
ការប្រលែងស្វក្រពើភ្នំពូជសុទ្ធ វ័យជំទង់ ដែលមានបំពាក់ឧបករណ៍តាមដាន នៅក្នុងឧទ្យានជាតិវីរៈជ័យ បន្ទាប់ពីវា បានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។ រូបថត Fauna & Flora Cambodia
រតនគិរី/ស្ទឹងត្រែងៈ ក្រពើភ្នំពូជសុទ្ធចំនួន ១០ ក្បាល ដែលមានបំពាក់ឧបករណ៍តាមដាន ត្រូវបានប្រលែងជាលើកដំបូង ទៅក្នុងតំបន់ដាច់ស្រយាល ឆ្ងាយពីមនុស្ស ក្នុងឧទ្យានជាតិវីរៈជ័យ បន្ទាប់ពីសត្វប្រភេទនេះបានបាត់វត្តមានពីឧទ្យានជាតិនេះក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។
ការប្រលែងនេះធ្វើឡើងតាមរយៈកិច្ចសហការរួមគ្នារវាងអង្គការសត្វព្រៃ និងរុក្ខជាតិ, ក្រសួងបរិស្ថាន, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលមូលដ្ឋាន បន្ទាប់ពីបានសិក្សាវាយតម្លៃអំពីប្រភេទទីជម្រកសមស្រប ចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣។
ការសិក្សា ក៏បានរកឃើញតំបន់ដាច់ស្រយាលជាមួយនឹងលក្ខខណ្ឌជម្រកដ៏ល្អបំផុតសម្រាប់ ប្រភេទក្រពើភ្នំនៅឧទ្យានជាតិវីរៈជ័យនេះ។
សេចក្តីប្រកាសរួមនាថ្ងៃទី១៨ ខែមីនានេះបានសរសេរថា៖«ជាមួយនឹងការលែងនេះ យើងបានប្រើបច្ចេកវិទ្យាចុងក្រោយ ដោយប្រើ ឧបករណ៍កត់ត្រា សំឡេង ដើម្បីតាមដានការបំផ្លាស់ទី និងការរស់រានមានជីវិតរបស់សត្វក្រពើភ្នំ ដែលជាការផ្តល់នូវទិន្នន័យដ៏មានសារសំខាន់ក្នុងការងារអភិរក្ស និងស្តារវត្តមានក្រពើភ្នំប្រភេទនេះ»។
លោក Pablo Sinovas នាយកប្រចាំប្រទេសនៃអង្គការសត្វព្រៃ និងរុក្ខជាតិ លើកឡើងថា ក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ អង្គការ និងរដ្ឋាភិបាល ជាដៃគូ រួមទាំងសហគមន៍មូលដ្ឋានផងដែរ បាននិងកំពុងប្រឹងប្រែងធ្វើយ៉ាងណាការពារ និងអភិរក្ស ក្នុងការស្តារប្រភេទនេះកុំឲ្យផុត ពូជពីក្នុងធម្មជាតិ។
កិច្ចខិតខំប្រឹងប្រែងនេះទទួលបានលទ្ធផលវិជ្ជមាន និងសន្ទុះនៃការអភិរក្ស និងកិច្ចសហការ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។
លោកបានលើកឡើងថា៖«យើងបាននិងកំពុងលែងក្រពើភ្នំពូជសុទ្ធពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានចំនួនច្រើនជាងមុន ហើយយើងបានសង្កេតឃើញការកើនឡើងនូវការបង្កាត់ពូជពងកូននៅក្នុងធម្មជាតិផងដែរ»។
លោកបន្តថា ជាទូទៅ ក្រពើភ្នំត្រូវការពេលជាង ១០ឆ្នាំ ទម្រាំធំពេញវ័យ។ ចំពោះក្រពើភ្នំ ដែលត្រូវបានលែងជាលើកដំបូង ដោយកម្មវិធីបង្កាត់ពូជក្រពើភ្នំសុទ្ធនេះ បាននិងកំពុងចាប់ផ្តើមបង្កាត់ពូជពងកូនដោយខ្លួនឯងនៅ ក្នុងធម្មជាតិ ដែលជួយជំរុញឲ្យមានការកើនឡើងនូវចំនួនប្រភេទនេះនៅក្នុងធម្មជាតិ។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឌិត ទីណា មានប្រសាសន៍ថា ក្រសួងកសិកម្ម សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយអង្គការដៃគូ ជា ពិសេសអង្គការសត្វព្រៃ និងរុក្ខជាតិ នៅក្នុងការអភិរក្សនិងបង្កើនវត្តមានសត្វក្រពើភ្នំក្នុងធម្មជាតិនៅប្រទេស កម្ពុជា។
លោករដ្ឋមន្រ្តីថ្លែងថា៖«ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ននេះ យើងបានសហការព្រលែងសត្វក្រពើភ្នំពូជសុទ្ធ សរុបចំនួន ១២លើក ទៅក្នុងព្រៃធម្មជាតិនៃតំបន់ជួរភ្នំក្រវាញ។ ក្រសួងបន្តលើកទឹកចិត្ត និងត្រៀមខ្លួនជានិច្ចក្នុងការសហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិដើម្បីទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ក្នុងការងារអភិរក្សធនធានធម្មជាតិនៅកម្ពុជាឱ្យបានគង់វង្ស»។
