
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសរៀបចំសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) សម្រាប់អនាគតឌីជីថលកម្ពុជា។ រូបភាព សហការី
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសរៀបចំសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association) សម្រាប់អនាគតឌីជីថលកម្ពុជា។
សមាគមនេះប្រមូលផ្ដុំទៅដោយសហគមន៍អ្នកជំនាញទូរគមនាគមន៍ អ្នកអភិវឌ្ឍន៍សុសវែរ អ្នកជំនាញបច្ចេកវិទ្យាក្លោដ អ្នកជំនាញបញ្ញាសិប្បនិម្មិត អ្នកជំនាញសន្តិសុខសាយប័រ អ្នកជំនាញប្លុកឆេន អ្នកជំនាញអ៊ីនធឺណិតនៃវត្ថុ អ្នកជំនាញវិទ្យាសាស្ត្រទិន្នន័យ និងអ្នកជំនាញបច្ចេកវិទ្យារ៉ូបូត។
យោងតាមក្រសួង (ក.ប.ទ.) បានបង្ហាញថា៖ «គំនិតផ្ដួចផ្ដើមមានគោលបំណងពង្រឹងសមត្ថកិច្ចដល់អ្នកអភិវឌ្ឍន៍សុសវែរ សហគ្រិនឌីជីថល បុគ្គលពាក់ព័ន្ធ ដែលមានគុណវុឌ្ឍបច្ចេកវិទ្យាឌីជីថល និងនិស្សិត ក្នុងទម្រង់ជាការចូលរួមដោយស្ម័គ្រចិត្ត ដែលបច្ចុប្បន្ន មានអ្នកចុះឈ្មោះ ប្រមាណ ៥០០០នាក់»។
កន្លងមក ក្រសួង ក.ប.ទ. បានដាក់ឱ្យប្រើប្រាស់ ថ្នាលសហគមន៍ឌីជីថលកម្ពុជា (ស.ខ.ក.) (Digital Community of Cambodia-DCC) ជាថ្នាលសម្រាប់ប្រមូលផ្តុំធនធានមនុស្សឌីជីថលនៅកម្ពុជា។
ចំណុចសំខាន់ៗទាំង ៥ ឆ្លុះបញ្ចាំងពីអត្ថប្រយោជន៍ សហគមន៍ឌីជីថលកម្ពុជា រួមមាន សិស្ស-និស្សិតបញ្ចប់ការសិក្សា រាជរដ្ឋាភិបាល អ្នកមានបទពិសោធន៍កម្រិតជំនាញ អ្នកមានបទពិសោធន៍កម្រិតដំបូង និងកម្រិតជាន់ខ្ពស់ ក៏ដូចជាវិស័យឯកជន។
យោងតាមសហគមន៍ឌីជីថលកម្ពុជា បានបង្ហាញថា សិស្ស-និស្សិតអភិវឌ្ឍន៍ចំណេះដឹង និងបទពិសោធ បង្កើតទំនាក់ទំនង ឱកាសហាត់ការ និងឱកាសការងារ។ រាជរដ្ឋាភិបាល កំណត់បានអ្នកមានទេពកោសល្យឌីជីថលពិតប្រាកដសម្រាប់ការកសាងរដ្ឋាភិបាលឌីជីថលដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្ដប្រជាពលរដ្ឋតាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរ។
ចំពោះអ្នកមានបទពិសោធន៍កម្រិតជំនាញ និងអ្នកមានបទពិសោធន៍កម្រិតដំបូង និងកម្រិតជាន់ខ្ពស់ ពួកគេចែករំលែកចំណេះដឹង និងបទពិសោធន៍ ទទួលបានកេរ្ដិ៍ឈ្មោះ ពង្រីកទំនាក់ទំនងឱ្យកាន់តែទូលំទូលាយ និងឱកាសការងារល្អលំដាប់ខ្ពស់។
សម្រាប់វិស័យឯកជន ពួកគេជ្រើសរើសបុគ្គលិកដែលមានទេពកោសល្យឌីជីថលពិតប្រាកដត្រូវនឹងជំនាញ និងតាមតម្រូវការ ក៏ដូចជាយល់ដឹងពីការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា។
ដោយមានការឯកភាពលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក.ប.ទ. និងក្រសួង អប់រំ យុវជន និងកីឡា នឹងរៀបចំសមាគមអ្នកវិជ្ជាជីវៈវិស័យឌីជីថល (Digital Professionals Association)។
យោងតាមក្រសួងបានបង្ហាញថា៖ «សមាគមបានបែងចែកជាសហគមន៍ (Community) ទៅតាមជំនាញ ជាអាទិ៍ សហគមន៍អ្នកជំនាញទូរគមនាគមន៍ (Telecommunications) សហគមន៍អ្នកអភិវឌ្ឍន៍សុសវែរ (Software Development) សហគមន៍អ្នកជំនាញបច្ចេកវិទ្យាក្លោដ (Cloud) សហគមន៍ អ្នកជំនាញបញ្ញាសិប្បនិម្មិត (Artificial Intelligence) សហគមន៍អ្នកជំនាញសន្តិសុខសាយប័រ (Cybersecurity) សហគមន៍ អ្នកជំនាញប្លុកឆេន (Blockchain) សហគមន៍អ្នកជំនាញអ៊ីនធឺណិតនៃវត្ថុ (Internet of Things) សហគមន៍អ្នកជំនាញ វិទ្យាសាស្ត្រទិន្នន័យ (Data Science) និងសហគមន៍អ្នកជំនាញបច្ចេកវិទ្យារ៉ូបូត (Robotics)»។

ក.ប.ទ. លើកទឹកចិត្តដល់មន្ត្រីរាជការ សិស្សនិស្សិត បញ្ញវន្ត និងសាធារណជន ដែលមានជំនាញ ឌីជីថល និង/ឬកំពុងប្រកបវិជ្ជាជីវៈជំនាញឌីជីថល ចូលរួមក្នុងយន្តការដូចបានជម្រាបជូនខាងលើ ដើម្បីប្រមូលផ្តុំធនធាន មនុស្ស និងអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈលើវិស័យឌីជីថលឱ្យកាន់តែមានភាពរឹងមាំ សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា។ការទាញយកថ្នាលសហគមន៍ឌីជីថលកម្ពុជា អ្នកប្រើប្រាស់នឹងទទួលបានអត្ថប្រយោជន៍មួយចំនួន ដូចខាងក្រោម។
«អត្ថបទព័ត៌មាន» អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងយល់ពីព័ត៌មានបច្ចេកវិទ្យាដើម្បីបង្កើនសមត្ថភាព តាមរយៈការសិក្សាស្វែងយល់អំពីបច្ចេកវិទ្យាថ្មីៗសម្រាប់យកមកអនុវត្ដន៍ទៅតាមតម្រូវការ និងវិធីសាស្ដ្រគន្លឹះក្នុងការដោះស្រាយបញ្ហាបច្ចេកទេស។
«ការងារ» អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទទួលបានឱកាសការងារល្អ ត្រូវតាមជំនាញដែលបច្ចុប្បន្ននេះមានក្រុមហ៊ុនជាច្រើនបាននិងកំពុងមានតម្រូវការ និងបានផ្សព្វផ្សាយលើថ្នាលនេះ។
«ការបង្កើតប្រវត្ដិរូបសង្ខេប» អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចចូលទៅជ្រើសរើសទម្រង់ណាមួយដែលពេញចិត្ដ ដើម្បីធ្វើការបង្កើត និងទាញយកប្រវត្ដិរូបសង្ខេបរបស់ខ្លួនបាន។
«ស្នើសុំអាហារូបករណ៍» តាមរយៈថ្នាលនេះ សិស្ស-និស្សិត បុគ្គលិក និងមន្ដ្រីរាជការ អាចស្នើសុំអាហារូបករណ៍ដែលផ្ដល់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានផងដែរ។
សាធារណជនអាចស្វែងរកព័ត៌មានបន្ថែម តាមរយៈវេបសាយ https://dcc.gov c.gov.kh/ ឬលេខទំនាក់ទំនង ០៧៧ ៦៣០ ១៨២៕