ទោះ​បី​កម្ពុជា​មាន​សុវត្ថិភាព​ល្អ​សម្រាប់​ភ្ញៀវ​ទេសចរ​និង​អ្នក​វិនិយោគិន​បរទេស​ក៏​ដោយ​ អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បង្ហាញ​នីតិវិធី​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​​​ក្នុង​ករណី​មាន​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ណា​មួយ​កើត​ឡើង​ចំពោះ​ពួក​គេ។​

នៅ​ក្នុង​សេចក្ដី​ណែនាំ​អំពី​បែប​បទ នីតិវិធី​នៃ​ការ​ដាក់​ពាក្យ​បណ្ដឹង​ដែល​ លោក ស ថេត អគ្គ​ស្នងការ​នគរ​បាល​ជាតិ​បាន​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី១១​ខែមីនា​នេះ សាមី​ខ្លួន​ត្រូវ​យក​ពាក្យ​បណ្ដឹង​ទៅ​ដាក់​ដោយ​ផ្ទាល់​នៅ​នាយកដ្ឋាន​នគរបាល​ទេសចរណ៍​ អង្គភាព​នគរបាល​ទេសចរណ៍​ចំណុះ​អគ្គនាយកដ្ឋាន​ផ្ទាល់ ការិយាល័យ​ទេសចរណ៍​ ឬ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ស្រុក។

សេចក្ដី​ណែនាំ​បញ្ជាក់​ថា៖ «ពាក្យ​បណ្តឹង​ត្រូវ​សរសេរ​ជា​ភាសាខ្មែរ​ ភាសា​អង់គ្លេស ​បារាំង ឬ​អាច​ជា​ភាសា​ណា​មួយ​ដោយ​តម្រូវ​ឱ្យ​មាន​ការ​បក​ប្រែ​ជា​ភាសា​ខ្មែរ ឬ​ភាសា​ណា​មួយ​ក្នុង​ចំណោម​ភាសា​អន្តរជាតិ​ទាំង​ពីរ​ខាង​លើ»។

បន្ទាប់​ពី​ទទួល​ពាក្យ​បណ្ដឹង​ សមត្ថកិច្ច​ត្រូវ​សាកសួរ​សាមី​បណ្ដឹង​ទៅ​តាម​នីតិវិធី ហើយ​ត្រូវ​ចុះ​ទៅ​ស្រាវជ្រាវ​កន្លែង​កើត​ហេតុ​ និង​ស្រាវជ្រាវ ស៊ើបអង្កេត​រហូត​ឈាន​ដល់​ការ​ឃាត់​ខ្លួន​ជន​ល្មើស បញ្ជូន​ទៅ​តុលាការ​តាម​នីតិវិធី។

លោក ស ថេត បាន​ថ្លែង​នៅ​ក្នុង​សេចក្ដី​ណែ​នាំ​នេះ​ថា នយោបាយ​បើក​ចំហ​ជើង​មេឃ ​និង​នយោបាយ​ទេសចរណ៍​ជាតិ ការ​ធានា​សុវត្ថិភាព​ដល់​ជន​គ្រប់​រូប​ដែល​មាន​វត្ត​មាន​នៅ​កម្ពុជា បាន​ធ្វើ​ឱ្យ​កម្ពុជា មាន​ភាព​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​បាន​ក្លាយ​ជា​គោលដៅ​ទេសចរណ៍ ដែល​មាន​ប្រិយភាព​នៅ​ក្នុង​តំបន់។ កត្តា​នេះ​បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស​មាន​កំណើន​ជា​លំដាប់​ជារៀង​រាល់​ឆ្នាំ។

លោក​ថ្លែង​ថា៖ «រយៈ​ពេល​កន្លង​មក កង​កម្លាំង​នគរបាល​ជាតិ​បាន​ខិតខំ​បំពេញ​តួនាទី ភារ​កិច្ច​យ៉ាង​សកម្ម និង​ទទួល​លទ្ធផល​យ៉ាង​ល្អ​ប្រសើរ​ក្នុង​កិច្ច​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគិន​បរទេស ដោយ​បាន ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ជាច្រើន​លើស​លប់​កោតសរសើរ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ទាំងនេះ។

លោក​បន្ត​ថា៖ «ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្តី ក៏​មាន​ភ្ញៀវ​ទេសចរ​មួយ​ចំនួន​តូច​បាន​ទទួល​រងគ្រោះ​ដោយសារ​ហេតុការណ៍ ឬ​ឧប្បត្តិហេតុ​ចៃដន្យ​ផ្សេងៗ ដែល​ទាមទារ​ឱ្យ​សមត្ថកិច្ច​នគរបាល​ជាតិ ជួយ​ដោះស្រាយ​ និង​សង្គ្រោះ​បាន​ទាន់​ពេល​វេលា»៕