
មន្រ្តីជំនាញបរិស្ថានចុះត្រួតពិនិត្យការបញ្ចេញកាកសំណល់កខ្វក់ពីរោងចក្រ នៃក្រុមហ៊ុន កាងស៊ិនឡុងហ្វូត ដែលធ្វើឱ្យត្រីពុលងាប់ និងប៉ះពាល់ប្រភពទឹកពលរដ្ឋជាង៤០គ្រួសារ។ រូបថត ក្រសួងបរិស្ថាន
ប៉ៃលិនៈ ក្រុមហ៊ុនកែច្នៃដំណាប់ស្វាយមួយឈ្មោះ កាងស៊ិនឡុងហ្វូត ត្រូវបានរកឃើញថា បានបញ្ចេញកាកសំណល់រាវកខ្វក់បំពានច្បាប់ ដែលធ្វើឱ្យពុលត្រីងាប់ និងបំផ្លាញប្រភពទឹកប្រើប្រាស់របស់ពលរដ្ឋជាង៤០គ្រួសារ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រុមការងារជំនាញនៃមន្ទីរបរិស្ថានខេត្ត ដោយមានការសហការជាមួយរដ្ឋបាល និងពលរដ្ឋមូលដ្ឋាន នៅថ្ងៃទី១៦ ខែមីនា បានចុះពិនិត្យទីតាំងចំនួន៥ នៅជុំវិញ និងក្នុងរោងចក្រ នៃក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ស្ថិតនៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ និងបណ្តាញព័ត៌មានរួចមក។
ក្រុមការងារបានរកឃើញករណីត្រីងាប់ ក្នុងអូរនៅចំណុចក្បាលឡាន ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ។
ក្រសួងបញ្ជាក់នៅថ្ងៃទី ១៧ ខែមីនាថា៖«ក្រុមការងារ បានរកឃើញថា ទីតាំងក្រុមហ៊ុនកាងស៊ិនឡុងហ្វូត ដែលមានរោងចក្រកែច្នៃដំណាប់ស្វាយ បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវតាមច្បាប់។ សំណល់រាវរបស់រោងចក្រ ត្រូវបានរកឃើញមានសភាពល្អក់ មានក្លិនជូរផ្អូមខ្លាំង ចេញតាមលូរបស់រោងចក្រ ទៅក្នុងប្រភពលូទឹកសាធារណៈ ដែលបង្កឱ្យត្រីក្នុងអូរធម្មជាតិក្បាលឡានមានក្លិនជូរ ផ្អូមខ្លាំង នៅក្បែរនោះងាប់»។
ក្រៅពីនោះ ប្រជាពលរដ្ឋចំនួន ៤៧គ្រួសារ ក៏កំពុងតែទទួលរងផលប៉ះពាល់ផ្ទាល់ ដែលធ្វើឱ្យខ្វះខាតទឹកប្រើប្រាស់ នៅចំណុចក្បាលឡាន ស្ថិតក្នុងភូមិភ្នំស្ពង់ ឃុំសាលាក្រៅផងដែរ ។
ជាមួយគ្នានេះ ក្រុមការងារបានត្រួតពិនិត្យឃើញថាក្រុមហ៊ុន ត្រូវបានបើកដំណើរការផលិតកម្មកែឆ្នៃដំណាប់ស្វាយ បានរយៈពេល១៥ថ្ងៃ ហើយអាងប្រព្រឹត្តិកម្មរបស់រោងចក្រមិនបានដំណើរការនោះឡើយ។

ដើម្បីឆ្លើយតបចំពោះការប្រព្រឹត្តជាក់ស្តែងរបស់ក្រុមហ៊ុននេះ ក្រុមការងារបានធ្វើការណែនាំនិងអនុវត្តច្បាប់ ដោយ តម្រូវឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ការបញ្ចេញ សំណល់រាវ ចូលទៅប្រភពទឹកសាធារណៈដោយមិនបានឆ្លងកាត់ការធ្វើប្រតិកម្មត្រឹមត្រូវតាមបច្ចេកទេស ទោះក្នុងរូបភាព ឬគោលបំណងណាក៏ដោយ។
ក្រសួងក៏បានបញ្ជាឱ្យក្រុមហ៊ុន ត្រូវរៀបចំកែសម្រួលអាងប្រព្រឹត្តិកម្មសំណល់រាវឱ្យបានត្រឹមត្រូវ និងត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម ឱ្យបានត្រឹមត្រូវ។
លើសពីនោះ រាល់ដំណើរការរោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋាននានា ជៀសវាងបង្កផលប៉ះពាល់ដល់បរិស្ថាន សង្គម ជាពិសេសសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ក្រុមការងារបានចុះយកសំណាកទឹក មកពិនិត្យនៅមន្ទីរពិសោធន៍ក្រសួងបរិស្ថាន ដើម្បីចាត់ការនីតិវិធីច្បាប់បន្ត។
