ភ្នំពេញៈ ភ្លៀងកក់ខែនាំមកនូវខ្យល់កន្រ្តាក់ ដែលបានចាប់ផ្តើមកើតមានឡើងនៅដើមខែមីនានេះ និងជាបន្តបន្ទាប់រហូតដល់ខែឧសភា ជាពិសេស នៅសប្តាហ៍ចុងក្រោយ នៃខែមីនានេះ ភ្លៀងកក់ខែនឹងមានឥទ្ធិពលខ្លាំងនៅទូទាំងប្រទេស។ មន្រ្តីជំនាញបានព្រមាន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតនេះ។

អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកសុទ្ធ គឹមកុលមុន្នីបានឱ្យដឹងថា តាមការកត់សម្គាល់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឃើញថា ខ្យល់កន្រ្តាក់ បានចាប់ផ្តើមកើតមាននៅក្នុងខែមីនានេះ។

បាតុភូតធម្មជាតិនេះ អាចនឹងកើតឡើងជាបន្តបន្ទាប់ទៀត ជាពិសេស នៅពាក់កណ្តាលខែមេសា រហូតដល់ខែឧសភាជារៀងរាល់ឆ្នាំ។

លោកបញ្ជាក់ថា៖«ភ្លៀងកក់ខែ បាននាំមកជាមួយនឹងបញ្ហាផ្គររន្ទះ និងខ្យល់កន្រ្តាក់ កើតឡើងជាបន្តបន្ទាប់។ នេះគឺជាបាតុភូតធម្មជាតិ ដែលបានបង្កហានិភ័យសម្រាប់ប្រទេសកម្ពុជាយើង។ ជារៀងរាល់ឆ្នាំ ផលប៉ះពាល់ដោយសារខ្យល់កន្រ្តាក់នេះមានច្រើន ជាពិសេសទៅលើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរបស់យើង»។

បាតុភូតខ្យល់កន្រ្តាក់បានបង្កឱ្យខូចខាតផ្ទះសម្បែងពលរដ្ឋជាង៥ ១៨០ខ្នងនៅទូទាំងប្រទេស ហើយក្រៅពីនោះបានសម្លាប់មនុស្សអស់៧នាក់ និងរបួស៣៩នាក់ផងដែរ កាលពីឆ្នាំ២០២៤កន្លងមក។

កាលពីថ្ងៃទី១៦ ខែមីនានេះ ខ្យល់កន្រ្តាក់បានកើតមាននៅក្នុង ៣៣ក្រុង ស្រុក នៃខេត្តចំនួន៦ ដែលបង្កការប៉ះពាល់ដល់ផ្ទះប្រមាណជា ១ ២៣៩ខ្នង ​និងមនុស្សចំនួន៨នាក់របួស។

ខេត្តទាំងនោះ រួមមាន សៀមរាប ក្រចេះ បាត់ដំបង ប៉ៃលិន ត្បួងឃ្មុំ និងខេត្តបន្ទាយមានជ័យ ដែលក្នុងនោះ សៀមរាប រងគ្រោះធ្ងន់ធ្ងរជាងគេ។ នេះបើយោងតាម លោកគឹមកុលមុន្នី។

ក្រៅពីនោះ យ៉ាងហោចណាស់ មនុស្ស២នាក់ ក៏ត្រូវបានរន្ទះបាញ់ស្លាប់ ក្នុងពេលខ្យល់កន្ត្រាក់លាយឡំផ្គររន្ទះនៅក្នុងខេត្តសៀមរាប និងបាត់ដំបងផងដែរ។

លោកគឹមកុលមុន្នីបានលើកឡើងថា ដើម្បីកាត់បន្ថយផលប៉ះពាល់ពីខ្យល់កន្ត្រាក់នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងស្ថាប័នពាក់ព័ន្ធ បានធ្វើការយ៉ាងយកចិត្តទុកដាក់។

ក្នុងនោះ ជាពិសេស គឺកំពុងតែពង្រឹងនូវយន្តការ នៃប្រព័ន្ធតាមដានព័ត៌មាន ក៏ដូចជា ប្រព័ន្ធតាមដានទិស និងកម្លាំងខ្យល់កន្រ្តាក់ ឱ្យកាន់តែខ្លាំងឡើង ហើយផ្តល់ព័ត៌មានដល់ពលរដ្ឋនៅកន្លែងប្រឈម ឱ្យមានការប្រុងប្រយ័ត្នជាមុន។

លោកបញ្ជាក់ថា៖«ជាពិសេសអ្វីដែលយើងត្រូវពង្រឹងសំខាន់ កន្លងមក និងបន្តទៀតនោះ គឺការរៀបចំប្រព័ន្ធតាមដានព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយម។ ជាពិសេស គឺតាមដាននូវទិស និងកម្លាំងខ្យល់កន្រ្តាក់ ដែលអាចកើតមាន ហើយផ្តល់ព័ត៌មានជាមុនដល់មូលដ្ឋាន ដែលអាចប្រឈមទៅនឹងខ្យល់កន្ត្រាក់នេះ»។

