ខេត្ដ​បន្ទាយ​មានជ័យ៖ សហគមន៍​នៃ​ខេត្តបន្ទាយមានជ័យ​ទទួលបាន​ទឹកស្អាត​ដោយផ្ទាល់​តាមរយៈ​ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​សម្រាប់​សហគមន៍​ចំនួន ២៩ ដែល​ទើបនឹង​ដាក់ឱ្យ​ដំណើរការ ​នៅ​ថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៥ ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ចំនួន ៣៥៨០០​ នាក់​​។​

ការ​​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​សហគមន៍​ថ្មី​ចំនួន​២៩​ដែល​ត្រូវបាន​រចនា​ឡើង​នាំយក​ទឹកស្អាត​ផ្តល់​ដល់​គ្រួសារ​ចំនួន​ជាង ៨០០០​គ្រួសារ នៅ​ទូទាំង​ស្រុក​ចំនួន​៥ ក្នុង​ខេត្តបន្ទាយមានជ័យ គឺ ស្វាយចេក ភ្នំស្រុក មង្គល​បូរី ព្រះនេត្រព្រះ និង ថ្មពួក​។

លោក ម៉ៅ ទៀត សមាជិក​គណៈកម្មាធិកា​រ​គ្រប់គ្រង​ទឹក​នៅ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍ថា​៖ «​ប្រព័ន្ធ​ទឹកស្អាត​កំពុង​ជួយ​សហគមន៍ និង​សុខភាព​កុមារ​ដោយ​កាត់បន្ថយ​ជំងឺរាគ​។

ពួកគាត់​មិនចាំបាច់​ដើរ​ឆ្ងាយ​ពី​ផ្ទះ​ដើម្បី​ទៅយក​ទឹក​ទៀត​ទេ ដែល​រួមចំណែក​ដល់​ការអភិវឌ្ឍន៍​សហគម​ន៍ ជាពិសេស​ដោយ​គាំទ្រ​សាលារៀន​ក្នុងការ​ទទួលបាន​ទឹកស្អាត​»។

ស្រុក​ទាំង ៥ នេះ​តែងតែ​ប្រឈមមុខ​នឹង​ការខ្វះ​ទឹក​យ៉ាងធ្ងន់ធ្ងរ ដែល​បណ្តាលឱ្យ​ប៉ះពាល់​សុខភាព​យ៉ាងខ្លាំង និង​រារាំង​ដល់​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​។​

អង្គការ​ទស្សនៈ​ពិភពលោក និង​ដៃគូ​រដ្ឋាភិបាល មន្ទីរ​រដ្ឋបាលខេត្ត ក៏បាន​កសាង​សមត្ថភាព​សមាជិក​គណៈ​ក​ម្មា​ធិ​ការគ្រប់គ្រង​ទឹក​ចំនួន​២៩​ស្ថានីយ​។​ រូបថត សហការី​

រួមគ្នា​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ គម្រោង​ដែល​ដឹកនាំ​ដោយ​អង្គការ​ទស្សនៈ​ពិភពលោក បាន​ដោះស្រាយ​បញ្ហា​ទាំងនេះ​ដោយ​ផ្តល់នូវ​ប្រភពទឹក​ស្អាត​ដែល​អាច​ទុកចិត្តបាន និង​ប្រកបដោយ​ចីរភាព​។

ជាមួយនឹង​ប្រព័ន្ធ​ចែកចាយ​ទឹកស្អាត​សហគមន៍ អង្គការ​ទស្សនៈ​ពិភពលោក និង​ដៃគូ​រដ្ឋាភិបាល មន្ទីរ​រដ្ឋបាលខេត្ត ក៏បាន​កសាង​សមត្ថភាព​សមាជិក​គណៈ​ក​ម្មា​ធិ​ការគ្រប់គ្រង​ទឹក​ចំនួន​២៩​ស្ថានីយ ដែល​តំណាង​ដោយ​សមាជិក​សហគមន៍ ដើម្បី​ធានាបាន​និរន្តរភាព​នៃ​ស្ថានីយ​ទឹក​ចែកចាយ​ទាំងនេះ​។​

សមាជិក​គណៈកម្មាធិកា​រ​ទឹក​ទទួលបាន​វគ្គ​បណ្តុះបណ្តាល​ក្នុង​ភាពជា​អ្នកដឹកនាំ ជំនាញ​អាជីវកម្ម ការអនុវត្ត ការគ្រប់គ្រង​ហិរញ្ញវត្ថុ និង​ការថែទាំ​ប្រព័ន្ធ​ចែកចាយ​ទឹក​បំពង់​តាម​សហគមន៍​។

​ការបើក​សម្ពោធ​ប្រព័ន្ធ​ចែកចាយ​ទឹក​តាម​បំពង់​សហគមន៍​ទាំងនេះ​គាំទ្រ​ដល់​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ដើម្បី​ឈានដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​លេខ​៦ ដោយ​ធានាឱ្យមាន​ការគ្រប់គ្រង​ទឹក និង​អនាម័យ​ប្រកបដោយ​ចីរភាព​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា​។

វា​ក៏​រួមចំណែក​ដល់​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​ដោយ​នាំមក​នូវ​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​ធន់​ទ្រាំ ចីរភាព និង​បរិ​យាប​ន្ន។​

លោក Janes Ginting នាយក​ជាតិ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ នៅ​កម្ពុជា​បាន​ថ្លែង​ថា​៖ «​ថ្ងៃនេះ​យើង​អបអរសាទរ​សមិទ្ធផល​ដ៏​អស្ចារ្យ​មួយ​ក្នុង​បេសកកម្ម​របស់​យើង ដើម្បី​ធានាថា ​ប្រជាជន​កម្ពុជា​ទទួលបាន​ទឹកស្អាត​ប្រើប្រាស់ និង​មាន​សុវត្ថិភាព​សម្រាប់​គ្រប់ៗ​គ្នា​»។

លោក​បានបន្ដថា​៖ «​ព្រឹត្តិការណ៍​នេះ​គឺជា​ភ័ស្តុតាង​មួយទៀត​នៃ​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​ការបង្កើន​សមត្ថភាពរ​បស់​សហគមន៍​ទាំងអស់​នៅ​កម្ពុជា មិន​ត្រឹមតែ​ដោះស្រាយ​តម្រូវការ​ទឹក​បន្ទាន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ពង្រឹង​ភាព​ធន់​ទ្រាំ និង​សុខភាព​ប្រជាជន​កម្ពុជា​គ្រប់ៗ​គ្នា​ផងដែរ​»។​​

​យោង​តាម​អង្គការ​ បាន​បង្ហាញថា​ អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ដំណើរការ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល​ជាង ៥ ទសវត្ស​រ៍ហើយ បន្តដំណើរ​របស់ខ្លួន​ក្នុងការ​នាំមក​នូវ​ការផ្លាស់ប្តូរ​ដ៏​វិជ្ជមាន​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត​នៅ​កម្ពុជា​។

ក្នុង​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ​តែប៉ុណ្ណោះ អង្គការ​ទស្សនៈ​ពិភពលោក បានផ្តល់​ទឹក​ប្រើប្រាស់​សម្រាប់​ប្រជាជន​ជាង​ចំនួន ១៣៧ ០០០​នាក់ នៅ​ទូទាំងប្រទេស ដោយ​សម្រប​សម្រួលការ​សាងសង់​ប្រព័ន្ធ​ចែកចាយ​ទឹក​សហគមន៍​ចំនួន​១២៥ នៅក្នុង​ខេត្ត​ចំនួន​៩​៕