កំពង់ស្ពឺៈ ក្រុមការងារអន្តរក្រសួង អាជ្ញាធរខេត្តកំពង់ស្ពឺ និងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន៤ ដោយប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់វិញ។ នេះបើយោតាមបណ្តាញសង្គមផ្លូវការរបស់ប្រមុខរដ្ឋាភិបាលនាព្រឹកថ្ងៃសុក្រនេះ ទី១៤ ខែមីនានេះ។

ការដកបង្គោល និងប្រគល់ដីជូនសហគមន៍វិញនេះ ធ្វើឡើង នាថ្ងៃទី១៣ ខែមីនានេះ ទៅតាមអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ដើម្បីផ្តល់ជាប្រភពចំណូលដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋប្រ​មាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបម្រើសេវាកម្មទេសចរណ៍។

បណ្តាញសង្គមរបស់លោកនាយករដ្ឋមន្រ្តីបានសរសេរថា៖«ជាលទ្ធផល ក្រោយពីបានដកបង្គោលព្រំដី គឺបានផ្តល់នូវស្នាមញញឹម និងពោរពេញដោយក្តីអំណរសាទរ ក៏ដូចជាការថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីសំណាក់សហគមន៍ និងពលរដ្ឋ ដែលជាអ្នកបម្រើសេវាកញ្ចប់ទេសចរណ៍ពឹងលើសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់ទេសចរណ៍ខ្នងផ្សារ ដែល សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាសហគមន៍ ហើយសម្រេចឱ្យថែរក្សានូវលក្ខណ:ធម្មជាតិដូចដែលកំពុងមានស្រាប់ និងជាភាពទាក់ទាញសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដឹកនាំក្រុមការងារអន្តរក្រសួង ចុះពិនិត្យស្ថានភាពជាក់ស្តែង នៅខ្នងផ្សារ កាលពីថ្ងៃទី ៨ ខែមីនា។ រូបថត STPM

លោកនាយករដ្ឋមន្រ្តីបានប្រកាសលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ទាំងនោះចោលវិញ បន្ទាប់ពីបានដឹកនាំមន្រ្តីពាក់ព័ន្ធចុះទៅពិនិត្យផ្ទាល់នៅតំបន់នោះកាលពីថ្ងៃ៨ ខែមីនា ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ។

ក្រៅពីការដកបង្គោលទាំងនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត, រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកហួត ហាក់ និងអភិបាលខេត្តកំពង់ស្ពឺ លោកជាម ច័ន្ទសោភ័ណ ក៏បានពិនិត្យលើតំបន់ខ្នងផ្សារ ដើម្បីរៀបចំផែនការ ជំរុញឱ្យមានការអភិវឌ្ឍគោលដៅលំហែបៃតងនេះ។ 

ផែនការនេះ គឺដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ក៏ដូចជាការអភិរក្សក្សជីវៈចម្រុះ និងធនធានធម្មជាតិផងដែរ។ នេះបើយោងតាមក្រសួងបរិស្ថាន។

ក្រុមការងារបានសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនអ្នកទេសចរ ដែលមកកម្សាន្តនៅទីនោះ។

បន្ថែមពីនោះ ក៏សិក្សាធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។

ក្រសួងលើកឡើងថា៖«គម្រោងអភិវឌ្ឍន៍នេះ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ»។

ភ្នំខ្នងផ្សារ មានទីតាំងនៅចំណុចប្រសព្វមុំបី នៃ​ ខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់។ តំបន់ព្រៃភ្នំដ៏ធំមួយ នេះ គឺសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសត្វព្រៃកម្រជាច្រើនប្រភេទ។

តំបន់នេះមានកម្ពស់ប្រហែល១ ០១៧ម៉ែត្រ ដែលអាចមើលឃើញទេសភាពបាន ៣៦០ដឺក្រេ ដែលវាសមស្របបំផុតសម្រាប់អ្នក ដែលចូលចិត្តដើរភ្នំ។

ក្រុមការងារអន្តរក្រសួង ពិនិត្យមើលផែនទី និងទីតាំងជាក់ស្តែង នៃតំបន់ខ្នងផ្សារ ដើម្បីរៀបចំផែនការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជូនសហគមន៍ ក្នុងការបំរើវិស័យទេសចរណ៍។ រូបថត ក្រសួងបរិស្ថាន

ភ្នំខ្នងផ្សារ មានចម្ងាយប្រមាណ១៦៥គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយនៅទីនេះ សហគមន៍ទេសចរណ៍ខ្នងផ្សារ មានសេវាកម្មសម្រាប់ផ្តល់ជូនដល់ភ្ញៀវទេសចរ ដែលចង់មកលេងកម្សាន្តផងដែរ។

រដ្ឋាភិបាលក៏នឹងជួយបង្រៀនសហគមន៍ បន្ថែមទៀត​ពីរបៀបធ្វើបដិសណ្ឋារកិច្ច និងផ្តល់ ហើយគ្រប់គ្រងសេវាកម្មជូនភ្ញៀវទេសចរឱ្យបានល្អ ដើម្បីឱ្យពួកគាត់ ចេះរកស៊ីដោយខ្លួនឯង ជាជាងធ្វើការឱ្យគម្រោងអភិវឌ្ឍន៍ទាំងនោះ៕