
មន្ត្រីស្ថានទូតជប៉ុន ថតរូបជាមួយសកម្មជនគណបក្សនយោបាយនិងសង្គមស៊ីវិល នៅថ្ងៃទី១០ ខែមីនា មុនចេញដំណើរទៅប្រទេសជប៉ុន។ ស្ថានទូតជប៉ុន
អ្នកនយោបាយនិងសកម្មជនវ័យក្មេងកម្ពុជាចំនួន១០រូបបន្ថែមទៀតនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនក្នុងកិច្ចប្រឹងប្រែងជួយគាំទ្ររបស់ជប៉ុនលើការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុននៅថ្ងៃទី១០ ខែមីនានេះបានឲ្យដឹងថា ក្នុងចំណោមអ្នកនយោបាយវ័យក្មេងទាំង១០នាក់នេះ មាន ៧រូបមកពីគណបក្សប្រឆាំង ២រូបពីគណបក្សកាន់អំណាច និង ១រូបពីសង្គមស៊ីវិល។
ពួកគេនឹងបំពេញទស្សនកិច្ចទៅប្រទេសជប៉ុនចាប់ពីថ្ងៃទី១២ ទៅដល់ថ្ងៃទី១៩ ខែមីនា ដែលទស្សនកិច្ចនេះជាផ្នែកនៃកម្មវិធី JENESYS 2024 ដែលជាកម្មវិធីផ្លាស់ប្តូរប្រជាជននិងប្រជាជនគាំទ្រដោយក្រសួងការបរទេសជប៉ុន។
ស្ថានទូតជប៉ុនបញ្ជាក់ថា៖ «កម្មវិធីនេះត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០១៨ ក្នុងគោលបំណងជួយគាំទ្រការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាតាមរយៈការលើកម្ពស់កិច្ចសន្ទនារវាងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង និងភាគីផ្សងៗ។ ដំណើរទស្សនកិច្ចនេះ នឹងជាដំណើរទស្សនកិច្ចលើកទី៧»។
សកម្មជនទាំង១០រូបនឹងទស្សនាសភាជប៉ុន និងមានការផ្លាស់ប្ដូរទស្សនៈជាមួយសមាជិកសភាតំណាងរាស្ត្រជប៉ុននៃសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា ។
ពួកគេនឹងទៅទស្សនាទីក្រុង Ichihara នៃខេត្ត Chiba ដើម្បីទស្សនាការបោះឆ្នោតជ្រើសរើសអភិបាលខេត្ត Chiba ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននានានៅក្នុងខេត្ត Chiba ដើម្បីលើកកម្ពស់ការអភិវឌ្ឍក្នុងតំបន់។
គិតទាំងដំណើរទស្សនកិច្ចលើកទី៧ នេះ អ្នកនយោបាយវ័យក្មេងសរុប ៧០ ហើយដែលចូលរួមក្នុងកម្មវិធីដំណើរទស្សនកិច្ចនេះ។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ដំណើរទស្សនកិច្ចបែបនេះជារឿងល្អពីព្រោះវាជួយឲ្យអ្នកដឹកនាំជំនាន់ក្រោយពីគ្រប់និន្នាការនយោបាយ និងសង្គមស៊ីវិល ដែលសុទ្ធតែជាតួអង្គសំខាន់នៅក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា បានរៀនសូត្របន្ថែមពីប្រព័ន្ធនយោបាយនិងដំណើរការប្រជាធិបតេយ្យនៅប្រទេសជប៉ុនដែលជាប្រទេសកាន់របបប្រជាធិបតេយ្យ សេរី ពហុបក្សដូចកម្ពុជាដែរ និងមានដំណើរការប្រជាធិបតេយ្យល្អ។
លោកថ្លែងដូច្នេះថា៖ «ខ្ញុំជឿថា ដំណើរទស្សនកិច្ចនេះនឹងអាចផ្ដល់ឱកាសឲ្យអ្នកដឹកនាំនយោបាយជំនាន់ក្រោយក៏ដូចជាសង្គមស៊ីវិលរបស់យើងបានរៀនសូត្រពីអ្វីដែលជប៉ុនបានធ្វើ កំពុងធ្វើ និងធ្វើបន្តទៀត ហើយដកស្រង់បទពិសោធន៍ទាំងនោះយកមកចូលរួមចំណែកក្នុងការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជានាពេលអនាគត»៕