
លោក ស សុខា រដ្ឋមន្រ្តីមហាផ្ទៃ ថ្លែងក្នុងពិធីបិទវគ្គបំប៉នជំនាញនៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ ស សុខា
មានមតិចម្រុះត្រូវបានលើកឡើងពាក់ព័ន្ធនឹងគំនិតរបស់លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលពិចារណាបញ្ជូនមន្ត្រីដែលប្រព្រឹត្តខុសវិន័យទៅឈរជើងនៅព្រំដែន ដើម្បីឲ្យយល់ពីការលំបាកនៅទីនោះ។
លោក ស សុខា នៅព្រឹកថ្ងៃទី១៧ ខែមីនានេះ បានថ្លែងថា មន្ត្រីនគរបាលដែលប្រព្រឹត្តខុសនឹងវិន័យ គួរតែដកឲ្យទៅធ្វើការនៅព្រំដែនចាប់ពី៣ទៅ៦ខែ ដែលនេះអាចជាការសម្រេចជំនួសឱ្យការបន្ថយស័ក្ដិ ឬ ករណីខ្លះបន្ថយទាំងស័ក្ដិ និងថែមទាំងបញ្ជូនទៅព្រំដែនទៀត។
លោកថ្លែងថា៖ «បានធ្វើការស្រួលនៅតាមអង្គភាព មិនខិតខំធ្វើឱ្យល្អទេ បែរជាទៅបង្ករឿងល្មើសវិន័យ! ដូច្នេះ មានតែឱ្យទៅព្រំដែន ដើម្បីដឹងថាកងកម្លាំងនៅទីនោះគាត់លំបាកកម្រិតណា មកវិញកែប្រែខ្លួន ហើយខិតខំធ្វើការឱ្យបានល្អ...?»។
លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា វិធានការបែបនេះអាចជាជម្រើសមួយ និងជាចំណែកមួយនៃការដាក់ពិន័យចំពោះអ្នកប្រព្រឹត្តកំហុសទាំងនោះ។ យ៉ាងណាក៏ដោយ លោកយល់ថា តាមគោលការណ៍អភិបាលកិច្ច វិធានការបែបនេះអាចត្រូវមួយផ្នែក តែនៅតែមានកង្វះទៅលើគណនេយ្យភាពទៅលើការប្រព្រឹត្តអំពើពុករលួយ និងការបណ្ដុះបណ្ដាលទៅលើមន្ត្រី។
លោកថា៖ «ដើម្បីធានានូវភាពស្អាតស្អំ ប្រសិទ្ធភាពនៃការងារ និង គណនេយ្យភាពរបស់មន្ត្រីរបស់មន្ត្រីសមត្ថកិច្ច វាតោងតែមានការពង្រឹងយន្តការត្រួតពិនិត្យវាមតម្លៃការអនុវត្តការងារផ្ទៃក្នុង និងការពង្រឹងការដាក់វិន័យទៅតាមច្បាប់ ដោយពុំមានការរើសអើង ហើយត្រូវមានការបណ្ដុះបណ្ដាលដើម្បីលើកកម្ពស់របៀបធ្វើការបែបកងកម្លាំងសមត្ថកិច្ចអាជីព និងសុចរិតភាព ដោយមិនពិចារណាថាអ្នកណាធ្វើនៅទីក្រុង ឬ នៅព្រំដែនទេ»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការបញ្ជូនមន្ត្រីទៅកន្លែងផ្សេង ដូចជាព្រំដែនជាដើម ប្រហែលមិនមានប្រសិទ្ធភាពទេ មានតែការដាក់ពិន័យទៅតាមលក្ខន្តិកៈនគរបាលជាតិទើបត្រឹមត្រូវ។ លោកថា កម្ពុជាមាននគរបាលការពារព្រំដែន បន្ថែមលើនគរបាលអន្តោប្រវេសន៍ ដែលខុសពីប្រទេសផ្សេងដែលគេដាក់តែកងទ័ពនៅតាមព្រំដែន។ លោកថា នគរបាលគួរតែដោះស្រាយបញ្ហាផ្ទៃក្នុង ចំណែកទាហានគឺមាននាទីការពារទឹកដី។
