
ក្រុមអ្នកសារព័ត៌មានមកពីច្រើនស្ថានប័នចុះផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ និងសេដ្ឋកិច្ចនៅខេត្ដព្រះសីហនុ កាលពីចុងឆ្នាំ២០២៤។ រូបថត ហុង រស្មី
ភ្នំពេញ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបទបញ្ជាប្រតិបត្តិ ដែលមានគោលដៅបញ្ឈប់ទីភ្នាក់ងារវិទ្យុអាស៊ីសេរី (RFA) វិទ្យុអឺរ៉ុបសេរី (RFE/RL) និងអង្គភាពព័ត៌មានដទៃទៀតដែលទទួលមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ វាក៏បានធ្វើឱ្យបុគ្គលិករបស់ស្ថាប័នសំឡេងសហរដ្ឋអាមេរិក (VOA) ជាង ១៣០០នាក់ ឈប់សម្រាកពីការងាររដ្ឋបាល។
បទបញ្ជាប្រតិបត្តិ កាលពីល្ងាចថ្ងៃសុក្រ ទី១៤ ខែមីនា បង្គាប់ឱ្យកាត់បន្ថយផ្នែកនានាដែលមិនមានចែងក្នុងច្បាប់ របស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីប្រព័ន្ធផ្សព្វផ្សាយសាកល ហៅកាត់ថា USAGM។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (Licadho) បានឱ្យដឹងថា សហរដ្ឋអាមេរិកខ្លួនឯងធ្លាប់រិះគន់ពីសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដែលមានការធ្លាក់ចុះ។
ការបង្កកប្រាក់ ឬផ្ដាច់មូលនិធិ សារព័ត៌មានអាស៊ីសេរី VOA និងអឺរ៉ុបសេរីជាដើមនោះ បានប៉ះពាល់ច្រើនទៅលើវិស័យសារព័ត៌មាន ជាពិសេស សារព័ត៌មានឯករាជ្យនៅក្នុងពិភពលោក។
លោក សំអាត បានថ្លែងថា៖ «សម្រាប់នៅកម្ពុជា វិទ្យុទាំងពីរនេះជាវិទ្យុពេញនិយម ដែលមានអ្នកស្ដាប់ច្រើន និងទទួលនូវព័ត៌មានច្រើន ដែលអាចចាត់ទុកជាសារព័ត៌មានអាចទទួលយកបាន។ នៅពេលរដ្ឋបាលលោក ត្រាំ ធ្វើបែបនេះ វាបានប៉ះពាល់ទៅដល់សេរីភាពសារព័ត៌មាន សិទ្ធិទទួលបានព័ត៌មាន សិទ្ធិបញ្ចេញមតិជាដើម»។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «សហរដ្ឋអាមេរិកត្រូវបានចាត់ទុកជាប្រទេសបិតាប្រជាធិបតេយ្យ និងលើកកម្ពស់លើសិទ្ធិមនុស្ស បានធ្វើឱ្យប៉ះពាល់សេរីភាពសារព័ត៌មាន»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា ការបង្កកប្រាក់ ឬផ្ដាច់ការគាំទ្រដល់វិទ្យុ សារព័ត៌មានមួយចំនួនរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នេះ លោកគិតថា នេះជានយោបាយរបស់លោក ត្រាំ ដែលបានប្រកាសតាំងពីបោះឆ្នោតមកម្លេះ ក្នុងកំណែទម្រង់ផ្ទៃក្នុងរបស់លោកប្រធានាធិបតី។
ការផ្សព្វផ្សាយរបស់សារព័ត៌មានទាំងនោះ ដែលថ្វីដ្បិតតែឆ្លុះបញ្ចាំងពីទស្សនៈរដ្ឋាភិបាលសហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ ក៏វាអាចជាលែងការចាំបាច់ពេក ដោយសារតែប្រព័ន្ធផ្សព្វផ្សាយមានការប្រែប្រួលទៅផ្ដោតលើបណ្ដាញសង្គម និងបច្ចេកវិទ្យាសិប្បនិម្មិត (AI) ជាដើម។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការផ្សព្វផ្សាយតាមវិធីប្រពៃណីនេះហាក់ដូចជាហួសសម័យ ហើយត្រូវចាយកញ្ចប់ថវិកាដល់តែមែនទែនរបស់សហរដ្ឋអាមេរិក។ ការផ្សាយនេះ ទោះត្រូវបានគេមើលឃើញថាជាទស្សនៈរបស់សហរដ្ឋអាមេរិក តែវាជាសំឡេងមួយធ្វើឱ្យមានការញុះញង់ទៅដល់នយោបាយនៅបណ្ដាប្រទេសមួយចំនួន។ ដូច្នេះ ប្រមុខរដ្ឋាភិបាលបណ្ដាប្រទេសទាំងនោះចោទប្រកាន់ទៅសារព័ត៌មាន ដែលហាក់ដូចជាចង្អុលទៅរដ្ឋបាលសហរដ្ឋអាមេរិកដែរ»។
