
សមូហភាពច្នៃប្រឌិត «ផ្ដល់ភាពកក់ក្ដៅ» បានដាក់បង្ហាញ អប្សរាដូនចាស់វគ្គពីរ នៅលើផ្ទាំងប៉ាណូដ៏ធំនៅក្បែរសាលាវិទ្យាល័យសន្ធរម៉ុក ជាគំនិតផ្តួចផ្តើមអបអរសាទរភាពធន់ ភាពស្រស់ស្អាត និងកេរ្តិ៍ដំណែលវប្បធម៌របស់ស្ត្រីចំណាស់របស់កម្ពុជា។ រូបថត សហការី
ភ្នំពេញ៖ ដោយទទួលជោគជ័យលើគម្រោង អប្សរាដូនចាស់ កាលពីឆ្នាំមុន សមូហភាពច្នៃប្រឌិត «ផ្ដល់ភាពកក់ក្ដៅ» បានដាក់បង្ហាញ អប្សរាដូនចាស់វគ្គពីរ នៅលើផ្ទាំងប៉ាណូដ៏ធំនៅក្បែរសាលាវិទ្យាល័យសន្ធរម៉ុក ជាគំនិតផ្តួចផ្តើមអបអរសាទរភាពរឹងមាំ ភាពស្រស់ស្អាត និងកេរ្តិ៍ដំណែលវប្បធម៌របស់ស្ត្រីចំណាស់របស់កម្ពុជា។
ស្របនឹងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ ២០២៥ គម្រោងនេះបានឧទ្ទិសយ៉ាងស្មោះស្ម័គ្រចំពោះដូនចាស់នៅក្នុងមណ្ឌលនៃមូលនិធិកុមារកម្ពុជា (CCF) ដែលផ្តល់ឱកាសឱ្យពួកគេភ្ជាប់ទំនាក់ទំនងជាមួយមរតកដូនតា និងចែករំលែករឿងរ៉ាវជីវិតរបស់ពួកគេ។
គម្រោងនេះត្រូវបានដឹកនាំដោយអ្នកថតរូប ឃេន បូ, ហាវ តាំង និង រ៉ាហ្វាអែល ពេជ្រ ដែលបានប្រមូលផ្តុំសិល្បៈ និងសហគមន៍ជាថ្មីម្តងទៀត ដើម្បីបុព្វហេតុសម្រាប់មនុស្សចាស់នៅកម្ពុជា។
លើសពីការថតរូប គម្រោងអប្សរាដូនចាស់វគ្គពីរ មានបំណងពង្រឹងនូវសេចក្តីថ្លៃថ្នូរ និងទំនុកចិត្តដល់ស្ត្រីដែលបានស៊ូទ្រាំនឹងការលំបាក និងភាពក្រីក្រ។
លោក ហាវ តាំង បាននិយាយថា៖ «យុទ្ធនាការនេះគឺដើម្បីឧទ្ទិសដល់ដូនចាស់កម្ពុជា អ្នកម្តាយកម្ពុជា អ្នកមីងកម្ពុជា ហើយជាការពិតណាស់ បងប្អូនខ្មែរ និងប្អូនស្រីនៅទីនោះ។ សូមអរគុណចំពោះការលើកទឹកចិត្តពួកយើងតាមរយៈភាពធន់ និងសេចក្តីសប្បុរសរបស់ពួកគាត់»។
ក្នុងចំណោមជីដូនដែលបង្ហាញខ្លួនក្នុងគម្រោងឆ្នាំនេះ លោកយាយ វ៉ាន់នី អាយុ៦១ឆ្នាំ ជាអ្នកអប្សរាដូនចាស់ក្មេងជាងគេ ដែលបានចែករំលែកក្តីរំភើបរីករាយក្នុងថ្ងៃថតរូប។
លោកយាយបាននិយាយថា៖ «យប់មិញខ្ញុំគេងមិនលក់ ព្រោះខ្ញុំទន្ទឹងរង់ចាំថ្ងៃនេះ និងបានស្លៀកឈុតអប្សរា»។

