ភ្នំពេញ៖ លោក ស សុខា រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាត់​ការ​អ្នក​កែច្នៃ​យានយន្ដ​បំពាក់ភ្លើង​ មើល​មិន​យល់ថា តើ​ជា​យានយន្ដ ឬជា​សត្វ​ចម្លែកមក​ផ្លាស់​ប្ដូរ​ទម្រង់​ដើម​វិញ​។

​លោក​បាន​ឱ្យដឹងថា​៖ «​យើង​ឃើញ​ថា ១៥ ឬ ១៦​ស្នងការ​បាន​បង្ក្រាប​។ ខ្ញុំ​សូម​អរគុណ និង​សូម​លើក​ទឹកចិត្ដ និង​ផ្សព្វផ្សាយ​។ រឿង​កែច្នៃ​មួយ​ចំនួន គឺ​មិន​អនុញ្ញាត​ទេ​ ទាក់ទង​នឹង​ភ្លើង​ស្ដុប​ ដែល​វា​អាច​ប៉ះពាល់​សន្ដិសុខ និង​ចរាចរណ៍​តាម​ដង​ផ្លូវ​»។

លោក សុខា បាន​បញ្ជាក់ថា អភិបាល​រាជធានី​-ខេត្ដ​ត្រូវ​អនុវត្ដ​ដោយ​មិន​ចាំ​បាច់​ទទួល​ការ​ណែនាំ​ពី​ថ្នាក់​លើ​នោះទេ​។

សមត្ថកិច្ច​ហៅ​អ្នកបើកបរ​រថយន្ដ​ដែល​ប្រើ​ប្រាស់​ភ្លើង​ហ្វា​បំភ្លឺ​បង្ក​ការ​រំខាន និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​បើកបរ​ដទៃ។ រូបថត សហការី​

លោក​បាន​ថ្លែងថា​៖ «​បើ​សិន​ជា​រឿង​ម៉ូតូមួយ ​​រង់ចាំ​ការ​ណែនាំដែរ ខ្ញុំ​មិន​ដឹង​ធ្វើ​មេច​ទេ​។ ខុស​ គឺ​ចាប់​ទៅ​។ ចាប់​ហើយ​មិន​មែន​ព្រលែង​ទេ គឺ​ហៅ​ជាង​ [ម៉ូតូ​] មក​ប្ដូរ​ភ្លើង​ស្ដុប​ដើម​វិញ ចុះ​កិច្ច​សន្យា​ ទើប​ឱ្យ​គាត់​ទៅ ដោយអត់​ផាក​ទេ»។

​រដ្ឋមន្ដ្រី​មហាផ្ទៃ​បាន​និយាយ​សំដៅជា​ចម្បង​ទៅលើ​ខេត្ដ​បាត់ដំបង ដែល​លោក​សង្ខេតឃើញថា មាន​ក្រុម​យុវជន​ជិះម៉ូតូ​កែច្នៃ បំពាក់​ភ្លើង​មើលមិនដឹងជា​ម៉ូតូ ឬឡាន ឬ​សត្វ​ចម្លែក​។

មិនបង្អង់​យូរ លោក ​ដាញ់ អេង​ប៊ុន​ចាន់ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ធ្វើ​​​ការប្រមូល​នាំយក​អ្នកជិះ​ម៉ូតូ​​កែច្នៃ​​ខុស​លក្ខណៈ​បច្ចេកទេស​ក្នុង​ក្រុង​បាត់ដំបង​ចំនួន​០២​​​នៅ​ក្នុង​បរិវេណ​ព្រលានយន្តហោះ​វាល​បែក​ចាន ក្រុង​បាត់ដំបង​នា​រាត្រី​ថ្ងៃទី​៩​ខែ មីនាឆ្នាំ​២០២៥​។​

រ៉ឺម៉ក ឬតុកតុក តុបតែង​លម្អភ្លើង​ពណ៌ឆើតឆាយ ត្រូវបាន​សមត្ថកិច្ច​ឃាត់​។ រូបថត សហការី​

យោងតាម​ទំព័រ​ហ្វេសប៊ុក ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​បង្ហាញថា​ ការនាំមក​សាកសួរ​នេះ​មាន​ចំនួន ២២​នាក់​ម៉ូតូ​១៨​គ្រឿងក្នុង​នោះ​គឺ​ ដោយ​ក្រុម​​ទីមួយ​ មាន​រហ្សនាម​ថា ក្រុម​រោក​រ៉ា​ក មាន​ចំនួន ១២ នាក់ និង​​ក្រុមទីពីរ​​​រហ្សនាម ​ក្រុម pink pink មាន​ចំនួន​០៥​នាក់ ខណៈ​ ០៥នាក់​ទៀត​​មិន​មានឈ្មោះ​​ក្រុម​​​។​

ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ស្រង់​សំដៅពី​យុវជន​លេងម៉ូតូ​ប្លែកៗ​ទាំង​នោះ​បាន​ប្រាប់​សមត្ថកិច្ច​ថា​៖ «​ការកែច្នៃ​​​បែបនេះ​គឺជា​ការរៀបចំ​ប្រមូលគ្នា​ជា​ក្រុម ថតរូប​ភាពជា​វីដេអូ​ដាក់​សំឡេង​​ភ្លេង​កាចៗ បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក ​ឬ ​TikTok ដើម្បី​ទទួល​បាន​ការ​ចូល​មើល​ច្រើន​ និង​​​ទាក់ទាញ​អ្នកផ្សេង​ទៀត​ឱ្យ​ធ្វើ​​ដូច​ខ្លួន​»។

យោងតាម​មាត្រា​ទី ៣១ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី បាន​ចែងថា ការ​បំពាក់​សញ្ញា​សូរស័ព្ទ ភ្លើង​បំភ្លឺ ឬ​ភ្លើង​លម្អ​ផ្សេងៗ​ទៀត​ ក្រៅពី​ការ​កំណត់​លក្ខណ​បច្ចេកទេស​របស់​យាន​ជំនះ ត្រូវបាន​ហា​ម​ឃាត់​៕