ភ្នំពេញ៖ ម៉ាឡេស៊ី ដែលជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬអាស៊ាន ប្ដូរ​វេនឆ្នាំ​២០២៥​​ និង​ជា​ប្រទេស​មួយ​ស្ថិតក្នុង​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ប្រទេស​ចិន នឹង​ព្យាយាម​ពន្លឿន​សេចក្ដី​សម្រេច​បង្កើត​ក្រម​ប្រតិបត្ដិ​ (COC) លើបញ្ហា​​សមុទ្រ​អន្ដរជាតិ​ឱ្យ​ចប់​នៅ​ឆ្នាំ​២០២៦។

លោក កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន បាន​ថ្លែង​ថា​៖ «ពី​ឆ្នាំ​២០២៤ ជាពិសេស​ឆ្នាំនេះ ម៉ាឡេស៊ី​កំពុង​តែ​ជំរុញ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការចរចា​លើ​ក្រមសីលធម៌​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​២០២៦​។ ប៉ុន្ដែវានៅមាន​ចំណុច​ជា​ច្រើន​ដែលត្រូវ​ដោះស្រាយ​»។

​លោក​ គឹមហួន បានថ្លែងនៅក្នុង​វេទិកាទស្សនៈទានអគ្គលេខាធិការអាស៊ានឆ្នាំ២០២៥ ដែលរៀបចំដោយក្លិបអ្នកកាសែត នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ រសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ថា​៖ «​ខ្ញុំ​ក៏​សង្ឃឹមដែរ​ថា ក្នុង​នាម​ខ្ញុំ​ជា​អគ្គលេខាធិការ​អាស៊ាន​ ចង់​ឃើញ​ការងារ​​នេះ​បាន​ចប់​ផង​ដែរ​។

លោក​បាន​បញ្ជាក់ថា ទាក់ទង​កិច្ចព្រមព្រៀងក្រម​ប្រតិបត្ដិ​ (COC) នេះ​ វា​មិនសំដៅលើ​ការចរចាទាមទារ​​អធិបតេយ្យ​ភាព​ទៅលើ​តំបន់​ណាមួយ​ទេ។ វា​ជាការចរចា​រវាង​អាស៊ាន​ និង​ចិន​គ្រប់គ្រង ដោះស្រាយ ហានិភ័យ និង​ការ​ប្រឈម​ស្ថានភាព​តឹងតែងនេះ​។

អគ្គលេខាធិការ​អាស៊ាន បានបន្ដថា ការ​គ្រប់គ្រង​ទឹក​ដីជាក់ស្ដែង ភាគី​ពាក់ព័ន្ធ​បន្ដ​ចរចា​តាម​ច្បាប់​អន្ដរជាតិ ជាពិសេស គឺ​អនុលោម​តាម​គោលការណ៍​ទទួលស្គាល់​ជាស​កល​នៃ​ច្បាប់​អន្តរជាតិ រួមទាំង​ឯកសារ​ដែលមាន​ចែង​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២ និង​សន្ធិសញ្ញា​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​នៅ​អាស៊ីអាគ្នេយ៍ (TAC)​។​

យោងតាម​របាយការណ៍​របស់​សេវា​ស្រាវជ្រាវ​សភា​ស្តីពី​ការប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋអាមេរិក និង​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ខាងកើត ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ បានឱ្យដឹងថា ប្រទេស​ចិន​បង្ហាញ​ពី​ការទាមទារ​សមុទ្រ​ចិន​ខាងត្បូង (SCS) ដោយ​ប្រើ​អ្វីដែល​គេ​ហៅថា ខ្សែបន្ទាត់​ប្រាំបួន ជា​ផែនទី​ដែល​បាន​ប្រើប្រាស់​ជា​លើកដំបូង​ក្នុង​ឆ្នាំ ១៩៤៧​។​

​ផែនទី​នេះ​មាន​បន្ទាត់​បែងចែក​ចំនួន​ប្រាំបួន ដែល​នៅពេល​បាន​ត​ភ្ជាប់ វា​បាន​គ្រប​បណ្ដ​ប់​តំបន់​ដែល​ត្រូវបាន​អះអាងថា ជា​ទឹកដី​យ៉ាងហោចណាស់ ៨០​ភាគរយ នៃ​ទីតាំងនៅ​ចន្លោះ​ប្រទេស​ចិន តៃវ៉ាន់ ហ្វីលីពីន ប្រ៊ុយណេ តំបន់ Borneo របស់​ម៉ាឡេស៊ី និង​ប្រទេស​វៀតណាម​។​

