
ទិដ្ឋភាពខាងក្នុងនៃការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។ Freshnews
«ផែនការយុទ្ធសាស្រ្តអាកាសចរណ៍ស៊ីវិលឆ្នាំ ២០២៥-២០៣០» នឹងជួយវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាបោះជំហានទៅមុខកាន់តែល្អ ខណៈគិតត្រឹមចុងឆ្នាំ ២០២៤ អាកាសយានដ្ឋានអន្តរជាតិទាំង ៣ បានភ្ជាប់ការហោះហើរទៅគោលដៅចំនួន ៣៤ នៅលើពិភពលោក។
នេះជាការលើកឡើងរបស់ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) ក្នុងពិធីបូកសរុបលទ្ធផលការងារអាកាសចរណ៍ស៊ីវិលឆ្នាំ ២០២៤ និងលើកទិសដៅបន្តអនុវត្តសម្រាប់ឆ្នាំ ២០២៥ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
លោក ហាវណ្ណាល់ បាននិយាយថា វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាកំពុងបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២៤ កន្លងមកអាកាសយានដ្ឋានអន្តរជាតិទាំង ៣ របស់កម្ពុជា(ភ្នំពេញ សៀមរាប និងព្រះសីហនុ) បានតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់ ១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងកោះតៃវ៉ាន់(គិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ នៅទូទាំងពិភពលោក) និងមានក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិចំនួន ៣១ កំពុងមានប្រតិបត្តិការនៅកម្ពុជា។
សម្រាប់អ្នកធ្វើដំណើរតាមផ្លូវអាកាស ក្នុងឆ្នាំ២០២៤ គឺមានប្រមាណ ៦,២៤ លាននាក់ កើនឡើង ២២ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ ចំណែកទំនិញដឹកតាមផ្លូវអាកាស មាន ៧៧,៨ ពាន់តោន កើន ៤០ភាគរយ។ ដោយឡែកសម្រាប់ជើងហោះហើរ គឺមានសរុបចំនួន ៥៨ ៣៥៤ ជើង កើនឡើង ១៤ ភាគរយ។
លោកបន្ថែមថា ភាពវិជ្ជមានទាំងនេះនឹងមិនបញ្ចប់ត្រឹមនេះឡើយ ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបាននិងកំពុងខិតខំធ្វើកិច្ចការជាច្រើន ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្រ្តថ្មីៗជាបន្តបន្ទាប់ ជាពិសេសការប្រកាសដាក់ឱ្យអនុវត្ត«ផែនការយុទ្ធសាស្ត្រអាកាសចរណ៍ស៊ីវិល ឆ្នាំ២០២៥-២០៣០» ដើម្បីធ្វើយ៉ាងណាជំរុញវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ឱ្យបោះជំហានទៅមុខកាន់តែលឿនបន្ថែមទៀត។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល«ផែនការយុទ្ធសាស្ត្រអាកាសចរណ៍ស៊ីវិល ឆ្នាំ២០២៥-២០៣០» ដែលដាក់ឱ្យអនុវត្តន៍មានចំនួន ៨ ចំណុច ដូចជា ១.ការពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចដឹកជញ្ជូនតាមផ្លូវអាកាស, ២.ការពង្រឹងសុវត្ថិភាព, ៣.ការពង្រឹងសន្តិសុខ, ៤.ការពង្រឹងប្រសិទ្ធភាពចរាចរណ៍នាំផ្លូវអាកាស, ៥.ការគ្រប់គ្រងប្រតិបត្តិការនិងសេវាកម្មអាកាសចរណ៍ស៊ីវិល, ៦.ការអភិវឌ្ឍហេដា្ឋរចនាសម្ព័ន្ធនិងការការពារបរិស្ថាន, ៧.ការពង្រឹងកិច្ចសហប្រតិបត្ដិការអន្ដរជាតិ, និង ទី ៨.ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងសមត្ថភាពស្ថាប័ន។
ក្នុងឆ្នាំ ២០២៥ នេះវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជានឹងកត់ត្រាភាពវិជ្ជមានរបស់ខ្លួនបន្ថែមទៀត តាមរយៈការបើកជើងហោះហើរថ្មីរបស់ក្រុមហ៊ុនអាកាសចរណ៍ប្រទេសតួកគី Turkish Airlines ពីទីក្រុងអ៊ីស្តង់ប៊ុល មកកាន់រាជធានីភ្នំពេញ, ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ និងក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប។
តាមការព្យាករក្នុងឆ្នាំ ២០២៥ នេះចំនួនអ្នកដំណើរតាមផ្លូវអាកាសនៅកម្ពុជានឹងមានចំនួន ៧,៥ លាននាក់ និងការដឹកជញ្ជូនទំនិញ មានចំនួន ៨០ ពាន់តោន។
នៅក្នុងខែកក្កដា ខាងមុខ តាមផែនការអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកដំណើរការជាផ្លូវការ។ អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ដោយមានចម្ងាយប្រមាណ ២០គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ។
ក្រុមហ៊ុន OCIC ដែលជាម្ចាស់លើគម្រោងមួយនេះ បានឱ្យដឹងថា អាកាសយានដ្ឋានថ្មីនេះអាចអនុញ្ញាតឱ្យយន្តហោះខ្នាតធំបំផុតរបស់ពិភពលោកដូចជា Boeing 747-800 និង Airbus A 380-800 ចុះចតបាន។
ការសាងសង់អាកាសយានដ្ឋាននេះ ចែកចេញជា ៣ ដំណាក់កាល ដោយដំណាក់កាលទី ១ អាចទទួលអ្នកដំណើរបានជាង ១៥ លាននាក់ក្នុង ១ឆ្នាំ នៅត្រឹមឆ្នាំ ២០៣០។
ចំណែកដំណាក់កាលទី ២ អាចទទួលអ្នកដំណើរបាន ៣០ លាននាក់នៅឆ្នាំ ២០៥០ និងដំណាក់កាលទី ៣ ចាប់ពីឆ្នាំ ២០៥០ តទៅ ក្រុមហ៊ុននឹងបន្ថែមសាងសង់ផ្លូវរត់ទី ៣ ដើម្បីទទួលអ្នកដំណើរឱ្យបាន ៤៥ លាននាក់ក្នុង ១ ឆ្នាំ៕