កម្ពុជា​ដាក់​ទិស​ដៅ​ជំរុញ​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​ផ្លូវអាកាស​ឲ្យ​បាន​ចំនួន​ ៧,៥​លាន​នាក់​ គឺ​កើន​លើស​ឆ្នាំ​២០២៤​ជាង​១​លាន​នាក់ និង​ទំនិញ​ចំនួន ​៨០​ពាន់​តោន កើន​ឡើង​ជាង ២​ពាន់​តោន​នៅ​ក្នុង​ឆ្នាំ​២០២៥ នេះ។

ផែនការ​នេះ​ត្រូវ​បាន​បង្ហាញ​ដោយ​លោក​ ម៉ៅ​ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​ នៅ​ក្នុង​សន្និបាត​ប្រចាំ​ឆ្នាំ​របស់​អាកាសចរណ៍​ស៊ីវិល​នៅ​ថ្ងៃ​នេះ​ថា ដោយ​ដាក់​ទិស​ដៅ​បង្កើន​ការ​ធ្វើ​ដំណើរ និង​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាកាសចរណ៍​ស៊ីវិល​បាន​ថ្លែង​ថា អាកាសចរណ៍​ស៊ីវិល​នឹង​ជំរុញ និង​សម្រួល​នីតិវិធី​ដើម្បី​គាំទ្រ​ដល់​ការ​រៀបចំ​ជើង​ហោះ​ហើរ​ថ្មី របស់​ក្រុមហ៊ុន​អាកាសចរណ៍ Turkish Airlines ពី​ទីក្រុង​អ៊ីស្តង់ប៊ុល មក​កាន់​រាជធានី​ភ្នំពេញ​ ក្រុមហ៊ុន​អាកាសចរណ៍ Etihad Airways ពី​ទីក្រុង​អាប៊ូដាប៊ី មក​កាន់​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​អាកាសចរណ៍ Emirates Airlines ពី​ទីក្រុង​ឌូបៃ មក​កាន់​ខេត្តសៀមរាប។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ អាកាសចរណ៍ស៊ីវិល​បន្ត​ថា ខ្លួន​ក៏​កំពុង​​«សម្រប​សម្រួល​និង​ខិតខំ​ផ្តល់​វិញ្ញាបនបត្រ​អាកាស​យានដ្ឋាន​ឲ្យ​ទាន់​ពេលវេលា និង​រៀប​​ចំ​ផ្ទេរ​ជើង​ហោះ​ហើរ​ទាំង​អស់ ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ ដែល​គ្រោង​នឹង​បើក​ដំណើរការ​ នៅ​ខែ​កក្កដា ឆ្នាំ​២០២៥​ខាងមុខ»។

បន្ថែម​ពី​លើ​នេះ អាកាសចរណ៍ស៊ីវិល​ក៏​នឹង​«បន្ត​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​របស់​កម្ពុជា​អាច​មាន​លទ្ធភាព​កាន់​តែ​ទូលំ​ទូលាយ​ថែម​ទៀត ដើម្បី​បើក​ដំណើរការ​ជើង​ហោះ​ហើរ​អន្តរជាតិ»។

នៅ​ក្នុង​ឆ្នាំ​នេះ​ដែរ អាកាសចរណ៍ស៊ីវិល​នឹង​បន្ត​ការ​ចរចា​ កែ​សម្រួល​ និង​ចុះហត្ថលេខា​កិច្ច​ព្រមព្រៀង​ស្តីពី​សេវាកម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​ជា​ទ្វេភាគី ជាមួយ​ប្រទេស​ហ្វ៊ីលីពីន ជប៉ុន ឥណ្ឌូណេស៊ី ចក្រភព​អង់គ្លេស និង​ប៉ាគីស្ថាន ព្រមទាំង​ពហុភាគី​អាស៊ាន​រវាង​អាស៊ាន និង​នូវែលសេឡង់។

កាល​ពី​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​បាន​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ចំនួន ៦,២៤​លាន​នាក់ កើន​ឡើង​ ២២​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២៣។

ចំណែក​ការ​ដឹក​ជញ្ជូន​ទំនិញ​សម្រេច​បាន៧៧ ៧៥២​តោន កើន​ឡើង​ ៤០​ភាគរយ។​ ក្នុង​រយៈ​ពេល​នេះ​មាន​ជើង​ហោះ​ហើរ​ចំនួន ៥៨ ៣៥៤​លើក។ នេះ​បើ​តាម​អាកាសចរណ៍​ស៊ីវិល៕