
លោក ហួត ហាក់(អាវលឿង) ក្នុងព្រឹត្តិការណ៍ ITB Berlin 2025។ ក្រសួងទេសចរណ៍
ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ«International Tourismus Borse (ITB Berlin) 2025»នឹងនាំមកនូវភាពជោគជ័យ និងផលវិជ្ជមានជាច្រើនសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា ខណៈគណៈប្រតិភូ កម្ពុជាបានជួបពិភាក្សា និងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជាទៅកាន់ថ្នាក់ដឹកនាំ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍នៃប្រទេសជាច្រើន។ នេះបើតាមក្រសួងទេសចរណ៍។
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITB Berlin 2025 នៅរដ្ឋធានីប៊ែរឡាំង សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី៤-៦ ខែមីនា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងដំណើរទៅចូលរួមព្រឹត្តិការណ៍ ITB Berlin 2025 លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍(HUOT Hak, Minister of Tourism) បានដឹកនាំគណៈប្រតិភូកម្ពុជាជាច្រើនទៅកាន់ប្រទេសអាល្លឺម៉ង់ ដែលរួមមានមន្ត្រីជាន់ខ្ពស់នៅក្រសួងទេសចរណ៍ ក្រុមសិល្បៈ និងក្រុមហ៊ុនឯកជនកម្ពុជា និងបរទេសជាច្រើន។
ITB Berlin 2025 គឺជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ដ៏ធំបំផុតក្នុងពិភពលោក ដោយមានអ្នកតាំងពិព័រណ៍(Exhibitors) ចំនួន ៥ ៨០០នាក់ ព្រមទាំងមានការចូលរួមពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទេសចរណ៍ ប្រធានស្ថាប័នដឹកនាំទេសចរណ៍ អ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ ក្រុមហ៊ុនឯកជន និងអ្នកទិញមកពីជាង ១៧០ ប្រទេសជុំវិញពិភពលោក។
ក្នុងព្រឹត្តិការណ៍ ITB Berlin 2025 ក្រសួងទេសចរណ៍កម្ពុជា បានរៀបចំឱ្យពន្លារបស់ខ្លួនដែលមានការសម្តែងសិល្បៈ ការបង្ហាញផលិតផលខ្មែរ និងការបញ្ចាំងវីដេអូផ្សព្វផ្សាយសក្តានុពលទេសចរណ៍ដល់ភ្ញៀវចូលរួម។
ជាមួយគ្នានេះផ្នែកឯកជនទេសចរណ៍កម្ពុជា ក៏បានទទួលការណាត់ជួបជាមួយអ្នកទិញធំៗមកពីជុំវិញពិភពលោក ជាពិសេសផ្នែកអឺរ៉ុប សរុបប្រមាណជិត ៥០០ជំនួប ដោយសម្រេចការទិញ ផលិតផល និងសេវាកម្មទេសចរណ៍កម្ពុជាយ៉ាងច្រើន។
បើតាមក្រសួងទេសចរណ៍ អំឡុងព្រឹត្តិការណ៍ ITB Berlin 2025 លោក ហួត ហាក់ ក៏បានចូលរួមពិភាក្សា ក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីទេសចរណ៍(Ministers Summit) ជាមួយរដ្ឋមន្ត្រីទេសចរណ៍មកពីប្រទេសចំនួន ២៤ និងថ្នាក់ដឹកនាំទេសចរណ៍ជាង ៥០រូប ដែលរៀបចំដោយអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ក្រោមប្រធានបទ៖ «ការធ្វើឱ្យប្រសើរឡើងនូវការវិនិយោគ ធានាបាននូវសន្តិភាព៖ ពង្រឹងកំណើន សម្រួចអនាគត (Ministers' Summit: Enhancing Investment, Ensuring Peace: Harnessing Growth, Shaping the Future)»។
