​ភ្នំពេញ៖ បាតុភូត​ព្រះអាទិត្យ​រះ​ចំកំពូល​ប្រាសាទ​អង្គរវត្ដ​ បាន​មក​ដល់​ជា​ថ្មី​នៅ​ថ្ងៃទី​២១ ដល់ថ្ងៃទី​២៣ ខែមីនា​ខាង​មុខ​ ដែល​ផ្ដល់​​នូវ​ទស្សនីយភាព​ដ៏​គួរឱ្យ​ស្ញប់ស្ញែង​ដែល​ទាក់ទាញ​អ្នកទេសចរ​មកពី​ជុំវិញ​ពិភពលោក​។​

បាតុភូតធម្មជាតិ​នេះ ត្រូវបាន​គេ​ស្គាល់​ថា​ ជា សមរាត្រី​អង្គរ ឬ Equinox Angkor បង្ហាញ​ពី​ការផ្លាស់ប្តូរ​តាម​រដូវ​កាល និង​បង្ហាញ​ពី​ភាព​ប៉ិនប្រសប់​នៃ​ស្ថាបត្យកម្ម​ខ្មែរ និង​ការផ្សារភ្ជាប់​យ៉ាង​ស៊ីជម្រៅ​ទៅនឹង​ភពផែនដី​។​

យោងតាម​សេចក្ដី​ប្រកាស​ក្រសួង​ទេសចរណ៍​បាន​ឱ្យដឹងថា​៖ «​ព្រឹត្តិការណ៍ Equinox Angkor គឺជា​បាតុភូត​ពន្លឺព្រះអាទិត្យ​ពិសេស​ដែល​កើតឡើង​ពីរដង​ក្នុង​មួយឆ្នាំ​នៅ​ប្រាសាទអង្គរវត្ត​ក្នុងប្រទេស​កម្ពុជា ​ដែល​ទីមួយ​ត្រូវបាន​​ហៅថា សមរាត្រី​រដូវប្រាំង Vernal Equinox ​​នៅ​ចន្លោះ​ថ្ងៃទី ២១ ដល់​ថ្ងៃទី ២៣ ខែមីនា ចាប់ពី​ម៉ោង ៥:០០ ព្រឹក ដល់ ៦:៣០ ព្រឹក​»។​

ព្រឹត្ដិការណ៍​ទីពីរ គឺ​ សមរាត្រី​រដូវ​វស្សា ឬ Autumnal Equinox ​ចន្លោះ​ថ្ងៃទី ២១ និង ២៣ ខែកញ្ញានៅ​ពេលវេលា​ថ្ងៃរះ​ប្រហាក់​ប្រហែល​គ្នា​។​

ក្រសួង​អះអាង​ដោយ​មោទនភាព​ថា បាតុភូត​នេះ​មិន​ត្រឹមតែ​បង្ហាញ​ពី​ភាព​ប៉ិនប្រសប់​នៃ​ការ​រចនា​ប្រាសាទ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ភាព​ប៉ិនប្រសប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ ដែល​ជំនឿ និង​ការយល់ដឹង​អំពី​ចក្រ​វា​ឡ​បាន​ដឹកនាំ​ការសាងសង់​ប្រាសាទអង្គរវត្ត​។​

ក្នុងអំឡុងពេល​នៃ​ព្រឹត្តិការណ៍​ទាំងពីរ​នេះ ព្រះអាទិត្យ​រះ​ដោយផ្ទាល់​ស្របទៅនឹង​ប៉ម​កណ្តាល​របស់​ប្រាសាទ បង្កើតបានជា​ការបង្ហាញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នៃ​ភាពស៊ីសង្វាក់​គ្នា​រវាង​ស្ថាបត្យកម្ម និង​ធម្មជាតិ​។​

នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣​ ភ្ញៀវទេសចរ​ប្រមាណ ៨៧២៦ នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ប្រាសាទអង្គរវត្ត​ដើម្បី​ទស្សនាសមរាត្រី​ ដែល​ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ចំនួន ៦៥០០នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ២២២៦នាក់​។ រូបថត ហុង រស្មី ​

​អច្ឆរិយៈសមរាត្រី​​នេះ ដែល​កើតឡើង​ពីរដង​ក្នុង​មួយឆ្នាំ គឺជា​លទ្ធផល​នៃ​ការយល់ដឹង​ជឿនលឿន​របស់​ប្រជាជន​ខ្មែរ​ពី​បុរាណ លើ​វិស័យ​តារាសាស្ត្រ ស្ថាបត្យកម្ម និង​ចលនា​សេ​ឡេ​ស្ទាល​។​

លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​ថ្លែងថា​៖ «​វា​ជា​ព្រឹត្តិការណ៍​ដ៏​កម្រ និង​គួរ​ឱ្យ​​ស្ញប់ស្ញែង​។​ ​ពេលព្រឹក​នៃសមរាត្រី​ទាក់ទាញ​មនុស្ស​រាប់ពាន់នាក់ ​ចង់ឃើញ​ថ្ងៃ​រះ​ដ៏​ស្រស់ស្អាត​​​។ វា​ជាការ​លាយ​បញ្ចូល​គ្នា​នៃ​បេតិកភណ្ឌ​វប្បធម៌ ស្ថាបត្យកម្ម និង​ធម្មជាតិ​ដែល​ចូលរួម​ក្នុង​ភាព​សុខដុម​ល្អឥតខ្ចោះ​»​។​

​ព្រឹត្តិការណ៍​កាលពី​ឆ្នាំមុន​មាន​អ្នកចូលរួម​បំបែក​កំណត់ត្រា​ដោយមាន​អ្នកទស្សនា​ជាច្រើន​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ថ្ងៃទី ២១ និង ២២ ខែមីនា​។​

​នៅ​ថ្ងៃទី ២២ ខែមីនា ចំនួន​នេះ​បាន​កើន​ដល់​ជិត ១២០០០ នាក់ ជាមួយនឹង​ភ្ញៀវ​បរទេស​ជាង ២៦០០ នាក់ ខណៈ​​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ ​បានមក​ជួបជុំគ្នា​នៅ​ទីតាំង​នោះ ដោយ​អន្ទះសារ​ចង់ឃើញ​ព្រះ​អាទិត្យ​រះ​ចំ​កំពូល​​ប្រាសាទ​។​

​បាតុភូត​ទី​២ ដែល​កើតឡើង​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​សរុប​ចំនួន ៣៨២៣៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន ៣៦​២០០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ២​០៣៦​នាក់​។​

​នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣​ ភ្ញៀវទេសចរ​ប្រមាណ ៨៧២៦ នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ប្រាសាទអង្គរវត្ត​ដើម្បី​ទស្សនាសមរាត្រី​ ដែល​ក្នុងនោះ​មាន​ភ្ញៀវទេសចរ​ក្នុងស្រុក​ចំនួន ៦៥០០នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ២២២៦នាក់​។​

បាតុភូត​ទី​២ ដែល​កើតឡើង​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤ បាន​ទាក់ទាញ​ភ្ញៀវទេសចរ​សរុប​ចំនួន ៣៨២៣៦​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ចំនួន ៣៦​២០០​នាក់ និង​ភ្ញៀវ​អន្តរជាតិ​ចំនួន ២​០៣៦​នាក់​។ រូបថត ហុង រស្មី

​ទោះបីជា​អាកាសធាតុ​មិន​អំណោយផល​នៅ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣​ ក៏ដោយ ក៏​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិជាច្រើន​​នៅតែ​មក​ទស្សនាសមរាត្រី​រដូវ​វស្សា​នៅ​​ប្រាសាទអង្គរវត្ត​​។​

​​នៅពេលដែល​ទ្វារ​ស្ពាន​ហាល​បាន​បើក ភ្ញៀវទេសចរ​មកពី​គ្រប់ទិសទី​នៃ​ពិភពលោក រួមទាំង​អ្នកធ្វើដំណើរ​តាម​រដូវ អ្នក​ថតរូប និង​ក្រុមគ្រួសារ​បាន​ឆ្លងកាត់​ផ្លូវ​ដើរ​បុរាណ​ឆ្ពោះទៅ​ប្រាសាទ​។​

​ជើងមេឃ​ចាប់ផ្តើម​បញ្ចេញ​ពន្លឺ​ព្រៀលៗ​ ដែល​ប្រែ​រូប​ស្រមោល​នៃ​ប្រាសាទអង្គរវត្ត​ទៅជា​ទេសភាព​ដ៏​ស្រស់បំព្រង​នៃ​ពិភពលោក​។

កាមេរ៉ា​ច្រូង​ច្រាង​ចាប់ផ្ដើម​ផ្ដិត​យក​ទាំង​រូបថត និង​វីដេអូ​ ខណៈព្រះ​អាទិត្យ​ក្រហមទុំ​ផុស​ឡើង​បន្ដិច​ម្ដងៗ​ នៅលើ​កំពូល​ប្រាសាទ​អង្គរវត្ដ ដែល​បញ្ជាក់ថា ​​ពេលយប់ និង​ពេល​ថ្ងៃ​មាន​រយៈ​ពេល​ស្មើរ​គ្នា​​។​

​នៅពេល​ព្រះអាទិត្យ​រះ​កាន់តែ​ខ្ពស់ បំភ្លឺ​ប្រាសាទ​ដ៏​មហិមា និង​បញ្ចេញ​ស្រមោល​វែងៗ​លើ​ថ្ម​បុរាណ គ្រា​នៃសមរាត្រី​​រវាង​ពេលយប់ និង​ពេល​ថ្ងៃ បន្សល់ទុក​នូវ​ចំណាប់អារម្មណ៍​ដ៏​យូរអង្វែង​ចំពោះ​អ្នក​ដែលមាន​វត្តមាន៕