លោក គឹមហួន បាន​ឱ្យដឹងថា ពាក់​ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ក្រោម​ការ​ចរចា​ប៉ុន្មាន​ឆ្នាំ​មកនេះ រដ្ឋមន្ដ្រី​ការពារ​ជាតិអាស៊ាន​ ១០ បាន​ចុះ​ហត្ថលេខា​លើសេចក្តីថ្លែងការណ៍ប្រតិបត្តិរបស់បណ្តាភាគីនៃជម្លោះ នៅសមុទ្រចិនខាងត្បូង (DOC)​ DOC ប្រទេស​កម្ពុជា​ នៅ​ឆ្នាំ​២០០២ នៅ​ឆ្នាំ​២០០៦ យើង​បាន​ចេញជា​គោលការណ៍​ណែនាំ​ និង​ចាប់ផ្ដើម​ចរចា​ COC នៅ​ឆ្នាំ​២០០៧។

​សេចក្តីថ្លែងការណ៍ប្រតិបត្តិ​ (DOC) និងក្រមប្រតិបត្តិ (COC) គឺជា​កិច្ចព្រមព្រៀង​រវាង​ចិន និង​អាស៊ាន ដើម្បី​រក្សា​សន្តិភាព និង​ស្ថិរភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​

​វាជា​យន្ដការ​នៃ​ការ​គ្រប់គ្រង​ភាព​តានតឹង​ក្នុងចំណោម​រដ្ឋ​ទាមទារ ជាពិសេស​ប្រទេស​ចិន និង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួន (​ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម​) ខណៈពេលដែល​ធានា​នូវ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ជើងហោះហើរ​លើដែន​សមុទ្រ​ដ៏​មមាញឹក​បំផុត​មួយ​របស់​ពិភពលោក​។​

ពី​សេចក្តីថ្លែងការណ៍ប្រតិបត្តិនៅកម្ពុជា​ឆ្នាំ​២០០២​​ ម៉ាឡេស៊ីពន្លឿនបញ្ចប់​​ក្រមប្រតិបត្តិ​​សមុទ្រ​ចិនខាង​ត្បូង​​ត្រឹម​​ឆ្នាំ​២០២៦​

​ប្រទេស​ចិន និង​អាស៊ាន​បាន​ចុះហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍ប្រតិបត្តិ​ (DOC) នៅ​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០០២​ ក្នុងអំឡុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៨ នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។ 

បន្ទាប់ពី DOC អាស៊ាន និង​ចិន​បានចាប់ផ្តើម​ធ្វើការ​លើ​ក្រមប្រតិបត្ដិ​ (COC) ដើម្បី​បង្កើត​ក្របខណ្ឌ​ដែល​ចងភ្ជាប់​បន្ថែមទៀត​។ ទោះជា​យ៉ាងណា ការចរចា​មាន​ភាពយឺតយ៉ាវ​។ ការពិភាក្សា​សម្រាប់ (COC) បានចាប់ផ្តើម​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ ២០១៣​។​

​នៅ​ឆ្នាំ ២០១៧​ អាស៊ាន និង​ចិន​បានអនុម័ត​ក្របខ័ណ្ឌ​សម្រាប់​ក្រម​ប្រតិបត្តិ (COC) ដោយ​បង្កើត​គោលការណ៍​ណែនាំ​ជា​មូលដ្ឋាន​សម្រាប់​ការចរចា​នាពេល​អនាគត​។ នៅ​ឆ្នាំ​បន្ទាប់ ភាគី​ទាំង​ពីរបាន​ឯកភាព​លើ​សេចក្តីព្រាងច្បាប់​តែមួយ ដើម្បី​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការពិភាក្សា​។

នៅ​ឆ្នាំ ២០១៩​ ពួកគេ​មាន​គោលបំណង​បញ្ចប់ (COC) នៅ​ឆ្នាំ ២០២១​ ប៉ុន្តែ​វឌ្ឍនភាព​ត្រូវបាន​ពន្យារពេល​ដោយសារ​ជំងឺ​រាតត្បាតកូវីដ-១៩ និង​ការកើនឡើង​ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​។​

