
ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅឃុំវត្តតាមិម ត្រូវបានដាក់ឱ្យដំណើរការ ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងភាពធន់ នឹងអាកាសធាតុសម្រាប់កសិករជនបទ។ រូបថត អង្គការអុកស្វាម
បាត់ដំបងៈ ប្រទេសអៀរឡង់ បានប្រកាសផ្តល់មូលនិធិចំនួន ៨០ម៉ឺនអឺរ៉ូ សម្រាប់កម្មវិធី អាកាសធាតុក្នុងឆ្នាំ ២០២៥ ដែលដឹកនាំអនុវត្តដោយអង្គការអុកស្វាមប្រចាំនៅកម្ពុជា ដើម្បីជួយដល់សហគមន៍ជនបទនៅភាគខាងជើង នៃប្រទេស ជាមួយនឹងកសិកម្មវៃឆ្លាត ថាមពលកកើតឡើងវិញ ភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍជនបទ។
ការប្រកាសនេះធ្វើឡើងដោយ លោកNoel Grealish TD រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអារហារ និងដែនសមុទ្រ នៃប្រទេសអៀរឡង់ នាថ្ងៃពុធ ទី១៩ ខែមីនានេះ នៅក្នុងពិធីដាក់ឱ្យដំណើរការ នូវស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ នៅឃុំវត្តតាមិម ស្រុកសង្កែ ដើម្បីលើកកម្ពស់ផលិតភាពកសិកម្ម និងភាពធន់ នឹងអាកាសធាតុសម្រាប់កសិករជនបទក្នុងប្រទេសកម្ពុជា។
ក្រុមការងារនៃកម្មវិធីនេះនឹងធ្វើការយ៉ាងជិតស្និតជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមរៀបចំ និងពង្រឹងគោលនយោបាយអាកាសធាតុផងដែរ។
ក្រៅពីការដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ គម្រោងក៏បានផ្តល់ការ បណ្តុះបណ្តាលដល់កសិករ ស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ទឹកប្រកបដោយនិរន្តរភាពផងដែរ។
តាមរយៈការផ្តល់មូលនិធិដោយ ស្ថានទូតអៀរឡង់ប្រចាំនៅទីក្រុងហាណូយ ប្រទេសអៀរឡង់បានចូលរួម ចំណែកថវិកាចំនួន ៨៤ ០០០ អឺរ៉ូ ដល់ការសាងសង់ ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ដើម្បីធានាថាសហគមន៍មានទឹកប្រើប្រាស់ គ្រប់គ្រាន់ក្នុងរយៈពេលពេញមួយឆ្នាំ។
គ្រួសារជាង ២២០ នឹងទទួលបានអត្ថប្រយោជន៍តាមរយៈ ស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ដែលស្រោចស្រពលើផ្ទៃដី ២៣៤ ហិកតា។
ពិធីបើកដំណើរការស្ថានីយនេះ រួមមានការបង្ហាញពីស្ថានីយបូមទឹកដែលបំពាក់ដោយថាមពលពន្លឺព្រះអាទិត្យ និងការចែករំលែកបទពិសោធន៍ពីកសិករ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការអុកស្វាម។
ក្នុងពិធីដាក់ឱ្យដំណើរការនេះ លោករដ្ឋមន្រ្តីមានប្រសាសន៍ថា វិស័យកសិម្ហូបអាហារ គឺជាផ្នែកមួយ ដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសអៀរឡង់ ដែលមានកសិដ្ឋានលក្ខណៈគ្រួសារចំនួន ១៣៥ ០០០ ដែលផលិតអាហារ ដែលមានគុណភាពខ្ពស់។
ប្រទេសអៀរឡង់បានផ្តល់អាទិភាពដល់ការប្រើប្រាស់ បច្ចេកវិទ្យា និងការច្នៃប្រឌិត ដើម្បីបន្ថែមគុណតម្លៃ បង្កើតភាពប្រកួតប្រជែង និងដើម្បីដោះស្រាយ បញ្ហាប្រឈមសំខាន់ៗដូចជានិរន្តរភាពបរិស្ថាន។
