
ក្រុមអភិរក្សជាតិ និងអន្តរជាតិ ធ្វើយុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០ គីឡូម៉ែត្រ ជាលើកដំបូង ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសត្វផ្សោត ដែលជាប្រភេទជិតផុតពូជនៅ កម្ពុជា និងចូលរួមកៀរគរមូលនិធិសម្រាប់ការអភិរក្ស។ រូបថត អង្គការ WWF-កម្ពុជា
ស្ទឹងត្រែងៈ យុទ្ធនាការហែលទឹកទន្លេមេគង្គ ជាលើកដំបូង ហែលទឹកឆ្លងកាត់ទីជម្រកសត្វផ្សោតទន្លេមេគង្គ ចម្ងាយ១២០ គីឡូម៉ែត្រ បាននឹងកំពុងតែធ្វើឡើង ដើម្បីរៃអង្គាសថវិកា សម្រាប់ការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងការពារទីជម្រកវារីសត្វគ្រប់ប្រភេទក្នុងទន្លេមេគង្គ ចាប់ផ្តើមពីថ្ងៃទី១៧ ដល់២០ខែមីនានេះ។
ក្រុមការងារអភិរក្សរបស់កម្ពុជា និងអន្តរជាតិ បានកំពុងតែធ្វើយុទ្ធនាការ ដែលចូលរួមដឹកនាំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងនោះមានការគាំទ្រដោយ រដ្ឋបាលជលផល អង្គការ WWF-កម្ពុជា អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា គណៈកម្មការថនិកសត្វសមុទ្រ សហរដ្ឋអាមេរិក កម្មវិធីស្រាវជ្រាវសត្វ ផ្សោត Sarasota នៅសួនសត្វ Brookfield ក្នុងទីក្រុង Chicago សហរដ្ឋអាមេរិក, IUCN Cetacean Specialist Group និង Oceania Conservation ។
សម្រាប់បេសកកម្មនេះ គឺ ជាការគាំទ្រកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វផ្សោតដែលរងការគំរាមកំហែងបំផុតមួយរបស់ពិភពលោក។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឌិត ទីណាមានប្រសាសន៍ថា ក្រសួងកសិកម្ម គាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្តួចផ្តើមរៀបចំយុទ្ធនាការហែលទឹក ទន្លេមេគង្គនេះ ដោយសារយើងកំពុងធ្វើការក្នុងទិសដៅដូចគ្នាក្នុងការអភិរក្សសត្វផ្សោតទន្លេមេគង្គ។
លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«ដូចលទ្ធផល បានបង្ហាញហើយថា រយៈពេលបីឆ្នាំចុងក្រោយនេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅតែបន្តកើនឡើង ហើយនេះ គឺជាភស្តុតាងដែលបង្ហាញពីការប្តេជ្ញាចិត្ត និងកម្មវិធីអភិរក្សប្រកបដោយប្រសិទ្ធភាពរបស់យើង»។
កាលពីសប្តាហ៍មុន កូនផ្សោតទើបកើតថ្មី១ក្បាលទៀត ដែលមានអាយុប្រមាណ២ថ្ងៃ ត្រូវបានស្រាវជ្រាវ និងថតបានដោយក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល នៃក្រសួងកសិកម្ម និងអង្គការ WWF-កម្ពុជា កាលពីថ្ងៃទី១១ ខែមីនា នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមរយៈការពិនិត្យរបស់ក្រុមអ្នកស្រាវជ្រាវ កូនផ្សោតនេះកើតពីមេផ្សោតដែលមានលេខកូដ១២៣ និងស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យចំនួន៣ក្បាលផ្សេងទៀត។
នេះគឺជាកូនផ្សោតទី៥ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ ដែលបានធ្វើឱ្យសត្វផ្សោតទន្លេមេគង្គកើនដល់១០៩ក្បាលនាពេលបច្ចុបប្បនេះ។
