
លោក វង្ស ពិសេន (ស្ដាំ) ជួបជាមួយលោក ហារ៉ា តាកាស៊ី នៅថ្ងៃទី១៨ ខែមីនា។ ខ.ភ.ម.
នាវាជប៉ុននឹងទទួលបានការស្វាគមន៍ឲ្យចូលចតនៅកំពង់ផែរាមមុនគេ នៅបន្ទាប់ពីកំពង់ផែនេះសាងសង់រួច។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងជំនួបជាមួយវរសេនីយ៍ឯក ហារ៉ា តាកាស៊ី នាយការិយាល័យសេនានុព័ន្ធជប៉ុនថ្មីប្រចាំកម្ពុជា។
ក្នុងជំនួបនៅព្រឹកថ្ងៃទី១៨ ខែមីនានេះ លោក វង្ស ពិសេន ប្រាប់ទៅលោក ហារ៉ា តាកាស៊ី ថា កំពង់ផែនេះនឹងដាក់ឲ្យប្រើប្រាស់នៅដំណាក់កាលទី១ នៅដើមខែមេសានេះ ហើយនាវាជប៉ុននឹងត្រូវបានស្វាគមន៍មុនគេជាប្រវត្តិសាស្ត្រ។
អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា លោក វង្ស ពិសេន «បានលើកឡើងថា ការផ្ដល់អាទិភាពឱ្យនាវាជប៉ុនចូលចតមុនគេ និងជាប្រវត្តិសាស្ត្រនេះ អាស្រ័យដោយរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុន មានគោលជំហរខ្ពស់នៅក្នុងកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងការជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
លោក វង្ស ពិសេន ក៏បានលើកឡើងថា អំពីការបើកចំហការចូលចតរបស់នាវាមកប្រទេសផ្សេងៗទៀត ដែលមកទស្សនកិច្ច ឬមកចូលរួមធ្វើសមយុទ្ធនៅកម្ពុជានៅក្រោយការបើកឲ្យប្រើប្រាស់ បន្ទាប់ពីការចូលចតរបស់នាវាជប៉ុន។
លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី បានលើកឡើងពីកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ និងថ្លែងអរគុណរបស់រាជរដ្ឋាភិបាលជប៉ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយល់ព្រមឲ្យនាវាជប៉ុនចូលចតនៅកំពង់ផែរាមមុនគេ នេះបង្ហាញពីតម្លាភាពក្នុងការពង្រឹងសន្តិសុខអន្តរជាតិ។
កំពង់ផែរាម រងការចោទប្រកាន់ពីប្រទេសលោកខាងលិចថាត្រូវបានធ្វើឡើងដើម្បីផ្ដល់ការប្រើប្រាស់ផ្ដាច់មុខសម្រាប់យោធាចិន ដែលគំរាមដល់សន្តិសុខក្នុងតំបន់ ដោយសារតែកំពង់ផែនេះទទួលបានជំនួយពីចិន។ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានច្រានចោលការលើកឡើងបែបនេះ៕