ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ដែលនឹង​ប្រព្រឹត្តទៅ​ក្នុង​ខេត្ត​តាកែវ​ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» ត្រូវ​បាន​​រំពឹង​ថា​នឹង​អាច​ទាក់​​ទាញ​ភ្ញៀវ​ជាតិ និង​អន្តរ​ជាតិ​ជា​ច្រើន​ឱ្យ​ចូល​រួម​ ខណៈ​រដ្ឋបាល​ខេត្ត​​បាន​រៀបចំ​ឱ្យ​មាន​ការ​សម្តែងទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រី ការ​ប្រកួតកីឡា និង​ការ​កម្សាន្ត​ជា​ច្រើន​​។

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ ២០២៥  នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ ដោយមានការ​រៀបចំកីឡាកម្សាន្ត​ ១០ប្រភេទ។

ពិធី​បើក​សម្ពោធជាផ្លូវការនឹងរៀបចំឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ ២០២៥ ចាប់ពីម៉ោង ១៦:០០-២២:០០ ដោយ​មាន​ការ​ចូល​រួម​ពី​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត និងភរិយា។​

អភិបាល​ខេត្ត​តាកែវ លោក វ៉ី សំណាង បាន​និយាយ​ថា សម្រាប់​ឆ្នាំ​ ២០២៥ ​នេះ ខេត្តតាកែវ បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​ប្តូរវេន​រៀបចំ​ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ឆ្នាំ ២០២៥ ក្រោមប្រធានបទ«គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ»។

ព្រឹត្តិការណ៍​នេះ​នឹង​នាំមក​នូវ​ផល​វិជ្ជមាន​ច្រើន​សម្រាប់​សេដ្ឋកិច្ចប្រទេស​កម្ពុជា​ទាំង​មូល ជា​ពិសេស​ខេត្ត​តាកែវ​ ដែល​ជា​ទីតាំង​រៀបចំ​។ ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយ​ជា​វេទិកាដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក ជំរុញសេវាកម្មទេសចរណ៍ និងផ្សព្វផ្សាយតំបន់សក្ដានុពលទេសចរណ៍នានារបស់ខេត្តផងដែរ​។

លោក​​ថ្លែង​ថា៖​«​នេះ​ជា​លើក​ទី​១ ហើយ​ដែល​ខេត្ត​តាកែវ បាន​​ធ្វើជាម្ចាស់ផ្ទះរៀបចំ​បុណ្យទន្លេ។ នេះ​មោទនភាពមួយ​ដែល​ខេត្ត​មាន​ឱកាស​ក្នុងការ​បង្ហាញ​ពី​សក្តានុពល​របស់​ខ្លួន​លើ​គ្រប់វិស័យ​ទៅដល់បងប្អូនប្រជាពលរដ្ឋ​ខ្មែរ រួម​ទាំង​ភ្ញៀវ​បរទេស​»។ លោក​បន្ត​ថា៖​«​យើង​ពិត​ជា​មាន​សមត្ថភាព​ក្នុងការ​រៀបចំបុណ្យទន្លេនេះឡើង​ ដោយ​គិតមកដល់ថ្ងៃទី១៨ ខែ​មីនា គឺគណៈកម្មការអន្តរក្រសួង​​រៀបចំបានប្រមាណ ៨៥ ភាគរយ​ហើយ​»។

ជាមួយ​គ្នា​នេះក្នុង​នាម​​អាជ្ញាធរខេត្ត ​លោក​ សំណាង បាន​អំពាវនាវឱ្យ​ប្រជាពលរដ្ឋ​​ទៅលេងកម្សាន្តពិធីបុណ្យទន្លេ​នៅ​ចុង​សប្តាហ៍​នេះ​​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​គ្រប់​គ្រង​សំរាម​ឱ្យ​បាន​​​ត្រឹម​ត្រូវ​ ដើម្បី​បង្កើត​នូវ​បរិយាកាស​ល្អ​ៗ​សម្រាប់​អ្នក​មក​កម្សាន្ត។