ក្រុមហ៊ុនបានបញ្ចេញសំណល់រាវ ល្មើសនឹងច្បាប់ពាក់ព័ន្ធនឹងការគ្រប់គ្រងការបំពុលទឹក ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានអនុម័តឱ្យប្រើប្រាស់នៅឆ្នាំ២០២៣។
មាត្រា២៨០ មាត្រា២៨៤ នៃក្រមនេះបានកំណត់ពីការរៀបចំផែនការសកម្មភាពគ្រប់គ្រងការបំពុលទឹកសាធារណៈ ការចាត់វិធានការក្នុងករណីមានការបំពុលទឹកសាធារណៈ និងត្រងចំណុចការត្រួតពិនិត្យការបំពុលទឹកពីប្រភពជាក់លាក់។
រីឯ មាត្រា២៨៦ មាត្រា២៨៧ បានកំណត់អំពីការស្នើសុំលិខិតអនុញ្ញាតបញ្ចេញសំណល់រាវ របស់ប្រភពបំពុលជាក់លាក់ ព្រមទាំងការទទួលខុសត្រូវរបស់ម្ចាស់ប្រភពបំពុលទាំងនោះ។
កិច្ចសហការរវាង មន្ទីរបរិស្ថាន និងអាជ្ញាធរមូលនេះធ្វើឡើង បន្ទាប់ពី រាជរដ្ឋាភិបាលបានចេញសារាចរណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវផ្តល់កិច្ចសហការដល់ក្រសួង បរិស្ថាន ដើម្បីអនុវត្តវិធានទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈកាលពីថ្ងៃ ទី១៥ ខែមីនានេះ។
សារាចរបានជំរុញម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃរោងចក្រ សហគ្រាស សួនឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេស អាជីវកម្មធនធានរ៉ែ មូលដ្ឋានសុខាភិបាល ទីសត្តឃាត និងមន្ទីរពិសោធន៍ជាដើម ត្រូវបំពាក់និងដំណើរការប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ និងបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន និងមានផែនការ មធ្យោបាយ និងសម្ភារបច្ចេកទេសឆ្លើយតបបន្ទាន់ក្នុងករណីកើតមានឧបទ្ទវហេតុការបំពុលទឹក។
ម្ចាស់កម្មសិទ្ធិ ឬអ្នកទទួលខុសត្រូវនៃអគារអាជីវកម្ម សេវាកម្ម បុរីលំនៅឋាន អគារសហកម្មសិទ្ធិ រមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ផ្សារ ផ្សារទំនើប ឬមណ្ឌលកម្សាន្តជាដើម ត្រូវបានជំរុញឱ្យបំពាក់ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យស្របតាមស្តង់ដាសុវត្ថិភាពបរិស្ថាន មុននឹងបង្ហូរទៅតំបន់ទឹក សាធារណៈ ឬបង្ហូរចូលបណ្តាញលូសាធារណៈ ដែលភ្ជាប់ទៅស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់រួម។
បន្ថែមពីនោះ ក៏បានជំរុញការអនុវត្តន៏រន្តរភាពកសិកម្ម តាមរយៈការគ្រប់គ្រង ការប្រើប្រាស់ជីកសិកម្ម ថ្នាំកសិកម្ម សារធាតុចិញ្ចឹម ឱ្យបានសមស្របតាមលក្ខខណ្ឌសុវត្ថិភាពនិងស្តង់ដាបរិស្ថាន ចៀសវាងការបង្ហូរ ឬលេចជ្រាបសំណល់រាវពីតំបន់កសិកម្ម ដែលបង្កការបំពុលដល់ប្រភពទឹកសាធារណៈ។
ក្រៅពីនោះ ក៏ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការកិច្ចគាំពារបរិស្ថានឆ្លងដែនជាមួយបណ្តាប្រទេសជិតខាងនិងក្នុងតំបន់ និងចូលរួមសហការចាត់វិធានការបន្ទាន់ក្នុងការកាត់បន្ថយការបំពុលទឹកសាធារណៈ ដោយ អនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