បន្ថែមពីនោះ ក្រសួង និងស្ថាប័នពាក់ព័ន្ធក៏បានសិក្សាពីការរចនានូវសំណង់ តាមរយៈរចនាបទផ្សេងៗ ដែលអាចធន់ទៅនឹងខ្យល់កន្រ្តាក់ សម្រាប់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

លោកថ្លែងដូច្នេះថា៖«នេះជាការងារ ចាំបាច់ ដែលយើងត្រូវធ្វើ ដើម្បីកាត់បន្ថយផលប៉ះពាល់ពីបញ្ហាខ្យល់កន្រ្តាក់ ហើយត្រូវយល់ដឹងពីការរៀចំ នូវផ្ទះសម្បែង ដែល អាចពេលខ្យល់មក ត្រូវបិទទ្វារ បិទបង្ហួច ដើម្បីមានសុវត្ថិភាព។ នេះជាការអប់រំមួយដែលយើងបានផ្សព្វផ្សាយកន្លងមក និង​បន្តទៀត»។

ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់សាធារណជនថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៥ ខែមីនានេះ ស្ថានភាពភ្លៀងកក់ខែ នឹងមានការថមថយឥទ្ធិពលមកលើកម្ពុជា។

ប៉ុន្តែចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ភ្លៀងកក់ខែនឹងបន្តមានឥទ្ធិពលឡើងវិញដែលគ្របដណ្តប់រាយប៉ាយនៅទូទាំងប្រទេស។

លោកគឹមកុលមុន្នីបានណែនាំថា ក្នុងពេលមានខ្យល់កន្រ្តាក់ ពលរដ្ឋ សូមកុំចេញពីផ្ទះ ហើយរឿងសំខាន់នោះ គឺត្រូវស្នាក់នៅក្នុងផ្ទះ ដែលមានសុវត្ថិភាព ដូចជាបន្ទប់ខាងក្នុង ឬកន្លែង ដែលគ្មានបង្អួច ហើយចៀសវៀងប្រើប្រាស់ឧបករណ៍អគ្គិសនី ដែលអាចបង្កបញ្ហារន្ទះបាញ់ផ្សេងៗ។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ ឱ្យធ្វើការតាមដានពីស្ថានភាពខ្យល់កន្រ្តាក់ ចាប់ពីពេលនេះតទៅ ដើម្បីរួមគ្នាកាត់បន្ថយ ការរងគ្រោះដោយសារខ្យល់កន្រ្តាក់ ឱ្យបានលទ្ធផលល្អ។

ការតាមដាននេះ ក៏ជាការឆ្លើយតបឱ្យបានទាន់ពេលវេលា ដោយត្រៀមរៀបចំនូវមធ្យោបាយ សម្ភារ និងឧបករណ៍ ដើម្បីអន្តរាគមន៍ នៅពេលមានហេតុការកើតមានឡើង។

មន្រ្តីជំនាញ នៃក្រសួងធនធានទឹក ក៏បាននឹងកំពុងតែចុះពិនិត្យមើលស្ថានីយឧតុនិយមស្វ័យប្រវត្តិជាបន្តបន្ទាប់ផងដែរ។

អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក លោកអឿង ចន្ថាបានលើកឡើងពីសារៈសំខាន់ នៃស្ថានីយឧតុនិយម ជាពិសេសស្ថានីយឧតុនិយមស្វ័យប្រវតិ្ត ដែលជាសមិទ្ធផលថ្មីលើវិស័យឧតុនិយម។

ស្ថានីយនេះ បានធ្វើឱ្យការទទួលទិន្នន័យធាតុអាកាសកាន់តែលម្អិតល្អប្រសើរ ដើម្បីបម្រើ ដល់ការព្យាករ ក៏ដូចជាការជូនដំណឹងស្តីពីធាតុអាកាសដល់ប្រជាពលរដ្ឋឱ្យបានជ្រាបជាព័ត៌មានបានកាន់តែច្បាស់លាស់ និងទាន់ពេលវេលា។

លោកអនុរដ្ឋលេខាធិការបានបញ្ជាក់ថា ទិន្នន័យឧតុនិយម ពិតជាមានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងនោះ រួមមាន ការគ្រប់គ្រងធនធានទឹកនិងឧតុនិយម បម្រើស័យកសិកម្ម អាកាសចរណ៍ នាវាចរណ៍ ទេសចរណ៍ ឧស្សាហកម្ម សុខាភិបាល និងសំណង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ។

ក្រៅពីនោះ វាក៏បំរើដល់ការគ្រប់គ្រងគ្រោះមហន្តរាយ ដោយផ្តល់ការប្រកាសអាសន្ន ឱ្យដឹងមុនសម្រាប់ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួត និងលក្ខខណ្ឌអាកាសធាតុធ្ងន់ធ្ងរផ្សេងៗ៕