ភ្នំពេញ៖ កម្មវិធី​អន្តរជាតិ​ស្តីពី រ​ង្វា​យ​តម្លៃ​ការសិក្សា​របស់​សិស្ស​ឆ្នាំ​២០២៥ (PISA-2025) គ្រោង​នឹង​ដាក់​​អនុវត្ដ​នា​ពេល​ខាងមុខ​​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ពង្រឹង​សមត្ថកិច្ច​សិស្ស​អាយុ ១៥​ឆ្នាំ បំណង​ឆ្លើយ​តប​ទៅនឹង​ស្ដង់ដា​អន្ដរជាតិ​។

លោករដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និងកីឡា ហង់ជួន ណារ៉ុន បាន​ធ្វើជា​អធិបតីភាព​ក្នុង​ពិធី​បើក​សិក្ខាសាលា​ណែនាំ​បច្ចេកទេស​ការត្រៀម​អនុវត្ត​កម្មវិធី​អន្តរជាតិ​ស្តីពី រ​ង្វា​យ​តម្លៃ​ការសិក្សា​របស់​សិស្ស​ឆ្នាំ​២០២៥ (PISA-2025) ថ្ងៃទី១៩ ខែមីនា​ នៅ​វិទ្យាស្ថានជាតិ​អប់រំ​។

លោកបានថ្លែងថា​៖ «​​បន្ទាប់ពី​ស្តាប់​របាយការណ៍​សង្ខេប​នៃ​ដំណើរការ​តេស្ត​អន្តរជាតិ PISA ២០២៥ រួចមក ​ខ្ញុំ​សូមបញ្ជាក់​ពី​សារៈសំខាន់ នៃ​តេស្ត​អន្តរជាតិ PISA ក្នុងការ​វាយតម្លៃ​ប្រព័ន្ធ​អប់រំ​កម្ពុជា និង​ប្រសិទ្ធភាព​ការងារ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ​កម្ពុជា ឆ្លើយតប​នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​»។

ការអនុវត្ត​កម្មវិធី PISA មាន​គោលបំណង​វាស់​ស្ទង់​សមត្ថភាព​របស់​សិស្ស​ក​ម្ពុ​ជា​អាយុ ១៥​ឆ្នាំ​នៅ​កម្រិត​មធ្យមសិក្សា​ទាំង​ចំណេះដឹង និង​បំ​ណិ​ន​លើ​ផ្នែក​អំ​ណាន គណិតវិទ្យា និង​វិទ្យាសាស្ត្រ ស្របតាម​កម្រិត​សមត្ថភាព​សកល និង​អាច​ប្រៀបធៀប​បាន​ជាមួយនឹង​ប្រទេស​ទូទាំង​ពិភពលោក ​ក៏ដូចជា​​យល់ដឹង​អំពី​ស្ថានភាព​សិស្ស​អាយុ​១៥​ឆ្នាំ ក្រុមគ្រួសារ គ្រូបង្រៀន​សាលារៀន និង​សហគមន៍​ក្នុង​បរិបទ​កម្ពុជា។

លើសពីនេះ  ការអនុវត្ត​កម្មវិធី PISA កំណត់​បាន​នូវ​កិច្ច​អន្តរាគមន៍​គោលនយោបាយ និង​វិធានការ​ពាក់ព័ន្ធ ដើម្បី​លើកកម្ពស់​គុណភាព​ប្រព័ន្ធ​អប់រំ​កម្ពុជា​កម្រិត​មធ្យមសិក្សា​ឆ្លើយតប​នឹង​ស្តង់ដា​អប់រំ​កម្រិត​អន្តរជាតិ និង​ផ្តល់​ជា​ភ័ស្តុតាង​ទិន្នន័យ​ពី​កម្រិត​សមត្ថភាព​សិស្ស​អាយុ ១៥​ឆ្នាំ ដែល​កំពុង​សិក្សា​នៅ​កម្រិត​មធ្យមសិក្សា ឆ្លើយតប​នឹង​សូចនាករ​គុណភាព​អប់រំ នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

