ភ្នំពេញ៖ កាលពី​​ឆ្នាំ​២០២៤ ក្រសួង​មហាផ្ទៃសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែនជាង ៦០០​ករណី​ និង​បញ្ជូល​មន្ដ្រី​ទៅ​ពង្រឹងសមត្ថភាព​ជិត​១​ពាន់​នាក់​។

យោងតាម​របាយការណ៍​លទ្ធ​ផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ របស់​ក្រសួងមហាផ្ទៃ បាន​ឱ្យដឹងថា​៖ «​ក្នុង​ឆ្នាំ​២០២៤​កន្លងទៅ​ក្រសួងមហាផ្ទៃ​បាន​បន្ត​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​នគរបាល​អ​ន្ត​រ​ជាតិ និង​ដៃគូ​សហប្រតិបត្តិការ​ទាំ​ង​ក្នុង និង​ក្រៅ​តំបន់​សរុប​បាន​ចំនួន​៦០៦​ករណី»​។

លោក ទូច សុ​ឃៈ ​អ្នកនាំពាក្យ​​​ក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១៧ ខែមីនា​ថា កម្ពុជា​ចូលរួម​​ក្នុង​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ និង​បទល្មើស​នានា​ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី ពហុភាគី និង​ក្នុង​តំបន់ ដើម្បី​រួមចំណែក​ដោះស្រាយ​បញ្ហា​រួម ទាំង​កម្រិត​ការងារ​ក្នុង​ដែន​អធិបតេយ្យ និង​តាមរយៈ​យន្តការ​ជា​អន្តរជាតិ​។​

លោក សុ​ឃៈ បានបន្ដ​​ថា ​​ឆ្នាំ​២០២៤ ក្រសួង​ក៏បាន​បញ្ជូន​មន្ត្រី​នគរបាលជាតិ​ចំនួន​៩៥៦​រូប ទៅ​ចូលរួម​វេទិកា​តំបន់ និង​អន្តរជាតិ​នានា​ចំនួន​២០៨​លើក ដើម្បី​លើកកម្ពស់​សមត្ថភាព ជំនាញ និង​ការធ្វើការ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​នគរបាល​អ​ន្ត​រ​ជាតិ និង​ដៃគូ​សហប្រតិបត្តិការ​៕​