
ក្រុមការងារក្រសួងបរិស្ថាន ចុះត្រួតពិនិត្យការបំពុលទឹក ព្រែកកំពង់ស្មាច់ ក្នុងខេត្តព្រះសីហនុ ដែលមានប្រភពចេញពីការបញ្ចេញ សំណល់រាវ របស់រោងចក្រមួយ កាលពីខែធ្នូ ឆ្នាំ២០២៤។ រូបថត ក្រសួងបរិស្ថាន
ភ្នំពេញៈ យ៉ាងហោចណាស់ក្រុមហ៊ុន៧ នៃរោងចក្រជាង១០០នៅកម្ពុជា ត្រូវបានរកឃើញថា បានបង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាតធម្មជាតិ ក្នុងនោះមានក្រុមហ៊ុនមួយបានលួចធ្វើសកម្មភាពខុសច្បាប់នេះអស់រយៈពេល៣ឆ្នាំមកហើយ។
នេះជាការថ្លែងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បន្ទាប់ពីកិច្ចប្រជុំលើកទី២ គណៈកម្មការអន្តរក្រសួង ក្នុងការសម្របសម្រួលរួម សម្រាប់អនុវត្តគម្រោងស្ដីពី «ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក» នារសៀលថ្ងៃទី១១ ខែមីនានេះ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«រោងចក្រប្រមាណជាង១០០នេះ គឺសុទ្ធសឹងរោងចក្រ ដែលមានលទ្ធភាពបង្ហូរសារធាតុពុល។ បើមិនធ្វើអាងប្រព្រឹត្តកម្មទេ ទឹកដែលបង្ហូរចេញ នាំមកនូវការបំពុលបរិស្ថាន ជាពិសេសប្រភពទឹកស្អាតរបស់យើង។ ប៉ុន្តែ មិនមែនក្រុមហ៊ុនទាំងអស់ មិនល្អទេ គឺមានក្រុមហ៊ុនល្អច្រើន វិនិយោគប្រកបដោយការយកចិត្តទុកដាក់ និងការគោរពវិស័យបរិស្ថាន»។
ទោះយ៉ាងណាក៏មានក្រុមហ៊ុនមិនល្អដែរ ដែលរហូតមកទល់ពេលនេះ មានក្រុមហ៊ុនចំនួន៧ហើយ ដែលក្រសួងបានរកឃើញថា បានលួចបង្ហូរទឹកកខ្វក់ ចូលទៅក្នុងប្រភពទឹកស្អាត។ ក្រុមហ៊ុនទាំង៧នេះ ត្រូវបានក្រសួងចាត់វិធានការតាមផ្លូវច្បាប់រួចហើយ។ ក្នុងនេះក្រុមហ៊ុន១ នៅក្រុងព្រះសីហនុ ត្រូវបានបញ្ជូនសំណុំរឿងទៅតុលាការ។
លោករដ្ឋមន្រ្តីបន្តថា មានក្រុមហ៊ុនចំនួន៣ទៀត បានទទួលស្គាល់កំហុស ធ្វើការសុំទោស ហើយបានកែតម្រូវ និងបង់ការផាកពិន័យទៅតាមច្បាប់ និងក្រមបរិស្ថាន ដែលកំណត់ទោសទណ្ឌធ្ងន់ធ្ងរចំពោះក្រុមហ៊ុន ឬបុគ្គល ដែលបំពុលប្រភពទឹក។
លោកបញ្ជាក់ថា៖«ឥឡូវក្រសួងមានក្រុមហ៊ុនចំនួន៤ ក្នុងដៃរបស់យើង ដែលកំពុងតែឱ្យអនុវត្តផ្លូវច្បាប់ ហើយគាត់មិនទាន់អនុវត្ត។ ហើយមានក្រុមហ៊ុនមួយគាត់តវ៉ា គឺក្នុងព្រែកមួយនោះគាត់បំពុល យប់ឡើង គឺស្អុយ ប្រជាជនឈប់រស់នៅបាន ៣ឆ្នាំមកហើយ។ ដល់ពេលយើងរកឃើញ យើងចាប់ទៅ គាត់ឡើងមកជួប តវ៉ាថា បដិសេធថា គាត់មិនបានធ្វើទេ»។

ចំពោះករណីតវ៉ានេះ ក្រសួងក៏បានចុះទៅយកសំណាកទឹកម្តងទៀត និងធ្វើការសម្ភាសប្រជាជន ដែលរស់នៅតាមស្ទឹងនោះ។ ប្រជាជនបានជួយធ្វើជាសាក្សីថា ក្រុមហ៊ុននោះ ពិតជាបានបង្ហូរទឹកកខ្វក់ធុំក្លិនចូលស្ទឹងនោះ ដែលធ្វើឱ្យខូចទឹកស្ទឹងទាំងមូល។
កិច្ចប្រជុំលើកទី២នេះ មានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូរអភិវឌ្ឍន៍ជាច្រើនរូប ដែលឧបត្ថមដោយរដ្ឋាភិបាលជប៉ុន។
