ពោធិ៍សាត់ៈ ពលរដ្ឋចំនួន២៤គ្រួសារ ក្នុងចំណោមសរុប៩៨គ្រួសារនៅមិនទាន់ចាកចេញពីតំបន់អន្ទង់អាំង (ភ្នំ១៥០០) ក្នុងស្រុកវាលវែង នោះទេ រហូតមកដល់ពេលបច្ចុប្បន្ននេះ ដែលក្នុងនោះក៏មានមេធាវី ប៉ូលិស និងជាគ្រូបង្រៀននៅ​ភ្នំ​ពេញ​ បានទៅចាប់ដីនៅតំបន់នោះផងដែរ។

អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដាបានឱ្យដឹងថា បើទោះបីជារដ្ឋបាលខេត្តបានចេញលិខិតជូនដំណឹង និង​ជួប​ប្រ​ជុំ​ផ្ទាល់ជាច្រើនលើកយ៉ាងណាក៏ដោយ ក៏ពលរដ្ឋចំនួន២៤គ្រួសារនៅតែមិនព្រមធ្វើការរុះរើ និង​ចាក​ចេញពី​តំបន់​អន្ទង់​អាំង ទៅកាន់ទីតាំងថ្មី ដែលអាជ្ញាធរបានរៀបចំទុកឱ្យនោះដែរ។ ផ្ទុយទៅវិញ ​បែរ​ជា​មាន​អ្នកប្រឹង​ដើរតវ៉ា ស្រែកតាម​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ និងបណ្តាញសង្គមទៅវិញ។

លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី១៣ ខែមីនានេះថា៖«អស់ពេលវេលា ដែលត្រូវពន្យាពេលហើយ។ ដល់​ពេល​វេ​លាហើយ ព្រោះយើងខំប្រឹងប្រែងអស់លទ្ធភាពជាមួយពួកគាត់ហើយ។ យើងពន្យាពេលហ្នឹង គឺដោយ​សារ​តែ​ទឹក​ចិត្ត​អាណិតស្រលាញ់ពួកគាត់ហ្នឹងហើយ។ ឥលូវគាត់ដល់ដំណាក់កាលមួយ ដែលគាត់បង្ខំចិត្តឱ្យយើងអនុ​វត្ត​ច្បា​ប់​ហ្នឹង​»។

សេចក្តីជូនដំណឹងចុងក្រោយ របស់រដ្ឋបាលខេត្ត ដែលតម្រូវឱ្យព​លរ​ដ្ឋនៅសេសសល់ចាកចេញ ដើម្បី​​រៀប​ចំតំបន់​អន្ល​ង់អាំ​ង ឱ្យទៅជាតំបន់បៃតងនោះ គឺចុះកាលបរិច្ចេទនៅថ្ងៃទី ៣ ខែមីនា ហើយត្រូវបានផ្សព្វផ្សាយជាសាធារណៈ​នៅ​​ថ្ងៃទី១១ ខែមីនា។

រដ្ឋបាលខេត្តបានព្រមានប្រើប្រាស់វិធានការច្បាប់ ចំពោះអ្នកដែលមិនព្រមចាកចេញ ក្នុង​រយៈ​ពេល​១៥ថ្ងៃ។ ក្នុងនោះក៏មាន ការប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់៥ឆ្នាំ និង ពិន័យជាប្រាក់​ចំនួន​៥០០​លាន​រៀល​ផង​ដែ​រ។

លោកអភិបាលក៏បានឱ្យដឹងផងដែរថា អ្នកដែលកំពុងតែដើរតវ៉ាខ្លះ ក៏មិនមែនជាអ្នកក្រខ្សត់ អត់ដីនៅនោះដែរ ប៉ុន្តែខ្លះ​មាន​ដី​ជាច្រើ​ន​កន្លែងឯនោះ។

ប៉ុន្តែអាជ្ញាធរ នៅតែដោះស្រាយជូនពួកគាត់ ដោយបានរៀបចំផ្តល់ទីតាំងថ្មីល្អ ហើយ​ស្របច្បាប់ និងមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវ។ ក្នុងនោះមានដូចជា កសាងផ្លូវចាក់កៅស៊ូ ទំនប់​ទឹ​កដើ​ម្បី​ប្រើប្រា​ស់ទាំងធ្វើកសិកម្ម។