លោក​និយាយ​ថា​៖«តាមរយៈនេះសូមអំពាវនាវ​​ចំពោះឪពុកម៉ែមាមីងបងប្អូនកូនក្មួយទាំងអស់​​ដែលអញ្ជើញ​មកបុណ្យទន្លេ​សូមជួយ​ទុកដាក់សំរាមឱ្យបាន​ត្រឹម​ត្រូវ និង​សូម​អញ្ជើញ​មកលេងឱ្យ​បាន​ច្រើនកុះករ​ដើម្បីបង្ហាញការគាំទ្រ​ ក៏ដូចជា​ផ្តល់ឱកាស​សប្បាយរីករាយសម្រាប់​លំហែបន្ទាប់ពីបំពេញការងារ​រួច​​»។

សេចក្តីជូនដំណឹង​របស់​​ក្រសួង​ទេសចរណ៍ បាន​លើក​ឡើង​ថា ដើម្បីជំរុញឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ប្រព្រឹត្តទៅដោយភាពអធិកអធម គណៈកម្មការ​អន្តរក្រសួងនឹងរៀបចំកម្មវិធីសំខាន់ៗដូច​ជា ការសម្តែងផ្ទាល់នូវទស្សនីយភាពសិល្បៈ ការប្រគំតន្ត្រីដោយមានការចូលរួមពីក្រុមសិល្បករ សិល្បការិនី និងតារាចម្រៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការអុជកាំជ្រួចអបអរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥។

ក្រៅ​ពី​នោះ​ក៏​មាន​​​ការតាំងពិព័រណ៍សមិទ្ធផលក្នុងវិស័យទេសចរណ៍ មហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៍ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុក ព្រមទាំងការ និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តតាកែវ។

សម្រាប់​កម្ម​វិធី​កីឡាគឺ​​មាន​ចំនួន ១០ប្រភេទ ដូចជា កីឡា​ជិះកង់​ចម្ងាយ ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ, កីឡា​រត់កម្សាន្តមហាជន ១២០០ នាក់, កីឡា អុកចត្រង្គ​មហាជន, កីឡា កម្សាន្ត រែកបាយខុម លោតម៉ឹក,កីឡា បាល់ទះ មហាជន, កីឡា ប៉ូល (បេតង់) មហាជន, កីឡា ទូក កានូ កាយ៉ាក មហាជន,ការបង្ហោះគោមរួមគ្នា ៥០០គោម, កីឡាគុនខ្មែរ, និង កីឡាសម្ដែងប៉ារ៉ាប៉ូទ័រ។

ព្រឹត្តិការណ៍បុណ្យទន្លេ បានរៀបចំ​លើកដំបូង​ក្នុង​ឆ្នាំ​ ២០១៥ នៅ​​​ខេត្តក្រចេះ, ឆ្នាំ​២០១៦ ខេត្តស្ទឹងត្រែង, ឆ្នាំ ២០១៧ នៅខេត្តកំពង់ចាម-​ខេត្តត្បូងឃ្មុំ, ឆ្នាំ​ ២០១៨ ខេត្តកណ្ដាល, ឆ្នាំ​ ២០១៩ ខេត្តកំពង់ឆ្នាំង, ឆ្នាំ​ ២០២០ នៅខេត្តបាត់ដំបង មុន​ពេល​ត្រូវ​ផ្អាក​ចំនួន ២ ឆ្នាំ​ដោយ​សារ​វិបត្តិ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩។ បន្ទាប់​ពី​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩ អាច​គ្រប់​គ្រង​បាន​ឡើង​វិញ រដ្ឋាភិបាល​​បាន​សម្រេច​រៀបចំ​ពិធី​បុណ្យ​ទន្លេ លើ​ក​ទី​៧ កាល​ពី​ឆ្នាំ​ ២០២៣ នៅ​ខេត្ត​កំពង់​ធំ និង​លើក​ទី ៨ ក្នុង​ឆ្នាំ ​២០២៤ នៅ​​ខេត្ត​សៀមរាប៕