ក្នុងកម្មវិធីនេះថា លោក ហួត ហាក់ បានលើកឡើងថា ស្ថិរភាពនយោបាយ និងសុខសន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ជំរុញកំណើនវិស័យទេសចរណ៍ និងការវិនិយោគលើគ្រប់វិស័យ។
ជាក់ស្តែងវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាមាសបៃតង។ គុណតម្លៃ និងសន្តិភាព ពិតជាមានសារៈសំខាន់ណាស់ក្នុងបង្កើនសក្តានុពលក្នុងវិស័យទេសចរណ៍។
ក្រៅពីចូលរួមក្នុងកិច្ចប្រជុំខាងលើថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងផ្នែកឯកជនកម្ពុជា ក៏បានជួបពិភាក្សាការងារជាមួយឥស្សរជន និងថ្នាក់ដឹកនាំក្រុមហ៊ុនក្នុងវិស័យទេសចរណ៍នៃប្រទេសជាច្រើនផងដែរ។
ក្រសួងបានបញ្ជាក់ថា៖«ការចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ International Tourismus Borse Berlin (ITB Berlin) 2025- បានពាំនាំនូវភាពជោគជ័យ និងលទ្ធផលផ្លែផ្កាគួរជាទីមោទនៈដល់វិស័យទេសចរណ៍កម្ពុជា តាមរយៈការផ្សព្វផ្សាយទេសចរណ៍ ការចុះកិច្ចសន្យាជាវកញ្ចប់សេវាកម្មទេសចរណ៍ ការពង្រឹងនិងពង្រីកបណ្តាញធុរកិច្ចទេសចរណ៍ក្នុងទីផ្សារអឺរ៉ុបក៏ដូចជាពិភពលោកទាំងមូល»។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន បាននិយាយថា គ្រប់ព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ គឺសុទ្ធតែមានគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឱ្យទៅកម្សាន្តទៅកន្លែងណាមួយឱ្យបានកាន់តែច្រើន។
លោកស្រីអះអាងថា៖«គ្រប់ព្រឹត្តិការណ៍តាំងពិព័រណ៍ គឺសុទ្ធតែផ្តល់ផលប្រយោជន៍ទៅដល់ប្រទេសម្ចាស់ផ្ទះ/ក្រុមហ៊ុនរៀបចំ ក្រុមហ៊ុនចូលរួមតាំងបង្ហាញ និងអ្នកចូលរួម។ ការចូលរួមផ្សព្វផ្សាយពីសក្តានុពលនៅព្រឹត្តិការណ៍លំដាប់ពិភពលោកបែបនេះ គឺពិតជាផ្តល់ផលចំណេញច្រើនសម្រាប់វិស័យទេសចរណ៍នៅកម្ពុជា»។
លោកស្រីបន្តថា៖«នៅមុនមានវិបត្តិជំងឺកូវីដ១៩ វិស័យទេសចរណ៍បានចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា តាមរយៈការបង្កើតការងារ និងប្រាក់ចំណូលទៅដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលរាប់ម៉ឺននាក់។
របាយការណ៍ក្រសួងទេសចរណ៍ ឱ្យដឹងថា ឆ្នាំ២០១៩ ត្រូវបានចាត់ទុកជាពេលដែលប្រទេសកម្ពុជាទទួលបានចំណូលពីទេសចរអន្តរជាតិច្រើនជាងគេ ដោយមានចំនួន ៤ ៩១៩ លានដុល្លារកើនឡើង ១២,៤ ភាគរយធៀបឆ្នាំ ២០១៨។
ទោះយ៉ាងណាវិបត្តិកូវីដ១៩ បានធ្វើឱ្យវិស័យនេះធ្លាក់ស្ទើរដល់សូន្យក្នុងរយៈពេល ២-៣ឆ្នាំ មុនពេលងើបឡើងវិញបន្តិចម្តងៗពិសេសចាប់ពីឆ្នាំ២០២៣។
យោងតាមក្រសួងទេសចរណ៍ ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវបរទេសសរុប ៦,៧ លាននាក់ កើនឡើងប្រមាណ ២៣ភាគរយបើធៀបនឹងឆ្នាំ២០២៣។
ក្នុងឆ្នាំ២០២៤ វិស័យទេសចរណ៍អន្តរជាតិ បាននាំចំណូលចូលជាតិប្រមាណ ៣ ៦៣៧លានដុល្លារ កើនឡើង ១៨ភាគរយ។ វិស័យទេសចរណ៍បានរួមចំណែកប្រមាណ ៩,៤ ភាគរយនៃផលិតផលក្នុងស្រុកសរុប៕