ក្នុងរយៈពេល ៤ ថ្ងៃនេះ ក្រុមអ្នកហែលទឹកនឹងបន្តហែលតាមដងទន្លេមេគង្គ អមដំណើរដោយក្រុមសុវត្ថិភាពជិះទូក កាយ៉ាក និងទូកឆ្នាំទន្លេដើម្បីជួយគាំទ្រសកម្មភាពហែលទឹក។

បេសកកម្មនេះនឹងមិនត្រឹមតែបង្ហាញពីការស៊ូទ្រាំ និង ការលះបង់របស់អ្នកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយ ដើម្បីកត់ត្រាមើលសត្វផ្សោត កំណត់អត្តសញ្ញាណ នៃការគំរាមកំហែងនានា និងប្រមូលយកសំណាកទាំងឡាយដែលអាចបង្កគ្រោះថ្នាក់ និងដកហូតមង នេសាទ ដែលបោះបង់ចោលចេញពីទន្លេ។
លោកចាប វិបុល នាយកអង្គការ WWF-កម្ពុជា មានប្រសាសន៍ថា ការការពារចំនួនសត្វផ្សោត គឺទាមទារវិធីសាស្ត្រ និងការចូលរួមទាំងអស់គ្នាពីអ្នកអភិរក្ស អ្នកបង្កើតគោលនយោបាយ និងសហគមន៍មូលដ្ឋាន។ យុទ្ធនាការហែលទឹក ទន្លេមេគង្គនេះ គឺជាសក្ខីភាពនៃកិច្ចការសហការ និងការចូលរួមជាសាធារណៈក្នុងការអភិរក្ស។
លោកស្រីFrances Gulland ប្រធានគណៈកម្មការថនិកសត្វសមុទ្រអាមេរិកបានមានប្រសាសន៍តំណាងឱ្យ ក្រុមអ្នកហែលទឹកថា យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺវាជាបេសកកម្ម ដើម្បីការពារផ្សោតដែលជិតផុតពូជ របស់កម្ពុជា និងទន្លេមេគង្គ ហើយក៏ជាការអំពាវនាវឱ្យមានសកម្មភាពចូលរួមគាំទ្រផងដែរ។
លោកស្រីបានបន្ថែមថា៖« យុទ្ធនាការហែលទឹកទន្លេមេគង្គនេះ គឺមិនមែនគ្រាន់តែជាសកម្មភាពហែលទឹកធម្មតាប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពនេះក៏ជាការអំពាវនាវឱ្យមានការចាត់វិធានការជាបន្ទាន់ ដើម្បីធានាថាមនុស្សជំនាន់ក្រោយនឹងបានឃើញសត្វដ៏អស្ចារ្យទាំងនេះដែលអាចលូតលាស់នៅក្នុងទន្លេមេគង្គ»។

កូនផ្សោតទី៥ ដែលបានកើតនៅដើមឆ្នាំ២០២៥នេះ ដែលបានធ្វើឱ្យចំនួន សត្វផ្សោតទន្លេមេគង្គកើនដល់១០៩ក្បាល នាពេលបច្ចុប្បន្ននេះ។ រូបថត អង្គការ WWF-កម្ពុជា
សាធារណជន មិនចាំបាច់ចូលរួមហែលទឹកដើម្បីសង្គ្រោះសត្វផ្សោតនោះទេ ប៉ុន្តែការចូលរួមបរិច្ចាគជាថវិកា នឹងជួយគាំទ្រទៅដល់កិច្ចការស្រាវជ្រាវ និងការល្បាតរបស់ឆ្មាំទន្លេរបស់រដ្ឋបាលជលផល សហការជាមួយអង្គការ WWF-កម្ពុជា ដើម្បីជួយសង្គ្រោះសត្វផ្សោតឱ្យរួចផុតពីការផុតពូជពីទន្លេមេគង្គ។
ការគាំទ្ររបស់សាធារណជនអាចធ្វើឱ្យមានការផ្លាស់ប្តូរ និងចូលរួមការងារអភិរក្សតាមរយៈ ការចូលរួមជាមូលនិធិ ៣០ដុល្លារ សម្រាប់គាំទ្រដល់ការចូលរួមសកម្មភាពការងាររបស់សមាជិកសហគមន៍នៅក្នុងគម្រោងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់សម្រាប់រយៈពេលមួយខែ។
ក្រៅពីនោះ ការចូលរួមជាមូលនិធិ ៣៥ ដុល្លារ សម្រាប់គាំទ្រដល់ ការបំពាក់ឧបករណ៍ចាំបាច់ក្នុងកិច្ចការល្បាត រួមជាមួយការផ្គត់ផ្គង់ឧបករណ៍សុវត្ថិភាពសំខាន់ៗដូចជាឧបករណ៍សង្គ្រោះបឋមជាដើម។ រីឯការចូលរួមជាមូលនិធិ ១០០ ដុល្លារ សម្រាប់គាំទ្រដល់ឆ្មាំទន្លេសម្រាប់ការកសាងសមត្ថភាពការអនុវត្តច្បាប់។
សត្វផ្សោតទន្លេមេគង្គ ត្រូវចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ និងកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការ បង្កើតតំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា៕