឿងនេះគឺកំពុងតែស្ថិតក្នុងនីតិវិធីរបស់តុលាការនៅឡើយ។

តុលាការបានសម្រេចបើកការស៊ើបសួរលើសំណុំរឿងនេះ និងបានប្តឹងសុំដាក់ឱ្យអ្នកទាំង៣ ​ស្ថិតនៅក្រោមការត្រួតពិនិត្យ។

ក្នុងនោះមានឈ្មោះទិត វុទ្ធី អាយុ៥៦ឆ្នាំ និងឈ្មោះ ហាវ ខន អាយុ៤៥ឆ្នាំ ពីបទ រំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។ បទល្មើសទាំងនេះត្រូវបានប្រព្រឹត្តនៅ ក្នុងខេត្តកំពង់ស្ពឺ ប៉ៃលិន បាត់ដំបង ស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣ បទល្មើស ដែលមានបញ្ញត្តិ និងចែងឱ្យផ្តន្ទាទោសតាមមាត្រា ៦២៦, ៦២៧, ៦២៨, ៦២៩, ៦៣០នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

រីឯអ្នកទី៣ មានឈ្មោះ អ៊ឹង សារឿន អាយុ៤៤ឆ្នាំ មានជាប់ពាក់ព័ន្ធនឹងបទពីបទ សមគំនិតក្នុងអំពើរំលោភអំណាច, ក្លែងបន្លំ, ប្រើប្រាស់លិខិតក្លែង, ក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណះក្លែង ប្រព្រឹត្តនៅខេត្តកំពង់ស្ពឺ ប៉ៃលិន បាត់ដំបង ស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣។ បទល្មើសទាំងនេះមានបញ្ញត្តិ និងចែងឱ្យផ្តន្ទាទោសតាមមាត្រា ២៩, ៦២៧, ៦២៨, ៦២៩, ៦៣០, នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

ភ្នំពេញប៉ុស្តិ៍​ មិនអាចទាក់ទង អ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ លោកសយ ច័ន្ទវិចិត្ត ដើម្បីសុំអត្ថាធិប្បាយបន្ថែមបានទេលើករណីនេះ នាថ្ងៃចន្ទ ទី១០ ខែមីនានេះ៕