លោក យង់ ពៅ បានបន្ដថា ដោយសន្និដ្ឋានលើចំណុចនេះ លោក ត្រាំ គិតថា សារព័ត៌មានមិនគួរដើរតួនាទីការទូតអាក្រក់សម្រាប់រដ្ឋបាលរបស់លោកនោះទេ។
លោកយល់ថា ការកាត់បន្ថយប្រព័ន្ធផ្សព្វផ្សាយនេះជះផលវិជ្ជមានទៅវិញចំពោះប្រទេសមួយចំនួនដែលធ្លាប់ត្រូវបានសារព័ត៌មានទាំងនេះផ្សព្វផ្សាយបំផ្លើសខ្លះដោយសារតែមិនទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ។
លោក យង់ ពៅ ដែលអះអាងថា កម្ពុជាមានសិទ្ធិសេរីភាពសារព័ត៌មានគ្រប់គ្រាន់ បានបន្ថែមថា គោលនយោបាយអាមេរិកតែងតែប្រែប្រួលទៅតាមការកាន់អំណាចរបស់ប្រធានាធិបតីនីមួយៗ។
លោកបានថ្លែងថា៖ «អ្នកខ្លាំងតែងតែអាចរកយុត្ដិធម៌បាន។ ដូច្នេះ វាប្រាកដណាស់ គាត់ជាមហាអំណាច គាត់ធ្វើអ្វីក៏បាន ហើយគាត់ថាឱ្យនរណាផ្សេងក៏បាន។ យើងអាចឆ្លុះបញ្ចាំងពីសង្គ្រាមផ្សេងៗ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដូចជា ការវាយចូលប្រទេសអ៊ីរ៉ាក់ ឬសង្គ្រាមវៀតណាមជាដើមថា តើវាបានស្វែងរកសេរីភាពដល់ជនជាតិទាំងនោះបានដែរឬទេ»។
លោក យង់ ពៅ បានបន្ដថា ផ្ទុយទៅវិញ វាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធទាំងនយោបាយ សេដ្ឋកិច្ច ធនធានធម្មជាតិ រួមទាំងកម្ពុជាក៏ធ្លាប់ជួបប្រទះដែរ។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ទាំងក្នុង និងអន្ដរជាតិ វិស័យសារព័ត៌មានមានការប្រែប្រួលច្រើន ហើយផលវិបាកដែលកើតចេញពីការប្រែប្រួលនេះនាំឱ្យមានការផ្អាក និងបិទទ្វារប្រតិបត្ដិការផ្សព្វផ្សាយព័ត៌មាន ដែលបាននិងកំពុងតែកើតឡើងក្នុងតំបន់ និងសកលលោកទាំងមូល។
លោកបានថ្លែងថា៖ «ក្នុងចំណោមមូលហេតុផ្សេងៗទៀត វាមានមូលហេតុធំៗចំនួនពីរ ទៅតាមបរិប័ទ្មនៃប្រទេសនីមួយៗ រួមមានកត្ដាសេដ្ឋកិច្ច និងឥទ្ធិពលដែលបានកើតចេញពីរបត់នៃយុគសម័យឌីជីថល ឬបូកផ្សំកត្ដានយោបាយថែមទៀត ដូចជា ករណីជាក់ស្ដែងនៅសហរដ្ឋអាមេរិក»។
លោកបន្ដថា លោកប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងការបញ្ឈប់ការគាំទ្រមូលនិធិសម្រាប់ប្រព័ន្ធផ្សព្វផ្សាយបានប៉ះពាល់ដល់ភ្នាក់ងារស្ថិតក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយសកលរបស់សហរដ្ឋអាមេរិក (USA Global Media) ក្រោមហេតុផលសន្សំថវិការបស់អាមេរិក ដើម្បីបង្កើនប្រសិទ្ធភាព និងបំបាត់អំពើពុករលួយ។
យ៉ាងណាមិញ លោក សំអាត បានលើកឡើងថា ថ្វីដ្បិតតែប្រជាជនផ្ដោតលើសង្គមឌីជីថលយ៉ាងណាក៏ដោយ ក៏សារព័ត៌មានទូទៅមិនគួរត្រូវបានមើលរំលងនោះទេ ហើយលោកយល់ថា សារព័ត៌មានទាំងនោះក៏កំពុងតែអភិវឌ្ឍខ្លួនទៅជាប្រព័ន្ធផ្សព្វផ្សាយឌីជីថលផងដែរ។
