វា​ជា​ព័ត៌មាន​គួរ​ឲ្យ​រំភើប​សម្រាប់​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម TikTok នៅ​ពេល​ដែល​មាតិកា​ល្អៗ​ មាន​ភាព​ទាក់​ទាញ​ និង​គោរព​គោលការណ៍​បណ្ដាញ​សង្គម​នេះ​ត្រូវ​បាន​បើក​ឲ្យ​រក​លុយ​បាន​នៅ​កម្ពុជា។​ នេះ​បើ​តាម​​លោក​ ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍។

លោក ជា វ៉ាន់ដេត បាន​បញ្ជាក់​ពី​គោលការណ៍​អនុញ្ញាត​ឲ្យ​រក​ចំណូល​ពី​បណ្ដាញ​សង្គម​​ចិន​នេះ ​នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តី​ពី​សុវត្ថិភាព​លើ​ប្រព័ន្ធ​អនឡាញ និង​គោលការណ៍​ណែនាំ​របស់​ក្រុមហ៊ុន ​TikTok នា​ថ្ងៃ​ទី១៩ ខែមីនា​នេះ។​

សិក្ខាសាលា​ស្ដី​អំពី​សុវត្ថិភាព​លើ​ប្រព័ន្ធ​អនឡាញ និង គោលការណ៍​ណែនាំ​របស់​ក្រុមហ៊ុន ​TikTok ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រសួង​ ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ TikTok ​ក្នុង គោល​បំណង​ចែក​រំលែក​ព័ត៌មាន ​ឱកាស​រក​ប្រាក់​ចំណូល​សម្រាប់​អ្នក​ផលិត​មាតិកា​ ឧត្តមានុវត្តន៍​នៃ​ការ​ការពារ​សុវត្ថិភាព​លើ​ប្រព័ន្ធ​អនឡាញ គោលការណ៍​ណែនាំ​សហគមន៍ និង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម Tik Tok ប្រកប​ដោយ​ប្រសិទ្ធភាព ដែល​មាន​ការ​ចូល​រួម​ពី ​ក្រសួង ​ស្ថាប័ន ​អ្នកសារព័ត៌មាន និង​អ្នក​ផលិត​មាតិកា។

កាល​ពី​កន្លង​ទៅ អ្នក​ផលិត​មាតិកា​នៅ​កម្ពុជា​មិន​អាច​រក​ប្រាក់​ពី​កម្មវិធី​ TikTok បាន​ទេ ដោយសារ​តែ​ក្រុមហ៊ុន​នេះ​អនុញ្ញាត​ការ​រក​លុយ​នៅ​តែ​ប្រទេស​ធំៗ​មួយ​ចំនួន។

ប៉ុន្តែ នៅ​ឆ្នាំ​២០២៥​នេះ ក្រុមហ៊ុន TikTok ពង្រីក​កម្មវិធី​រក​ប្រាក់​សម្រាប់​អ្នក​ប្រើ​ប្រាស់​ដែល​មាន​ឈ្មោះ​ថា Subscription ទៅ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ក្នុង​នោះ​មាន​ទាំង​កម្ពុជា​ផង​ដែរ ដោយ​យោង​ទៅ​លើ​ការ​កើន​ឡើង​នៃ​អ្នក​ប្រើ​ប្រាស់ និង​លទ្ធភាព​ដែល​ក្រុមហ៊ុន​ទទួល​បាន​សក្ដានុពល​ផ្នែក​ពាណិជ្ជកម្ម​លើ​អនឡាញ។​

យោង​តាម​ក្រុមហ៊ុន TikTok ​គោលការណ៍​មួយ​ចំនួន​សម្រាប់​គ្រប់​លក្ខខណ្ឌ​រក​ប្រាក់​មាន​ដូច​ជា អ្នក​ប្រើ​ប្រាស់​ចុះ​ឈ្មោះ​នៅ​កម្ពុជា, ជា​គណនី​ផ្ទាល់​ខ្លួន​និង​មិន​មែន​ជា​គណនី​ក្រសួង ឬ​ក្រុមហ៊ុន,​ មាន​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង​ទៅ មាន​ Follower ១ម៉ឺន​នាក់ និង​មាន​អ្នក​មើល​ ១០​ម៉ឺន​ View ក្នុង​រយៈ​ពេល ៣០​ថ្ងៃ​ចុង​ក្រោយ។ ក្រៅ​ពី​នេះ​នៅ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ទៀត ដែល​ហៅ​ថា គោលការណ៍​ណែនាំ​សហគមន៍។

នៅ​កម្ពុជា មាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​សកម្ម​​ជាង ១២​លាន​នាក់ ដែល​ស្មើ​នឹង​ប្រមាណ ៦៨​ភាគរយ​នៃ​ប្រជាជន​សរុប​ជាង ១៧​លាន​នាក់ គិត​ត្រឹម​ឆ្នាំ​២០២៤។

បណ្ដាញ​សង្គម​ដែល​ពេញ​និយម​ជាង​គេ​គឺ​ហ្វេសប៊ុក​ ដែល​មាន​គណនី​ជាង​១៣​លាន​ ស្មើ​នឹង​៧៧​ភាគរយ​នៃ​ពលរដ្ឋ​សរុប។

ចំណែក​អ្នក​ប្រើ​ប្រាស់ Messenger មាន​ជាង​១២​លាន​នាក់។

ចំណែក​ការ​ប្រើ​ប្រាស់​ តេឡេក្រាម​មាន​ប្រមាណ ១០​លាន​នាក់។

ដោយ​ឡែក​សម្រាប់​បណ្ដាញ​សង្គម TikTok វិញ ក៏​មាន​ភាព​ពេញ​និយម​ដែរ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា ដែល​មាន​មាន​អ្នក​ប្រើ​ប្រាស់​ប្រមាណ ១០​លាន​នាក់។ នេះ​បើ​តាម​លោក ទេព អស្នារិទ្ធ អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន។

យ៉ាង​ណា​ក៏​ដោយ លោក អស្នារិទ្ធ បាន​ក្រើន​រំឭក​ដល់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ជា​ពិសេស​អ្នក​ផលិត​មាតិកា និង​អ្នក​មាន​ប្រជាប្រិយភាព​ឲ្យ​ផលិត​មាតិកា​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ ផ្អែក​លើ​ការ​ពិត មាន​ប្រភព​ត្រឹមត្រូវ អាច​ទុក​ចិត្ត​បាន និង​ចូលរួម​ក្នុង​ការធានា ថែ​រក្សា​នូវ​សណ្តាប់​ធ្នាប់ និង​ស្ថិរភាព​នៅ​ក្នុង​សង្គម ក៏​ដូចជា​ការពារ​សុវត្ថិភាព និង​ភាព​សុខសាន្ត​សម្រាប់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ។

លោក​ថ្លែង​ថា៖ « អ្នក​ផលិត​មាតិកា​ត្រូវ​អនុវត្ត​សកម្មភាព​របស់​ខ្លួន​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ ដោយ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​ការគោរព និង​ប្រតិបត្តិ​នូវ​ក្រមសីលធម៌​ពាក់​ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម និង​ការ​ការពារ​សិទ្ធិ​អ្នក​ប្រើប្រាស់​ដើម្បី​ធានា​ថា ការ​ផ្សព្វ​ផ្សាយ​មាន​តម្លាភាព តុល្យភាព អាច​ទុក​ចិត្តបាន​ផ្តល់​សារៈ​ប្រយោជន៍ និង​ការពារ​ស្ថិរភាព​សម្រាប់​រស់​នៅ​ប្រចាំ​ថ្ងៃ»៕