លោកមានប្រសាសន៍ថា៖«តែពួកគាត់ អត់មានគំនិតចូលរួមសហការណ៍ជាមួយនឹងអាជ្ញាធរយើងទេ។ គាត់​​ធ្វើតា​ម​​ជ្រុងមួយ នៃគំនិតរបស់ពួកគាត់ហ្នឹងឯង។ យើងមានទាំងអស់ ផ្លូវ ភ្លើង ទឹក។ ទឹកស្អាត តិច​ទៀត​រុ​ញដ​ល់​ហ្នុង​ហើយ។ គ្មានអីអត់ទេ។ តែតាមពួកគាត់ស្រែក ហាក់បីដូចជាគ្មានអីសោះនៅទីនោះ។ គាត់មិនព្រម អញ្ជឹង​និ​យាយ​ធ្វើ​ម៉េច​ឱ្យតែអវិជ្ជមានទេ»។

ទីតាំង​ថ្មីសម្រាប់​ពលរដ្ឋ ​ដែល​ស្ម័គ្រចិត្ត​ចាក​ចេញ​ពី​តំបន់​អន្ទង់​អាំងនោះ គឺមាន​ទំហំ​ជាង១៥០​ហិកតា។ ទីតាំងនោះ គឺស្ថិត​នៅ​ជិត​ទី​ប្រជុំជន ដែលមាន​ចម្ងាយ​ប្រមាណ​ជា​ ៦​គីឡូ​ម៉ែត្រ​ពី​រង្វង់​មូលដំរី ទីរួម​ស្រុក​វាលវែង។

ប្រជាពលរដ្ឋខ្លះដែលមិនព្រមចាកចេញនោះ គឺក៏មានអ្នកខ្លះជា មេធាវី មន្រ្តីនគរបាល គ្រូបង្រៀន​ និងអាជីវករ​ដែល​មាន​ទីលំ​នៅ​​ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗផងដែរ ហើយ​ពួក​គាត់​បាន​ទៅ​ចាប់​យក​ដី​នៅតំ​បន់​អន្ទង់អាំ​ងនោះ​។

នេះ​ជាការលើកឡើងរបស់ រដ្ឋ​មន្រ្តីក្រសួងរ៉ែ និងថាមល និង​ជាប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​ជាតិ​រដ្ឋាភិ​បាលចុះជួយ​ខេត្ត​ពោធិ៍សាត់ លោកកែវ រតនៈ នៅក្នុងកិច្ចសម្ភាសជាមួយនឹងវិទ្យុបារាំងកាលពីថ្ងៃទី១២ ខែមីនានេះ។

កិច្ចសម្ភាសស្តីពីបញ្ហាទាក់ទងនឹងតំបន់អន្ទង់អាំងនេះ ក៏ត្រូវបានចែករំលែកនៅលើបណ្តាញសង្គមរបស់​លោកនាយក​រដ្ឋ​មន្រ្តីហ៊ុន ម៉ាណែតផងដែរ។

លោករដ្ឋមន្រ្តីបានលើកឡើងថា អាជ្ញាធរមានការអត់ធ្មត់ខ្លាំងណាស់ចំពោះបញ្ហាអ្នកដែលមិនព្រមចាកចេញនោះ ដោយមិនបង្ហាញអត្តសញាណពួកគេជាសាធាណៈនោះទេ។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«បើសិនជាអាជ្ញាធរបញ្ចេញរូបថតដាក់តាមបណ្តាញសង្គមកន្លងមក ក៏ជាជំរើសដែរ។ តែសម្តេចបវរធិបតី លោកមិនចង់ធ្វើអញ្ចឹងទេ។ លោកចង់ថា ដោះស្រាយទៅ ការពារកិត្តិយស ទាំងអស់គ្នា ហើយ​រស់​នៅ​បន្ត​ទៀត ដោយសេចក្តីថ្លៃថ្នូរ ស្របច្បាប់»៕