លោក អស្នារិទ្ធ បានលើកឡើងថា តាមប្រភពព័ត៌មានមួយចំនួន ដែលស្រង់សំដៅរបស់លោក ដូណាល់ ត្រាំ បានឱ្យដឹងថា ភ្នាក់ងារដែលរងផលប៉ះពាល់ពីសេចក្ដីសម្រេចនេះ មិនបានបម្រើប្រយោជន៍ដល់សង្គមអាមេរិកនេះ តែជាឧបករណ៍នយោបាយរបស់អាមេរិកប៉ុណ្ណោះ។
លោកបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «នេះជារបត់ថ្មីមួយដែលពិភពលោកបានជួបប្រទះ ខណៈមានសាធារណៈមួយចំនួនបានចោទសួរជុំវិញសេចក្ដីសម្រេចរបស់សហរដ្ឋអាមេរិកនេះថា តើវាបានគំរាមកំហែង ឬញាំញីដល់សេរីភាពសារព័ត៌មាន ឬគំរាមកំហែងដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មាននៃភ្នាក់ងារនានាដែលទទួលរងការបញ្ឈប់ពីការងាររបស់ខ្លួនដែរឬទេ ហើយថា តើសារព័ត៌មាននានា អង្គការ ក៏ដូចជាតួអង្គរពាក់ព័ន្ធ ដែលធ្វើការក្នុងវិស័យសារព័ត៌មាននឹងឆ្លុះបញ្ចាំងព្រឹត្ដិការណ៍មួយនេះក្នុងផ្លូវណាក្នុងរបាយការណ៍របស់ខ្លួន»។
លោក អស្នារិទ្ធ បានទាញមកសារព័ត៌មានប្រពៃណីក្នុងប្រទេសកម្ពុជា ដូចជា កាសែតបោះពុម្ព វិទ្យុ ស្ថានីយទូរទស្សន៍ ទស្សនាវដ្ដីខ្លះបានបិទទ្វារក្រោមមូលហេតុនៃវិបត្ដិហិរញ្ញវត្ថុ និងការកើនឡើងនៃវត្ដមានប្រព័ន្ធផ្សព្វផ្សាយបែបទំនើប ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ដែលមានអាយុកាល ៤៦ឆ្នាំ ក៏ដូចជា ប្រព័ន្ធផ្សព្វផ្សាយឯកជនផ្សេងទៀតក្នុងប្រទេសកម្ពុជា បានវិវត្ដខ្លួនទាន់ពេលវេលាស្របតាមការវិវត្ដន៍នៃបច្ចេកវិទ្យា និងតម្រូវការសង្គមឌីជីថល។
លោកបានបញ្ជាក់ពីការដើរបញ្ច្រាសថា៖ «ក្រោមការដឹកនាំរបស់ឯកឧត្ដមរដ្ឋមន្ដ្រី នេត្រ ភក្ដ្រា បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋដំណើរការឡើងវិញជាងមួយឆ្នាំហើយ ក្រោយបានផ្អាកជាង ១៧ឆ្នាំ ខណៈប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋក្នុងប្រទេសខ្លះលើពិភពលោកបែរជាបានបិទទ្វារជាបន្ដបន្ទាប់»។
អ្នកនាំពាក្យក្រសួងព័ត៌មានបានលើកទឹកចិត្ដ និងជ្រោមជ្រែងដល់អ្នកសារព័ត៌មាន និងអង្គភាពសារព័ត៌មានទាំងអស់បន្ដពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ខិតខំស្វែងរកឱកាសបង្កើតភាពជាដៃគូ កិច្ចសហប្រតិបត្ដិការចម្រុះទាំងរដ្ឋ និងឯកជន លើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍របស់កម្ពុជា។
លោកបានឱ្យដឹងថា៖ ការបិទទ្វារទីភ្នាក់ងាររបស់សហរដ្ឋអាមេរិកមិនបានប៉ះពាល់វិស័យព័ត៌មាននៅកម្ពុជានោះទេ ដោយសារបច្ចុប្បន្នកម្ពុជាមានសារព័ត៌មានទាំងប្រពៃណី និងទំនើបចំនួន ១៦២០ អង្គភាព សហគមន៍សារព័ត៌មានចំនួន ២៦ និងអ្នកសារព័ត៌មានសរុបជាង ៨០០០នាក់ បាននិងកំពុងបំពេញការងាររបស់ខ្លួនយ៉ាងពេញលេញ ដោយសេរី ប្រកបដោយសុវត្ថិភាព និងអនុវត្ដតាមក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ»។
លោក សំអាត បានបន្ដថា ការបង្កក ឬបិទសារព័ត៌មានដែលធ្លាប់គាំទ្រដោយសហរដ្ឋអាមេរិក បានធ្វើឱ្យរដ្ឋាភិបាលនៃប្រទេសមួយចំនួនមានការសប្បាយចិត្ដ ដោយសារនឹងលែងមានអ្នកបញ្ចេញព័ត៌មានអវិជ្ជមានរបស់ពួកគេ៕