
ពលរដ្ឋកម្ពុជាចំនួន ៣៧ នាក់ដែលត្រូវបានបញ្ជូនពីសហរដ្ឋអាមេរិកនៅឆ្នាំ២០១៩។ ICE
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថ្លែងថា កម្ពុជារំពឹងទទួលបានការវាយតម្លៃវិជ្ជមានពីសហរដ្ឋអាមេរិក ដោយផ្អែកលើកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ខណៈដែលកម្ពុជាអាចស្ថិតនៅក្នុងបញ្ជីពណ៌លឿងនៃការរឹតបន្តឹងទិដ្ឋាការ។
លោកថ្លែងដូច្នេះថា៖ «ផ្អែកលើកិច្ចសហប្រតិបត្តិការពេញលេញរបស់កម្ពុជាក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិក និងទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន កម្ពុជានឹងទទួលបានការពិនិត្យវាយតម្លៃជាវិជ្ជមានពីសហរដ្ឋអាមេរិក»។
ពលរដ្ឋពីប្រទេសកម្ពុជាស្ថិតនៅក្នុងបញ្ជីពណ៌លឿនជាមួយប្រទេសចំនួន២០ផ្សេងទៀត ដែលមានពេល ៦០ ថ្ងៃដើម្បីដោះស្រាយកង្វល់ដែលអាមេរិកបានលើកឡើង។
ស្របពេលជាមួយគ្នានេះ ពលរដ្ឋពីប្រទេសចំនួន ១១ ត្រូវបានហាមឃាត់មិនឲ្យចូលសហរដ្ឋអាមេរិកតែម្ដង ខណៈដែលប្រទេស១១ទៀតរងការរឹតត្បិតយ៉ាងខ្លាំង។
យ៉ាងណាក៏ដោយ ផែនការរឹតបន្តឹងទិដ្ឋាការនេះមិនទាន់ចូលជាផ្លូវការនោះទេ។ នេះបើតាមការចុះផ្សាយដោយកាសែត The New York Times។
លោក ជុំ សុន្ទរី ថ្លែងដូច្នេះថា៖ «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា មិនទាន់ទទួលបានការជូនព័ត៌មានផ្លូវការណាមួយនៅឡើយទេ ពាក់ព័ន្ធនឹងករណីដែលថាសហរដ្ឋអាមេរិកបានដាក់កម្ពុជាក្នុងបញ្ជីពណ៌លឿង ដែលជាបញ្ជីក្រុមប្រទេសដែលអាមេរិក ពិចារណារឹតត្បិតការចេញចូលទៅក្នុងទឹកដីអាមេរិក ហើយក្រសួងក៏កំពុងស្វែងរកព័ត៌មានបន្ថែមតាមផ្លូវការទូតផងដែរ»។
ទោះបីជាមិនមានការបញ្ជាក់ថាតើ «កង្វល់» របស់សហរដ្ឋអាមេរិកដែលកម្ពុជាត្រូវដោះស្រាយ ក្នុងរយៈពេល ៦០ថ្ងៃនោះជាអ្វី វាទំនងជាពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តពលរដ្ឋកម្ពុជាដែលប្រព្រឹត្តបទល្មើសនៅសហរដ្ឋអាមេរិក។
លោក ជុំ សុន្ទរី បន្តថា ថ្មីៗនេះកម្ពុជាបានអះអាងជាផ្លូវការអំពីការបន្តកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយសហរដ្ឋអាមេរិក ដើម្បីពន្លឿនការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដែលអាមេរិកសម្រេចឱ្យបញ្ជូនចេញពីសហរដ្ឋអាមេរិក។
លោកថា ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បាននិងកំពុងផ្តល់កិច្ចសហប្រតិបត្តិការជាមួយភាគីអាមេរិក។
លោកបន្តថា៖ «យើងបានដោះស្រាយការងារនេះជាបន្តបន្ទាប់រួចហើយ និងកំពុងបន្តសម្ភាស និងចេញលិខិតធ្វើដំណើរជូនពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍។ ហើយយើងពុំឃើញមានឧបសគ្គអ្វីដែលអាចរាំងស្ទះដល់ដំណើរការការងារនេះឡើយ»។
មុនពេលលោក ត្រាំ ឡើងកាន់អំណាច ពលរដ្ឋកម្ពុជាជាង ១៧០០នាក់ស្ថិតនៅក្នុងបញ្ជីបណ្ដេញចេញពីសហរដ្ឋអាមេរិក។ នេះបើតាមអាជ្ញាធរ ICE របស់រដ្ឋអាមេរិក៕