
នៅប្រាសាទខ្មែរមួយ លោករដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានប្រគល់ក្រមាប្រពៃណីខ្មែរ ជានិមិត្តរូបនៃការគោរព និងបដិសណ្ឋារកិច្ច។ រូបថត សហការី
ភ្នំពេញ៖ លោក ហ្គាហ្គាន ម៉ាលីក (Gagan Malik) តារាភាពយន្ដបូលីវូដដ៏ល្បីល្បាញ ជាពិសេសក្នុងភាពយន្ដពុទ្ធប្រវត្ដិ ព្រះគោតមសម្មាសម្ពុទ្ធ បានមកទស្សនាអង្គររបស់ប្រទេសកម្ពុជាដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងសន្តិភាព។
បើតាមក្រសួងទេសចរណ៍បានឱ្យដឹងថា៖ «នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ាលីក (ដើរតួជាព្រះពុទ្ធ) បានថ្លែងសារទៅកាន់ពិភពលោកអំពីភាពសម្បូរបែបនៃទេសចរណ៍កម្ពុជា និងកត្តាសន្តិភាព សេដ្ឋកិច្ច សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងសង្គមនៅកម្ពុជា ជាពិសេសភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជាពិតជាមានសុវត្ថិភាព»។
លោក ម៉ាលីក ដែលទទួលបានកិត្តិនាមជាអន្តរជាតិសម្រាប់ការសម្ដែងជាតួអង្គព្រះពុទ្ធក្នុងរឿង Sri Siddhartha Gautama ឆ្នាំ ២០១៣ បានបង្ហោះនៅលើបណ្តាញសង្គមដើម្បីចែករំលែកការកោតសរសើររបស់លោកចំពោះភាពស្រស់ស្អាត និងភាពស្ងប់ស្ងាត់នៃអង្គរក្នុងខេត្តសៀមរាប។
នៅក្នុងការបង្ហោះដ៏ស្មោះស្ម័គ្រនៅលើគណនី Instagram របស់លោក (@gaganmalik.official) ដោយបានចែករំលែកថា៖ «ពុទ្ធំ សរណំ គច្ឆាមិ! រីករាយទស្សនាប្រាសាទអង្គរធំ ខេត្តសៀមរាប ប្រទេសកម្ពុជា។ គំរូដ៏អស្ចារ្យនៃសម្រស់បុរាណបែបនេះ»។
ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក ម៉ាលីក បានទទួលនូវការស្វាគមន៍ដ៏កក់ក្តៅ និងគោរពពីលោករដ្ឋមន្ត្រី។នៅប្រាសាទខ្មែរមួយ លោករដ្ឋមន្ត្រីបានប្រគល់ក្រមាប្រពៃណីខ្មែរ ជានិមិត្តរូបនៃការគោរព និងបដិសណ្ឋារកិច្ច។

លោក ម៉ាលីក ទទួលបានកិត្តិនាមជាអន្តរជាតិសម្រាប់ការសម្ដែងជាតួអង្គព្រះពុទ្ធក្នុងរឿង Sri Siddhartha Gautama ឆ្នាំ ២០១៣។ រូបថត សហការី
លោក ម៉ាលីក ដែលមានទំនាក់ទំនងផ្ទាល់ខ្លួនយ៉ាងស៊ីជម្រៅជាមួយព្រះពុទ្ធសាសនា បានប្រើប្រាស់វេទិកាដើម្បីផ្សព្វផ្សាយការបង្រៀនរបស់ព្រះពុទ្ធសាសនា និងកសាងស្ពានវប្បធម៌រវាងប្រជាជាតិនានា។
ក្នុងឆ្នាំ ២០១៤ លោក ម៉ាលីក បានប្រណិបតន៍ព្រះពុទ្ធសាសនាជាផ្លូវការនៅក្នុងពិធីមួយនៅ Mihintale ប្រទេសស្រីលង្កា ដែលកន្លែងសំខាន់ក្នុងប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា៕