ដោយឡែក រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត ក៏បានលើកឡើងផងដែរថា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរឹងក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ រួមមាន ធនធានសត្វព្រៃ ដែលមានសារៈសំខាន់សម្រាប់មនុស្សជាតិ។
ក្រសួងបរិស្ថានបានប្តេជ្ញា និងគាំទ្រក្នុងការ អនុវត្តគ្របខណ្ឌជីវៈចម្រុះសកល ក្នុងនោះមានចំណុចដៅទី៤ ស្តីពីការទប់ស្កាត់កុំឲ្យមានភាពផុតពូជនៃ សត្វព្រៃណាមួយឡើយ។
លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖«ក្រពើភ្នំជាប្រភេទដ៏កម្របំផុតនៅលើពិភពលោក ប៉ុន្តែយើងសង្កេតឃើញប្រភេទ នេះមានវត្តមានច្រើនជាងគេនៅប្រទេសកម្ពុជា តាមរយៈកិច្ចប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ នេះជា មោទកភាពសម្រាប់ប្រទេសយើងក្នុងពិភពលោក ដែលមានប្រភេទនេះរស់នៅ»។
ក្រសួងបរិស្ថានបន្តពង្រឹង វិធានការ៤ចំណុច ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ក្នុងនោះយុទ្ធសាស្ត្រទី២ «ភាពបៃតង» បានផ្តោតលើការការពារ និងអភិរក្សជីវៈចម្រុះ និងធនធានសត្វព្រៃ ជំរុញការបណ្តុះនិងចែកកូនឈើជូន ប្រជាពលរដ្ឋ ដាំស្តារព្រៃជាដើម ដើម្បីបង្កើនគម្របបៃតង។
ក្រៅពីនោះ ក្រសួងក៏មានកិច្ចសហប្រតិបត្តិការ ជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូ និងប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីទទួលបានចំណូលបង្កើនជីវភាព និងការរស់នៅប្រកបដោយចីរភាព។ សក្តានុពលគោលដៅ លំហែបៃតង នៅតាមតំបន់ការពារធម្មជាតិផ្សេងៗទៀត មានទីជម្រកសម្រាប់ប្រភេទសត្វព្រៃរស់នៅ ហើយការការពារជម្រកសុខសាន្ត ធានាការអភិរក្សនិងស្ដារវត្តមានក្រពើភ្នំ ក៏ដូចជាសត្វព្រៃដែលជាប្រភេទ ជិតផុតពូជបំផុតក្នុងធម្មជាតិក្នុងប្រទេសកម្ពុជា។
រហូតមកដល់បច្ចុប្បន្ននេះ ក្រពើភ្នំពូជសុទ្ធជិត២០០ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិ ដាច់ស្រយាលពីមនុស្សរស់នៅ និងមានសុវត្ថិភាពនៅតំបន់ជួរភ្នំក្រវាញ ភាគនិរតីនៃប្រទេសកម្ពុជា និងមាន សំបុកពងកូនក្រពើភ្នំចំនួន៦០ក្បាល ត្រូវបានរកឃើញនៅក្នុងតំបន់ជួរភ្នំក្រវាញនេះផងដែរ។
ដោយឡែក តាមរយៈប្រវត្តិនៃឧទ្យានជាតិវីរៈជ័យដែលធ្លាប់មានវត្តមានក្រពើភ្នំធម្មជាតិរស់នៅតាំងពី យូរយារណាស់មកហើយ ដូច្នេះកិច្ចខិតខំប្រឹងប្រែងដើម្បីស្តារវត្តមានប្រភេទនេះ នៅក្នុងតំបន់នេះ អាចនឹង ទទួលបានជោគជ័យ។
ភាគីសំខាន់ទាំង៣ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បាននិងកំពុងធ្វើការ ដើម្បីពង្រឹងការគ្រប់គ្រងឧទ្យានជាតិវីរៈជ័យ ការសិក្សាស្រាវជ្រាវជីវៈ ចម្រុះ និងគាំទ្រជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន ដែលរស់នៅក្បែរឧទ្យាននេះ ដើម្បីធានាថា ព្រៃឈើត្រូវបានការពារ និងប្រើប្រាស់ប្រកបដោយនិរន្តរភាព។
ឧទ្យានជាតិវីរៈជ័យ មានផ្ទៃដីទំហំ ៤០៥ ៧៦៦ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តរតនគិរី និងខេត្តស្ទឹងត្រែង៕