
ថ្នាំញៀនជិត ៤០០គីឡូក្រាម និងជនសង្ស័យ៦នាក់ ត្រូវបានរឹបអូស និងឃាត់ខ្លួន ក្នុងរាជធានីភ្នំពេញ។ នេះជាការបង្ក្រាបទ្រង់ទ្រាយធំមួយ កាលពីខែសីហា ឆ្នាំ២០២៤។ រូបថត មន្ទីរប្រឆាំងគ្រឿងញៀន
ភ្នំពេញៈ គ្រឿងញៀន ដែលត្រូវបានរកឃើញ និងរឹបអូសកាលពីឆ្នាំ២០២៤ មានជិត១៥តោន ដែលកើនឡើងចំនួន៤ដង បើប្រៀបធៀបទៅនឹងឆ្នាំ២០២៣។ នេះបើយោងតាម លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃពុធ ទី១២ ខែមីនានេះ។
លោកនាយឧត្តមសេនីយ៍បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការ នៃគ្រឿងញៀនសកល ជាពិសេស ពីតំបន់ត្រីកោណមាស។
លទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបគ្រឿងញៀនបានបង្ហាញថា បទល្មើសគ្រឿងញៀនពុំមានការថមថយនោះទេ បើធៀបនឹងឆ្នាំ២០២៣។ ជាក់ស្តែងនៅឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១០ ៦៣០ករណី ដែលកើនឡើង ២ ៥៦៧ករណី ស្មើ ៣១,៨៤% បើប្រៀបធៀបនឹងឆ្នាំ២០២៣។
លោកមាស វិរិទ្ធបានបញ្ជាក់ថា៖«ជនសង្ស័យចំនួន២៧ ០៧១នាក់ ត្រូវបានឃាត់ខ្លួន ដែលកើន ៣៥,៥៣% , គ្រឿងញៀនចាប់យក មាន១៤តោន ៩០៩គីឡូក្រាម កើនឡើង ១១ តោន ៩២០ គ.ក្រ ស្មើ ៣៩៨,៨២% (កើន៤ដង បើធៀបឆ្នាំ២០២៣)»។
ក្នុងចំណោមគ្រឿងញៀន ដែលចាប់រឹបអូសបានទាំងនេះ គឺជាប្រភេទមេតំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន និងអ៊ិចស្តាស៊ី ដែលមានប្រភពពីតំបន់ត្រីកោណមាស ហើយកូកាអ៊ីន មានប្រភពពីអាម៉េរិកខាងត្បូងនិងអាម៉េរិកកណ្តាល ហើយកេតាមីន និងអ៊ិចស្តាស៊ីមួយចំនួនមានប្រភពពីតំបន់អឺរ៉ុប។

មន្ទីរប្រឆាំងគ្រឿនញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ដោយចាប់ខ្លួនជនជាតិចិន២នាក់ និងរឹបអូសថ្នាំញៀនបាន ជាង២០០គីឡូក្រាម កាលពីខែកក្កដាឆ្នាំ២០២៤។ រូថថត Anti-Drug Department
ទោះយ៉ាងណា សារធាតុគីមីផ្សំ ដែលត្រូវបានរឹបអូសមានចំនួន ៣៥៤ គីឡូក្រាម ថយចុះ ១តោន ១១៥ គ.ក្រ ឬ ៧៦% បើធៀបនឹងឆ្នាំ២០២៣។
លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើង ក្នុងពេលធ្វើអធិបតីភាព បើកសន្និបាតនេះថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក។
ស្របជាមួយបញ្ហាអសន្តិសុខសកល ដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ចរិត បានឆ្លៀតឱកាសបង្កើនសកម្មភាព និងឧបាយកលរបស់ខ្លួនក្នុងការផលិត ចែកចាយ ជួញដូរ និងចរាចរ ជាពិសេសនៅតំបន់ ត្រីកោណមាស និងអឌ្ឍច័ន្ទមាស។
លោកឧបនាយករដ្ឋមន្ដ្រី បានថ្លែងថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែឈរលើគោលការណ៍ដ៏រឹងមាំមុតស្រួចមួយ ក្នុងការតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពចម្បងបំផុត និងដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្ត្រ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទាន់ពេលនូវរាល់បញ្ហា និងការពារថែរក្សាសង្គមកម្ពុជាជាសង្គម ស្អាតស្អំ ដែលគ្រឿងញៀនលែងជាឧបសគ្គដល់កិច្ចអភិវឌ្ឍជាតិ។
លោកបានបន្ថែមថា យុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល វិធានការគន្លឹះទាំង៥ និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ជាពិសេសការសម្រេចបន្តដាក់ចេញ«ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០» សុទ្ធតែជាសក្ខីភាពដ៏ប្រត្យក្សមួយអំពី គោលនយោបាយមុតស្រួច ប្រឆាំងនឹងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល។
បន្ថែមពីលើនេះទៀត ជាមួយចក្ខុវិស័យវែងឆ្ងាយ និងការដោះស្រាយមុតស្រួចចំបញ្ហា លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត បានដាក់ចេញ នូវយុទ្ធសាស្ត្រដ៏មានស័ក្តិសិទ្ធិភាពមួយ គឺ «គោលការណ៍សម្អាតចកចេញពីផ្ទៃបឹង»។
យុទ្ធសាស្រ្ត ដែលចាត់វិធានការម៉ឺងម៉ាត់ចំពោះ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ដែលមានការជាប់ ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានលើកលែង ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពគំរូនៃការអនុវត្តច្បាប់។
«ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០» ក៏ត្រូវបាន ប្រកាស ផ្សព្វផ្សាយ នៅថ្ងៃដដែលនោះផងដែរ។
ក្នុងពិធីប្រកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់មន្ត្រីដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ឱ្យដកខ្លួនថយ និងកែប្រែឥរិយាបថជាបន្ទាន់ ព្រោះថាចាប់ពីពេលនេះ តទៅ ការអនុវត្តពាក្យស្លោក ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែល ព្យាបាល និងវះកាត់ សម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺ លែងឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និងព្យាបាលទៀតហើយ។ ពោលគឺរាជរដ្ឋាភិបាល រួមទាំងក្រសួងមហាផ្ទៃ «នឹងចាត់វិធានការវះកាត់សាច់ស្អុយចោលតែម្ដង»។
លោកឧបនាយករដ្ឋមន្ត្រី ស សុខាលើកឡើងដូច្នេះថា៖«បញ្ហាគ្រឿងញៀននៅកម្ពុជា បើមិនមានការពាក់ព័ន្ធនឹងមន្ត្រីជាអ្នកអនុវត្តច្បាប់មួយចំនួននោះទេ ប្រាកដណាស់បញ្ហានេះមិនធំដុំដូចបច្ចុប្បន្នឡើយ»។
ហេតុនេះលោកបានព្រមានមន្រ្តី ដែលពាក់ព័ន្ធ ឱ្យដកខ្លួនចេញជាបន្ទាន់ ហើយបានណែនាំដល់មន្ត្រីមានសមត្ថកិច្ចទាំងអស់ ខិតខំពន្លាតការស្រាវជ្រាវ ដោយផ្តោតទាំងមុខសញ្ញាអ្នកដែលប្រព្រឹត្ត និងមុខសញ្ញាដែលពាក់ព័ន្ធជាខ្នងបង្អែក៕