​បន្ទាប់ពី​រយៈពេល​ជិត ២០​ ឆ្នាំ ពេលវេលា​ហាក់​នៅ​ឆ្ងាយ​​សម្រាប់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ដើម្បី​ចូលទៅក្នុង​កិច្ចព្រមព្រៀង​ក្រមប្រតិបត្ដិ​ណាមួយ ដើម្បី​គ្រប់គ្រង​ភាព​តានតឹង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែលមាន​ជម្លោះ​។​

​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២៣​ ហ្វីលីពីន បាន​ជជែកជាមួយ​​ប្រទេសពាក់ព័ន្ធ​ ​ដូចជា ​ម៉ាឡេស៊ី និង​វៀតណាម ដើម្បី​ពិភាក្សា​អំពី​ក្រមប្រតិបត្ដិ​​ដាច់ដោយឡែក​មួយ​ទាក់ទង​នឹង​សមុទ្រ​ចិន​ខាងត្បូង ដោយ​លើកឡើង​ពី​វឌ្ឍនភាព​នៅ​វែង​ឆ្ងាយ​ក្នុង​ការ​​ឆ្ពោះទៅរក​កិច្ចព្រមព្រៀង​តំបន់​​ជាមួយ​ចិន​។​

យោងតាម​សារព័ត៌មាន BBC កាលពី​ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣​ បានឱ្យដឹងថា សមុទ្រ​ចិន​ខាងត្បូង​គឺជា​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់ ដោយមាន​ជាង ២១ភាគរយ​ នៃ​ពាណិជ្ជកម្ម​សកល ឬទឹក​ប្រាក់ ៣,៣៧​ ពាន់​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០១៦​។

តំបន់​សមុទ្រ​នេះ​ក៏​បាន​ផ្ដល់​ជា​ធនធាន​ជលផល​សម្បូរ​បែប​ ដែលបាន​ចិញ្ចឹម​ជីវិត​មនុស្ស​រាប់​លាន​នាក់។ ​ ទោះបីជា​ភាគច្រើន​គ្មាន​មនុស្ស​រស់នៅ​ក៏ដោយ ក៏តំបន់​ជម្លោះ Paracels និង Spratlys នៅមាន​​ធនធាន​ធម្មជាតិ​ដែល​មិនទាន់បាន​ប្រើប្រាស់ ច្រើន​សន្ធឹក​សន្ធាប់​ទៀត​។

ចិន​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​បញ្ចប់​ក្រម​ប្រតិបត្តិ (COC) នៅ​សមុទ្រ​ចិន​ខាងត្បូង នេះ​បើ​យោងតាម ស៊ីន​ហួរ ចុះផ្សាយ​នៅ​ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៥​ ដោយ​ដកស្រង់​សម្តី​រដ្ឋមន្ត្រីការបរទេស វ៉ាង យី បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​។​

​លោក វ៉ាង យី​ បាន​កត់សម្គាល់ថា តាមរយៈ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា សន្តិភាព និង​ស្ថិរភាព​ត្រូវបាន​រក្សា​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែល​ធ្វើឱ្យ​វា​ជា «​ផ្លូវ​ដែលមាន​សុវត្ថិភាព និង​មមាញឹក​បំផុត​សម្រាប់​ការធ្វើ​នាវាចរណ៍ និង​ជើងហោះហើរ​អន្តរជាតិ»​។​

​លោក​ក៏បាន​សង្កត់ធ្ងន់ថា គំនិត​ផ្តួចផ្តើម​កិច្ចសហប្រតិបត្តិការ​ដែ​ន​សមុទ្រ រួមទាំង​កិច្ចព្រមព្រៀង​ជាមួយ​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី បង្ហាញ​ពី​អំណាច​នៃ​ការសន្ទនា និង​កិច្ចសហប្រតិបត្តិការ​។​

លោកបាន​ថ្លែង​ថា៖ «​​ទាំងនេះ​គឺជា​ភ័័ស្តុតាង​ដែលថា​គ្មាន​បញ្ហា​ដែល​មិនអាច​ដោះស្រាយបាន​តាមរយៈ​ការសន្ទនា និង​គ្មាន​គោលដៅ​ដែល​មិនអាច​ទៅដល់​ដោយ​កិច្ចសហប្រតិបត្តិការ​នោះទេ»៕