សៀមរាបៈ យ៉ាងហោចណាស់មានមនុស្សចំនួន១០នាក់បានរងរបួស និងម្នាក់ត្រូវបានរន្ទះបាញ់ស្លាប់ ក្នុងគ្រោះមន្តរាយខ្យល់កន្រ្តាក់ ក្នុងខេត្តសៀមរាប កាលពីល្ងាចថ្ងៃអាទិត្យ ទី១៦ ខែមីនានេះ។

ស្នងការងទទួលបន្ទុកសេនាធិការ លោកសុខ ពីសាន្តបានឱ្យដឹងថា បាតុភូតខ្យល់កន្រ្តាក់នេះ បានធ្វើឱ្យមនុស្ស១០នាក់របួស។ ក្នុងនោះ របួសធ្ងន់ធ្ងរ ២នាក់ និងស្រាល៨នាក់។ ក្រៅពីនោះ មានករណីរន្ទះបាញ់ស្លាប់ម្នាក់ទៀត ក្នុងស្រុកស្វាយលើ នៅក្នុងអំឡុងពេលខ្យល់កន្រ្តាក់នោះ។

លោកបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖«ករណីខ្យល់កន្រ្តាក់ គ្របដណ្តប់នៅ១០ស្រុក ក្នុងខេត្តសៀមរាប ដែលប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាង៣០០ខ្នងផ្ទះ។ នគរបាលកំពុងតែធ្វើរបាយការណ៍លើករណីនេះ»។

លោកក៏បានឱ្យដឹងផងដែរ ខ្យល់កន្រ្តាក់ក៏បានធ្វើឱ្យដើមឈើជាច្រើនរលំលើផ្លូវសាធារណៈផងដែរ។ ប៉ុន្តែមិនទាន់ដឹងពីចំនួនពិតប្រាកដនោះទេ។ ទោះយ៉ាងណា កម្លាំងអាជ្ញាធរមូលដា្ឋនពាក់ព័ន្ធបានខិតខំសំអាតដើមឈើទាំងនោះ និងរៀបចំសណ្តាប់ធ្នាប់ឡើងវិញរួចរាល់អស់ហើយ។

អាជ្ញាធរជាតិអប្សរាបានជូនដំណឹង អំពីករណីខ្យល់កន្រ្តាក់ បណ្តាលឱ្យមានការដួលរលំដើមឈើមួយចំនួន នៅតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី១៦ ខែមីនានេះ នៅវេលាម៉ោងប្រមាណជិត៥ល្ងាច។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា៖«មានករណីខ្យល់បោកបក់យ៉ាងខ្លាំង នៅតំបន់រមណីយដ្ឋានអង្គរ បណ្តាលឱ្យដើមឈើមួយចំនួន បានដួលរលំ កាត់តាមដងផ្លូវ។ ភ្លាមៗនោះ មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា កំពុងធ្វើប្រតិបត្តិការ កាត់សម្អាតដើមឈើទាំងនោះ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ»។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកសុទ្ធ គឹមកុលមុន្នី បានឱ្យដឹងថា ករណីខ្យល់​កន្ត្រាក់ មិនមានបណ្តាលឱ្យមនុស្សស្លាប់នោះទេ។ ប៉ុន្តែ ករណីរន្ទះបាញ់បានកើតមាន៤ករណី ដែលបណ្តាលឱ្យរបួស៤នាក់ និងស្លាប់ម្នាក់។

អភិបាលខេត្តសៀមរាប លោកប្រាក់ សោភ័ណបានសំដែងការសោកស្តាយ ចំពោះបាតុភូតខ្យល់កន្ត្រាក់នេះ។ រដ្ឋបាលខេត្តសហការជាមួយកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នឹងចុះពិនិត្យជួយឱ្យអស់លទ្ធភាព។

លោកអភិបាលក៏បានអរគុណ ដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការមើលថែទាំអ្នករងរបួសទាំងអស់ទាន់ពេលវេលា ហើយក៏សូមអរគុណដល់ស្នងការដ្ឋាន កំលាំងទាំងអស់ ដែលបានជួយសំ​អាត រក្សាស្ថានភាពផ្លូវឱ្យល្អ ដូចដើមដើម្បីសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទាំងអស់។

របាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុក្នុងខែកុម្ភៈ កន្លងមក មិនសូវក្តៅខ្លាំងដូចឆ្នាំ២០២៤ ដោយសារការទទួលរងឥទ្ធិពលពីអាកាស ធាតុឡានីណា និងអាកាសធាតុអែនសួ។ ក្នុងនេះចាប់ពីពាក់កណ្តាលខែកុម្ភៈមក កម្រិតកម្ដៅចាប់ផ្តើមមាន ការកើនឡើងបន្តិចម្តងៗក្នុងកម្រិតមធ្យមអតិបរមា ៣៧ អង្សាសេ។

ក្នុងខែកុម្ភៈនោះផងដែរ ស្ថានភាពខ្យល់កន្ត្រាក់ បានបង្កឱ្យមានការប៉ះពាល់ និងខូចខាតដល់លំនៅឋានប្រជាជនកើតតិចតួច ប៉ុណ្ណោះ ហើយខ្យល់បក់បោកខ្លាំងកើតមាននៅលើផ្ទៃសមុទ្រ ដែលបង្កឱ្យមានរលកធំ និងមានការប៉ះពាល់ដល់ ការធ្វើដំណើរ និងអាជីវកម្មនេសាទលើផ្ទៃសមុទ្រ។ ក្នុងនោះ បានកើតមានចំនួន ៤ លើក នៅខេត្តក្រចេះ សៀមរាប និងខេត្តព្រះសីហនុ ដែលបណ្តាលឱ្យផ្ទះរបើកដំបូល និងខូចខាតមធ្យម ៧៨ខ្នង។

ដោយសារតែជារដូវប្រាំងហើយភ្លៀងកក់ខែ ទើបតែកើតមានក្នុងកម្រិតតិចជាងមធ្យម ចាប់ពីសប្តាហ៍ទី៣ នៃ ខែកុម្ភៈ ធ្វើឱ្យបរិមាណទឹកមានមិនទាន់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ដំណាំស្រូវប្រាំងដែលបានធ្វើលើសផែនការ ច្រើននៅតាមបណ្តាខេត្តផលិតមួយចំនួន និងតម្រូវឱ្យមានការអន្តរាគមន៍ជួយសង្គ្រោះជាបន្តទៀតរហូតដល់ការ ប្រមូលផលក្នុងក្របខណ្ឌទូទាំងប្រទេស៕