សិស្ស-និស្សិត CCF ក៏ចូលរួមក្នុងគំនិតផ្តួចផ្តើមនេះផងដែរ ដោយជួយជ្រោមជ្រែងការថតរូបអប្សរាវគ្គពីរទទួលជោគជ័យ។ រូបថត សហការី
បន្តចលនាវប្បធម៌
គម្រោងអប្សរាដូនចាស់វគ្គពីរ ត្រូវបានបង្ហាញលើសពីសោភ័ណភាព តែជាបទពិសោធន៍ជីវិតរបស់ដូនចាស់ផ្សារភ្ជាប់ជាមួយសិល្បៈដ៏ល្អឯករបស់កម្ពុជា។
សិស្ស-និស្សិត CCF ក៏ចូលរួមក្នុងគំនិតផ្តួចផ្តើមនេះផងដែរ ដោយជួយជ្រោមជ្រែងការថតរូបអប្សរាវគ្គពីរទទួលជោគជ័យ។
ការតាំងពិព័រណ៍នៅសាលា Neeson Cripps Academy របស់អង្គការ CCF នឹងបង្ហាញស្នាដៃទាំងនេះ អមដោយកាតាឡុកដែលផលិតដោយសិស្សនិស្សិត អ្នករចនា និងអ្នកនិពន្ធ។
នៅចុងឆ្នាំនេះ ការធ្វើបទបង្ហាញជាសាធារណៈនឹងអញ្ជើញអ្នកគាំទ្រឱ្យ «ជួបជាមួយជីដូន» និងអបអរសាទររឿងរបស់ពួកគេដោយផ្ទាល់។
ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ រូបថត គម្រោងអប្សរាដូនចាស់វគ្គពីរ នឹងត្រូវបានដាក់លក់ ដោយផ្ដល់ប្រាក់ចំណូលដល់កម្មវិធីជួយជនចាស់ជរារបស់អង្គការមូលនិធិកុមារកម្ពុជា CCF។ ការបរិច្ចាគអាចធ្វើឡើងដោយផ្ទាល់នៅលើវេបសាយអង្គការ CCF។

គម្រោងអប្សរាដូនចាស់វគ្គពីរ ត្រូវបានបង្ហាញលើសពីសោភ័ណភាព តែជាបទពិសោធន៍ជីវិតរបស់ដូនចាស់ផ្សារភញជាប់ជាមួយសិល្បៈដ៏ល្អឯករបស់កម្ពុជា។ រូបថត សហការី
កេរ្តិ៍ដំណែលនៃភាពរឹងមាំ និងភាពស្រស់ស្អាត
គម្រោងអប្សរាដូនចាស់វគ្គពីរ កាលពីឆ្នាំមុនបានទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាមួយនឹងរឿងរ៉ាវរបស់លោកយាយម៉ៅដែលនៅអាយុ ១០៤ ឆ្នាំបានក្លាយជាអប្សរាដែលមានវ័យចំណាស់ជាងគេរបស់កម្ពុជា។
ការផ្លាស់ប្តូរពីអ្នករើសអេតចាយនៅស្ទឹងមានជ័យទៅជាតំណាងវប្បធម៌ដ៏ល្បី រូបថតលោកយាយ ម៉ៅ ទទួលបានប្រជាប្រិយភាពខ្ពស់។
ពេជ្រ បានលើកឡើងថា៖ «យើងមិនបានដើរតាមនិន្នាការតុបតែងមុខអប្សរាទេ។ ខ្ញុំគ្រាន់តែចូលចិត្តថតរឿងតាមផ្លូវនិងអប្សរាប៉ុណ្ណោះ»។
ទន្ទឹមនឹងនោះ អ្នកសម្របសម្រួលយុទ្ធនាការ CCF លោក ហែម លេន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជ្រើសរើសយាយីដែលបង្កប់នូវទំនុកចិត្ត និងភាពធន់។
ពេជ្រ បាននិយាយថា៖ «គម្រោងនេះអបអរតួនាទីស្ត្រីវ័យចំណាស់ក្នុងវប្បធម៌ខ្មែរ ជាពិសេសសម្រាប់ទិវាអ្នកម្ដាយថ្ងៃទី ១២ ឧសភា»។

ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ រូបថត គម្រោងអប្សរាដូនចាស់វគ្គពីរ នឹងត្រូវបានដាក់លក់ ដោយផ្ដល់ប្រាក់ចំណូលដល់កម្មវិធីជួយជនចាស់ជរារបស់អង្គការមូលនិធិកុមារកម្ពុជា CCF។ រូបថត សហការី
លោក ហាវ តាំង ស្ថាបនិក Local4Local បានសហការជាមួយ CCF ដើម្បីលើកកម្ពស់វិស័យទេសចរណ៍តាមរយៈ 3Ps—People, Place, and Plate។
លោកបានឱ្យដឹងថាថា៖ «គម្រោងផ្ដល់ភាពកក់ក្ដៅ រៀបរាប់រឿងរ៉ាវពីកម្ពុជាលើសពីថ្ម និងលលាដ៍ក្បាល»។
អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម លោកយាយ ម៉ៅ បានបាត់បង់គ្រួសារ មុនពេលស្វែងរកកន្លែងជ្រកកោនជាមួយកម្មវិធីជនចាស់ជរារបស់អង្គការ CCF ដែលឥឡូវនេះលោកយាយទទួលបានការគាំពារល្អ៕