លោកបន្តថា ដូចគ្នានេះដែរ នៅប្រទេសកម្ពុជា កសិករខ្នាតតូច គឺជាឆ្អឹងខ្នងនៃវិស័យកសិកម្ម ហើយជាចំណុចស្នូល សម្រាប់អនាគតនៃវិស័យកសិកម្មផងដែរ ។
គម្រោងសូឡានេះ ជាឧទាហរណ៍ដ៏ល្អមួយ នៃការវិនិយោគលើបច្ចេកវិទ្យា ប៉ុន្តែវាក៏ជា ការវិនិយោគសម្រាប់កសិករកម្ពុជា និងក្នុងវិស័យកសិកម្មប្រកបដោយនិរន្តរភាពផងដែរ។
លោករដ្ឋមន្រ្តីថ្លែងថា៖«បទពិសោធន៍ រួមគ្នារបស់ប្រទេសអៀរឡង់ និងប្រទេសកម្ពុជា ក្នុងវិស័យកសិកម្ម បង្ហាញពីឱកាសដ៏មានតម្លៃសម្រាប់ កិច្ចសហប្រតិបត្តិការ។ ជាផ្នែកមួយ នៃការចូលរួមកាន់តែខ្លាំងរបស់អៀរឡង់នៅក្នុងប្រទេសកម្ពុជា យើងមានសេចក្តីសោមនស្សរីករាយ ដែលបានបង្កើនមូលនិធិរបស់យើង សម្រាប់កម្មវិធី ដូចជាកម្មវិធី ដែលយើងបានចាប់ផ្តើមនៅថ្ងៃនេះ»។
អភិបាលរងខេត្តបាត់ដំបង លោកផេង សិទ្ធី បានលើកឡើងក្នុងឱកាសនោះថា បាត់ដំបង ជាខេត្តមួយដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា ជង្រុកស្រូវរបស់ប្រទេសកម្ពុជា។ ការទទួលបាននូវប្រព័ន្ធធារាសាស្ត្រ ដែលអាចទុកចិត្តបាននេះ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាកសិករកម្ពុជា។
លោកបញ្ជាក់ថា៖«គម្រោងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ មិនត្រឹមតែជួយបង្កើនផលិតភាពកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កិច្ចខិតខំ ប្រឹងប្រែងរបស់រដ្ឋបាលខេត្តបាត់ដំបង ក្នុងការទទួលយកនូវការអនុវត្តប្រកបដោយនិរន្តរភាព និងបៃតងជាងមុន»។
លោកស្រីភាណ សោភ័ណ នាយិកាអង្គការអុកស្វាម បានថ្លែងថា កម្មវិធីនេះ កំពុងត្រូវបានអនុវត្ត ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ក្រីក្របំផុតមួយចំនួនក្នុងប្រទេសកម្ពុជា។
កិច្ចសហការជាមួយប្រទេសអៀរឡង់ រដ្ឋាភិបាលក្នុងតំបន់ ដៃគូ និងជាមួយសហគមន៍នៅ ក្នុងខេត្តបាត់ដំបងនេះ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើការរួមគ្នាលើ សកម្មភាពអាកាសធាតុ និងការផ្តល់នូវការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
លោកស្រីមានប្រសាសន៍ដូច្នេះថា៖«គម្រោងដែល ឯកឧត្តមរដ្ឋមន្ត្រីបានបើកដំណើរការនៅថ្ងៃនេះ បង្ហាញអំពីសារៈសំខាន់ នៃការដោះស្រាយបញ្ហាប្រឈម ផ្នែកអាកាសធាតុ និងភាពក្រីក្រជាមួយគ្នា ហើយយើងដឹងថា វានឹងជួយលើកកម្ពស់ជីវភាពដល់គ្រួសារ ជាច្រើនក្នុងតំបន់នេះ»។
លោកអ៊ិម ស្វាង ប្រធានសហគមន៍ប្រើប្រាស់ទឹកឃុំវត្តតាមិម ក៏បានលើកឡើងផងដែរថា ទឹកគឺជាធនធានដ៏សំខាន់សម្រាប់វិស័យកសិកម្មក្នុងសហគមន៍។ គម្រោងនេះធានាថាកសិករមានលទ្ធភាពទទួលបានទឹកគ្រប់គ្រាន់ ប្រកបដោយនិរន្តរភាព និងតម្លៃសមរម្យពេញមួយឆ្នាំ។
លោកបាននិយាយថា៖«ជាមួយនឹងប្រព័ន្ធធារាសាស្រ្ត ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ សហគមន៍ របស់យើងអាចពង្រីកការដាំដុះ បង្កើនទិន្នផលដំណាំ បង្កើនប្រាក់ចំណូល និងមានអនាគតល្អសម្រាប់កសិកររបស់យើង»៕