
ជនសង្ស័យ ២នាក់ដែលចាប់ខ្លួននៅស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងសំណុំរឿងគ្រឿងញៀន ៤២៩គីឡូក្រាម។ នគរបាល
សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានជាង ៥២០គីឡូក្រាម មានទាំងមេតំហ្វេតាមីន កេតាមីន និងហេរ៉ូអ៊ីន និងឃាត់ខ្លួនជនសង្ស័យចំនួន ៥២នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៣ករណី ទូទាំងប្រទេសនៅថ្ងៃទី១៨ ខែមីនា។
អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា ក្នុងករណីទាំង ២៣នេះ មាន ១០ករណីជាបទល្មើសជួញដុរ និង១៣ករណីជាបទល្មើសរក្សាទុក។
គ្រឿងញៀនដែលត្រូវបានរឹបអូសរួមមាន មេតំហ្វេតាមីនឬម៉ាទឹកកក (Ice) ជាង ៣១២គីឡូក្រាម មេតំហ្វេតាមីនគ្រាប់ (Wy) ជិត ១១៧គីឡូក្រាម, ហេរ៉ូអ៊ីនជាង ៩១គីឡូក្រាម និងប្រភេទផ្សេងៗទៀតក្នុងបរិមាណតិចតួច។
គ្រឿងញៀនភាគច្រើន គឺលទ្ធផលនសការបង្ក្រាបលើការដឹកជញ្ជូនគ្រឿនញៀនពីខេត្តស្ទឹងត្រែងក្នុងគោលដៅទៅភ្នំពេញ ដែលសមត្ថកិច្ចបង្ក្រាបបាននៅក្នុងទឹកដីខេត្តកំពង់ចាម កាលពីថ្ងៃទី១៤ និង ១៥ ខែមីនា។
យោងតាមសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី១៨ ខែមីនា របស់អយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចបង្ក្រាបបានករណីដឹកជញ្ជូនគ្រឿងញៀនសរុប ៤២៩គីឡក្រាម ដែលមានទាំងមេតំហ្វេតាមីន កេតាមីន និងជ័រអាភៀន ប្រព្រឹត្តដោយជនល្មើសមួយក្រុម ជិះឡាន ៣ គ្រឿងសុទ្ធតែ LEXUS ៤៧០។
ក្រុនជនល្មើសបានដឹកជញ្ជូនគ្រឿងញៀនពីខេត្តស្ទឹងត្រែង ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបាន នៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។ ដំបូងឡើយ សមត្ថកិច្ចបានហៅរថយន្តទាំង៣ ឲ្យឈប់នៅពេលធ្វើដំណើរដល់ផ្លូវជាតិលេខ៧ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ប៉ុន្តែរថយន្តទាំង ៣គ្រឿងនោះបានបើករត់គេចពីសមត្ថកិច្ច។
សមត្ថកិច្ចបានដេញតាម ហើយចាប់បានរថយន្តមួយគ្រឿងក្នុងចំណោម ៣ គ្រឿង នៅឃុំស្រង៉ែ ស្រុកព្រៃឈរដដែល ចំណែកមនុស្សនៅលើរថយន្ត ២នាក់បានរត់គេចខ្លួនបាត់ ហើយរថយន្ត ២គ្រឿងទៀតក៏បានបើកគេចខ្លួនបាត់ផងដែរ។
សមត្ថកិច្ចបានឆែកឆេរនៅក្នុងរថយន្តដែលចាប់បាន រកឃើញម្សៅក្រាមពណ៌ដែលជាថ្នាំញៀនចំនួន ៤៣១ ដុំ ច្រកក្នុងការុងចំនួន ១៨ការ៉ុង ស្មើនឹងទម្ងន់ ៤២៩ គីឡូក្រាម ដែលជាប្រភេទ មេតំហ្វេតាមីន កេតាមីន និងជ័រអាភៀន។
នៅថ្ងៃទី១៥ ខែមីនា សមត្ថកិច្ចបានបន្តស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ចំណែកឯជនសង្ស័យជា បក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនត្រូវបានចោទប្រកាន់ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងបទ ចូលរួមក្នុង ក្រុមឧក្រិដ្ឋជន ហើយត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារ៕