អ្នកជំនាញសេដ្ឋកិច្ច​មានជំនឿ​ថា ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត​​ដែល​រៀបចំ​​នៅ​ក្នុង​ខេត្ត​សៀមរាប​នា​អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរនាពេល​ខាង​មុខ នឹង​នាំ​ផល​វិជ្ជមាន​ច្រើ​នដល់កំណើន​​​សេដ្ឋកិច្ច ​និងវិស័យ​​ទេសចរណ៍កម្ពុជា ជាពិសេស​ខេត្ត​សៀមរាប​។

អង្គរសង្ក្រាន្ត ឆ្នាំ ២០២៥ នឹងក្លាយជាឆ្នាំដំបូងដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»។

តាម​ផែនការ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ នឹងលើកយកនូវកេរដំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល ៣ថ្ងៃ គឺ​​ថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ដែល​ត្រូវនឹង​ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិ​ខ្មែរ។​

កម្ម​វិធី​នេះ​ត្រូវ​បាន​រំពឹង​ថានឹង​អាច​​ទាក់ទាញភ្ញៀវទេសចរជាតិ និង​អន្តរជាតិ​ជា​ច្រើន​ឱ្យ​​​​ទៅទស្សនា​ទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះដ៏សម្បូរ និងកម្មវិធីកម្សាន្តជាច្រើន។​

អ្នកសេដ្ឋកិច្ច​នៃរាជបណ្ឌិត្យ​សភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការរៀបចំព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត​ក្នុងខេត្ត​សៀមរាប នឹងបង្ហាញអំពីសម្បត្តិវប្បធម៌​ដ៏សម្បូរបែបទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិ​ ក្នុងន័យ​ផ្សព្វ​ផ្សាយ​ពី​​វិស័យ​ទេសចរណ៍កម្ពុជា​ឱ្យកាន់តែទូលំទូលាយ​ទៅកាន់ពិភព​លោក​។

លើសពីនេះ ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត​​​ក៏ជា​កម្លាំង​ចលករ​មួយ​ក្នុង​ការជួយ​ជំរុញ​​ឱ្យ​​សកម្មភាព​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា ពិសេស​​ខេត្ត​សៀម​រាប​ កាន់តែមាន​ភាព​រស់រវើក។

លោក​បា​ន​ថ្លែង​ថា​៖​«ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​​សេដ្ឋកិច្ច ដោយនឹង​មាន​មនុស្ស​ចូល​រួម​ច្រើន​ទាំងជន​ជាតិ​ខ្មែរ និង​ជនបរទេស​។ អ្នក​ចូល​រួម​នឹង​មាន​ការ​ចំណាយ​ ដែល​ការ​ចំណាយ​ទាំង​អស់​នោះ នឹង​ធ្វើ​ឱ្យ​មានលំហូរ​សាច់ប្រាក់​ច្រើន​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ជាតិ​»។

យល់ឃើញ​ប្រហាក់​ប្រហែល​នឹង​ការ​លើក​ឡើង​ខាង​លើ លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា​-ចិន បានឱ្យ​ដឹង​​ថា ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ដ គឺជាការ​លើកតម្កើងវប្បធម៌​ អរិយធម៌​ និង​ជាតិសាសន៍ខ្មែរ​​​លើ​ឆាកអន្តរជាតិ​ ហើយការ​រៀបចំ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បីទាក់ទាញភ្ញៀវ​ទេសជាតិ និង​អន្តរជាតិ​ឱ្យ​មកដើរកម្សាន្តក្នុង​ខេត្តសៀមរាបឱ្យ​​កាន់​តែ​ច្រើន​​។

លោក​អះអាងថា៖«ព្រឹត្តិការណ៍​អង្គរសង្រ្កាន្ត​ គឺជារំលេច​ឡើង​នូវ​វប្បធម៌ និង​ប្រពៃណី​របស់ជាតិសាសន៍យើង​ ហើយក៏ជាការ​ផ្សព្វផ្សាយ​ទៅភ្ញៀវ​ជាតិ និងអន្តរជាតិ​ ដើម្បីឱ្យ​ពួក​គេ​ទៅ​ទស្សនា​ខេត្តសៀម​រាប​​ផងដែរ​»។

ប្រធានក្រុមការងារប្រតិបត្តិនៃព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ លោក សុខ សប្បាយណា ក្នុងសន្និសីទសារព័ត៌មាន​ស្តីពីព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ឆ្នាំ​២០២៥​ ​កាលពី​ថ្ងៃទី ៩ មីនា ឆ្នាំ​២០២៤​ បាន​និយាយ​ថា ​ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ​ ២០២៥ នឹង​ធ្វើ​ឡើង​ចំនួន ៦ ទីតាំង រួមមាន បរិវេណ​ប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងខេត្តសៀមរាប, King’s Road, ​Pub Street, និង​អង្គរ​ខ្យុងយូ។​ ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដឆ្នាំ ២០២៥​ នឹង​មាន​រៀបចំកម្មវិធីធំៗចំនួន ៣៨។

ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ដ ត្រូវ​បានរៀបចំឡើង​ជា​លើក​ដំបូង​ក្នុង​​ឆ្នាំ២០១៣ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

ការវិលត្រឡប់មកវិញនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៥ ក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» គឺដើម្បីឆ្លើយតបទៅនឹងបំណងរបស់ប្រជាពលរដ្ឋជាច្រើនដែលតែងទន្ទឹងរង់ចាំវត្តមានព្រឹត្តិការណ៍នៅលើទឹកដីនៃខេត្តសៀមរាប។

ទន្ទឹមនឹងនេះ គោលបំណងចម្បងនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត គឺដើម្បីចូលរួមលើកស្ទួយមរតកវប្បធម៌អរូបី លើទីតាំងនៃមរតកវប្បធម៌រូបី ជាពិសេសបង្កើតនូវឱកាសជួបជុំ ផ្ដល់នូវបរិយាកាសសប្បាយរីករាយ ស្នាមញញឹម ដល់មហាគ្រួសារខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ៕