
បន្ទាប់ពីផុតឱសានវាទ កម្លាំងអាជ្ញាធរបានចាប់ផ្តើមធ្វើការរុះរើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលមិនព្រមចាកចេញពីតំបន់អន្ទង់អាំង ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង។ រូបថត រដ្ឋបាលខេត្តពោធិ៍សាត់
ពោធិ៍សាត់ៈ អាជ្ញាធរបានចាប់ផ្តើមរុះរើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលមិនព្រមចាកចេញពីតំបន់អន្ទង់អាំង(ភ្នំ១៥០០) ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង នៅពេលដែលផុតឱសានវាទ នៅថ្ងៃ អង្គារ ទី១៨ ខែមីនានេះ ដើម្បីរៀបចំឱ្យទៅជាតំបន់បៃតងឡើងវិញ។ សង្គមស៊ីវិលបានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការអនុវត្តវិធានការនេះ។
នៅមុនពេលមានការរុះរើ កងកម្លាំងនគរបាល និងអាជ្ញាធរនៃស្រុកវាលវែងបានចុះទៅតាមផ្ទះពលរដ្ឋ ដែលនៅសេសសល់១៩គ្រួសារ ដើម្បីឱ្យផ្តិតមេដៃ នៅព្រឹកនៅថ្ងៃទី១៧ ខែមីនានេះ ដើម្បីចាកចេញពីលំនៅដ្ឋានរបស់ខ្លួន និងឱ្យទទួលយកការដោះដូរនៅទីតាំងថ្មី។ ក្នុងករណី ដែលមិនព្រមនោះទេ អាជ្ញាធរនឹងចាប់ផ្តើម ធ្វើការរុះរើ។
ប៉ុន្តែ ពលរដ្ឋ បានបដិសេធ មិនព្រមផ្តិតមេដៃចាកចេញនោះទេ។ នៅពេលរសៀល ថ្ងៃដដែលនោះ ក៏មានគ្រឿងចក្រ ចូលទៅតំបន់នោះ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមអាដហុក នាថ្ងៃទី ១៨ ខែមីនា។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី នៃសមាគមអាដហុក លោកយិន ម៉េងលីបានអះអាងនៅព្រឹកថ្ងៃពុធ ទី១៩ ខែមីនាថា៖«ការរុះរើបានចាប់ផ្តើមកាលពីម្សិលមិញហើយ តែព័ត៌មានតែខ្ញុំទទួលបាន មិនទាន់មានការប្រើប្រាស់គ្រឿងចក្រកម្ទេចនោះទេ។ ការរុះរើនេះ គឺធ្វើទៅលើដំបូលផ្ទះ ដែលធ្វើពីឈើ»។
ប្រជាពលរដ្ឋ ៩៨គ្រួសារ បានចូលទៅរស់នៅតំបន់អន្ទង់អាំង នាពេលកន្លងមក ហើយពលរដ្ឋភាគច្រើនបានយល់ព្រមចាកចេញទៅកាន់ទីតាំងថ្មី។
រដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី ៣ ខែមីនាបានជូនដំណឹងជាថ្មីម្តងទៀត ដល់អ្នកដែលនៅសេសល់ ក្នុងតំបន់ហាមឃាត់ ឱ្យធ្វើការរុះរើ និងចាកចេញពីតំបន់អន្ទង់អាំងដោយខ្លួនឯងក្នុងរយៈពេល១៥ថ្ងៃ។
ក្នុងករណីផុតពេលកំណត់ បើនៅតែមិនព្រមចាកចេញនោះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិ សម្ភារនោះឡើយ។
សមាគមអាដហុក យល់ឃើញថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ គួរតែចុះទៅជួបប្រជាពលរដ្ឋដើម្បីសាកសួរ ប្រមូលព័ត៌មានបន្ថែមទៀត ពីហេតុផលដែលពួកគាត់ មិនព្រមចាកចេញ និងសិក្សាឈ្វេងយល់ ស្តាប់កង្វល់ពីពួកគាត់ ល្អជាជាងការដាក់ឱសានវាទក្នុងការរុះរើ។
ចំណាត់ការនេះអាចធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ជាពិសេសប្រជាពលរដ្ឋនៅតំបន់នោះកាន់តែធ្ងន់ធ្ងរឡើង ហើយជាចុងក្រោយ នឹងប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល។
អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដាបានមានប្រសាសន៍ថា លោកកំពុងតែធ្វើដំណើរក្នុងតំបន់អត់មានសេវាទូរស័ព្ទ។ ហេតុនេះ លោកមិនអាចធ្វើអត្ថាធិប្បាយបាននោះទេ នាថ្ងៃពុធនេះ។
ទោះយ៉ាងណា កាលពីសប្តាហ៍មុន លោកអភិបាលខេត្តបានឱ្យដឹងថា រដ្ឋបាលខេត្តបានចេញលិខិតជូនដំណឹង និងជួបផ្ទាល់ជាច្រើនលើកជាមួយនឹងពលរដ្ឋ ដែលនៅសេសសល់ ដើម្បីពន្យល់ ឱ្យពួកគាត់ចាកចេញ ទៅកាន់ទីតាំងថ្មី ដែលអាជ្ញាធរបានរៀបចំទុកឱ្យនោះដែរ។
លោកបានបញ្ជាក់ថា អាជ្ញាធរបានពន្យារពេល ឱ្យពួកគាត់ជាច្រើនដងមកហើយ។ ហេតុនេះ អាជ្ញាធរត្រូវអនុវត្តតាមសេចក្តីជូនដំណឹង ដោយគ្មានការ ពន្យាពេលទៀតនោះទេ។
ទីតាំងថ្មីសម្រាប់ពលរដ្ឋ ដែលស្ម័គ្រចិត្តចាកចេញពីតំបន់អន្ទង់អាំងនោះ គឺមានទំហំជាង១៥០ហិកតា ដែល ស្ថិតនៅជិតទីប្រជុំជន ហើយមានចម្ងាយប្រមាណជា ៦គីឡូម៉ែត្រពីរង្វង់មូលដំរី ទីរួមស្រុកវាលវែង។ អាជ្ញាធរមានរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវចាក់កៅស៊ូ អគ្គិសនី និងទឹក ជាដើមជូនពលរដ្ឋផងដែរ។
អភិបាលសុ្រកវាលវែង លោក ធាង ឡេង និង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប លោកយ៉េន ដែនដី សុំមិនធ្វើអត្ថាធិប្បាយលើករណីនេះនោះទេ នាព្រឹកថ្ងៃពុធនេះ។ រីឯ លោកណារ៉ា ចំរើន នាយករដ្ឋបាលខេត្តពោធិ៍សាត់ មិនអាចទាក់ទងសុំអត្ថាធិប្បាយបាននោះទេ៕