គម្រោងស្ដីពី ការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក»នេះ គឺគ្រប់គ្រង និងដឹកនាំ ដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ទាំងថវិកា និងបច្ចេកទេស។
គម្រោងស្ដីពីការពង្រឹងសមត្ថភាពលើការគ្រប់គ្រងការបំពុលទឹក ជំហានទី២ ត្រូវបានអនុម័តសម្រាប់រយៈពេល៤ឆ្នាំ (២០២៣-២០២៦) ដែលជ្រើសរើសស្ទឹងព្រែកត្នោត ជាតំបន់អនុវត្តគម្រោងបឋម។
គម្រោងមានគោលបំណង ដើម្បីលើកកម្ពស់ភាពត្រឹមត្រូវ និងជឿជាក់ នៃការវិភាគគុណភាពទឹក ដែលអនុវត្តដោយមន្ទីរពិសោធន៍ ដោយការពង្រឹងលើការកែលម្អបច្ចេកទេស ដែលបានផ្តួចផ្តើមក្នុងគម្រោងជំហានទី១ និងដើម្បីបង្កើតប្រព័ន្ធត្រួតពិនិត្យគុណភាពទឹក និងប្រព័ន្ធអធិការកិច្ចសំណល់រាវនៅក្នុងតំបន់គោលដៅ។ ក្នុងនោះមានការពង្រីក និងជំរុញកិច្ចខិតខំប្រឹងប្រែង ដែលបានសាកល្បងក្នុងគម្រោងជំហានទី១។
ម្យ៉ាងវិញទៀត គឺដើម្បីពង្រឹងសមត្ថភាព ក្នុងការរៀបចំផែនការគ្រប់គ្រងគុណភាពទឹក ដោយការប្រើប្រាស់សមត្ថភាព និងចំណេះដឹង ដែលបានអភិវឌ្ឍន៍អំឡុងពេលគម្រោងជំហានទី១ និងដើម្បីចែករំលែកការអនុវត្តល្អៗទាក់ទងនឹងការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងការបំពុលទឹកជាមួយភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរមូលដ្ឋាន និងផ្នែកឯកជន ដើម្បីធានាបាននូវការអនុវត្តមានប្រសិទ្ធភាព។
តំណាង JICA កញ្ញា MIURA Yoshiko បានឱ្យដឹងថា គម្រោងនេះ គឺជាគំនិតផ្តួចផ្តើមមួយ ដែលបានចាប់ផ្តើមឡើងនៅក្នុងខែកក្កដា ឆ្នាំ២០២៣ ហើយគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៦។
គម្រោងនេះមានគោលបំណងផ្តោតទៅលើការ បង្កើតប្រព័ន្ធតាមដាន និងគ្រប់គ្រងទឹកលើផ្ទៃដី និងទឹកកខ្វក់ ដោយផ្អែកលើអនុក្រឹត្យស្តីពីការ គ្រប់គ្រងការបំពុលទឹក។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ គម្រោងសម្រេចបាននូវ វឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសមត្ថភាពមន្ទីរពិសោធន៍ ការត្រួតពិនិត្យគុណភាព ទឹកលើផ្ទៃដី និងការគ្រប់គ្រងទឹកកខ្វក់។
លោករដ្ឋមន្រ្តីក៏បានថ្លែងដែរថា កិច្ចប្រជុំលើកទី២នេះ គឺមានសារៈសំខាន់ណាស់ ដែលបានផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងសមត្ថភាពរបស់មន្រ្តីរាជការ ជាពិសេសមន្រ្តីក្រសួងបរិស្ថាន ឱ្យចេះគ្រប់គ្រងតាមដាន និងពិនិត្យគុណភាពទឹក។
កិច្ចប្រជុំនេះគឺដើម្បីផ្តោតការយកចិត្តទុកដាក់ទៅលើព្រែកត្នោតតែម្តង ដែលធ្វើយ៉ាងណា ឱ្យស្ទឹងព្រែកត្នោតមានគុណភាពល្អ។
លោករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ការចាត់វិធានការលើការបំពុលប្រភពទឹកស្អាត គឺមិនទាន់យឺតពេលនោះទេ ហើយវាកាន់តែមានសារៈសំខាន់ និងកំពុងតែចំពេលល្អណាស់សម្រាប់កម្ពុជា៕