លោកបន្តថា៖ «សំខាន់បើឲ្យគាត់ទៅទីនោះ មានការងារអ្វីឲ្យគាត់ធ្វើ។ បើយកគាត់ទៅផ្លុងចោល គាត់អាចទៅណាផ្សេង ក៏មិនបានជួយឲ្យគាត់កែប្រែ វាខាតកម្លាំង ហើយខាតប្រាក់ខែរបស់រដ្ឋទៀត។ ប៉ុន្តែ ខ្ញុំសាទរនូវវិធានការរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចំពោះមន្ត្រី ឬ នគរបាលដែលប្រព្រឹត្តខុសពីលក្ខន្តិកៈ ប៉ុន្តែពិន័យយ៉ាងណានោះ ត្រូវតែមានវិធានការច្បាស់លាស់»។
លោក ទូច សុខៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា ការលើកឡើងរបស់លោក ស សុខា គឺជាគំនិតផ្ដួចផ្ដើមដើម្បីសិក្សាទៅលើកម្រិតនៃកំហុសរបស់មន្ត្រីនគរបាល។ លោកថា មន្ត្រីដែលអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ត្រូវតែគោរពឲ្យបាននូវវិន័យ ដែលត្រូវចៀសវាសបទបញ្ជាផ្ទៃក្នុងនិងវិន័យនគរបាល។
លោកបន្តថា លោករដ្ឋមន្ត្រីបានស្នើឲ្យអគ្គនាយកដ្ឋានធនធានមនុស្សពិនិត្យពិចារណាលើកម្រិតនិងជម្រើសនៃដាក់ពិន័យ ដែលរួមមានដកតំណែង ដកសក្តិ ឬ បង្ខំឲ្យផ្លាស់ទីទៅអង្គភាពផ្សេង ឬ ទៅព្រំដែន។
លោកបន្តថា៖ «ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចង់ឲ្យបញ្ជាក់ឲ្យឃើញថា នគរបាលព្រំដែនលោកលំបាកប៉ុណ្ណា គ្នានៅរាល់ថ្ងៃភាគច្រើនគ្មានម៉ាស៊ីនត្រជាក់ទេ គឺមានតែកង្ហារ អីទេ។ ហើយតាមព្រំដែនមិនមែនមានសេវាគ្រប់ទេ ហើយប្រឈមជាមួយគូបដិបក្ខទៀត»។
លោកថា ក្រោយពេលមានការពិចារណាបែបនេះ មានការរិះគន់វាយប្រហារទៅលើគំនិតនេះ ហើយលោកស្នើឲ្យពិចារណាឲ្យបានវែងឆ្ងាយ។
លោក ទូច សុខៈ៖ «មានការលើកឡើងថា បើឲ្យគាត់ទៅព្រំដែន ពួកគាត់កាន់តែមានឱកាសក្នុងការប្រព្រឹត្តកំហុសឆ្គង និងបទល្មើសផ្សេងៗ ឬ គាត់អាចមានសតិអារម្មណ៍មិនល្អ ហើយត្រូវរូវជាមួយប្រទេសជិតខិត ឬ ធ្វើអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍កម្ពុជា»។
លោកបញ្ជាក់ថា ការបញ្ជូនទៅនោះ គឺមានមេបញ្ជាការត្រឹមត្រូវ ហើយបើទៅគឺមិនមែនទៅធ្វើមេទេ គឺទៅក្នុងនាមជាមន្ត្រីដែលត្រូវស្ដាប់បង្គាប់មេនៅទីនោះ។ មន្ត្រីដែលរងពិន័យត្រូវស្ថិតនៅក្នុងការគ្រប់គ្រងយ៉ាងហ្មត់ចត់។ លើសពីនេះ ការលើកឡើងនេះ មិនចេះតែនឹកឃើញភ្លាមៗនោះទេ គឺបានពិចារណារួចហើយ៕