​លោក ណារ៉ុន បាន​ឱ្យ​ដឹងលើ​បណ្ដាញ​សង្គមរបស់​លោកថា៖ «ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចូលរួម​អនុវត្ត​កម្មវិធី PISA ចំនួន ៣​ លើក​រួចមកហើយ លើក​ទី​១ គឺ​កម្រិត​សាកល្បង​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍ នៅ​ឆ្នាំ​២០១៧ (PISA-D) ក្នុងនោះ​មាន​ប្រទេស​ចំនួន​៩ បាន​ចូលរួម»។

លោក​បាន​បន្ដថា​៖ «លើក​ទី​២ PISA ២០២២ គឺជា​កម្មវិធី​ពេញលេញ មាន​ប្រទេស​ចំនួន ៨១ ចូលរួម​, និង​លើក​ទី​៣ PISA ២០២៥ ដែល​ភាគច្រើន​សុទ្ធតែជា​ប្រទេស​អភិវឌ្ឍន៍ និង​ជា​សមាជិក​អង្គការ OECD សរុប ៩១​ប្រទេស​។ ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​ចុះ​ប្រមូល​ទិន្នន័យ​ផ្លូវការ​សម្រាប់​កម្មវិធី PISA ២០២៥ នៅ​សប្តាហ៍​ទី​៤ ខែមិថុនា ឆ្នាំ​២០២៥ នេះ​»។​

លទ្ធផល​នៃ​កម្មវិធី PISA បាន​ក្លាយជា​រង្វាស់​មួយ​ដ៏​សំខាន់ សម្រាប់​វាស់វែង​វឌ្ឍនភាព​នៃ​ប្រព័ន្ធ​អប់រំ​ទាំងមូល ធៀប​នឹង​ស្តង់ដា​អន្តរជាតិ ជាពិសេស​ឆ្លើយតប​នឹង​បរិវត្ត​កម្ម​សេដ្ឋកិច្ច​ក្នុង​យុគសម័យ​ឌីជីថល ដែល​ទាមទារ​ការ​ផ្តោតលើ​ការកសាង​មូលធន​មនុស្ស​ដែលមាន​សមត្ថភាព​សក​ល​។

លោករដ្ឋមន្ដ្រី​បាន​លើកឡើងថា ក្រសួង​បានជ្រើសរើស​យក​សូចនាករ លទ្ធផល​នៃ​កម្មវិធី​អន្តរជាតិ​ស្តីពី រ​ង្វា​យ​តម្លៃ​លទ្ធផល​សិក្សា​របស់​សិស្ស (PISA) ផ្តោតលើពិន្ទុ​ជា​មធ្យម នៃ​មុខវិជ្ជា​អំ​ណាន គណិតវិទ្យា និង​វិទ្យាសាស្ត្រ។

វា​រួម​ជាមួយនឹង​សូចនាករ​សមិទ្ធ​កម្មគ​ន្លឹះ​ចំនួន​ពីរ​ទៀត រួមមាន​អត្រា​រួម​នៃ​ការសិក្សា​នៅ​មធ្យមសិក្សា​បឋមភូមិ និង​មធ្យមសិក្សា​ទុតិយភូមិ និងអត្រា​បោះបង់​ការសិក្សា​នៅ​មធ្យមសិក្សា​បឋមភូមិ និង​មធ្យមសិក្សា​ទុតិយភូមិ ដើម្បី​វាស់វែង​សមិទ្ធកម្ម​អប់រំ​នៅក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១​។​

​លោក​បាន​អរគុណដល់កិច្ច​ខិតខំប្រឹងប្រែងរបស់​អ្នក​ពាក់ព័ន្ធ​ក្នុងការ​​គាំទ្រ​ការហ្វឹកហាត់​តេស្តរ​ង្វា​យ​តម្លៃ​ថ្នាក់ជាតិ តេស្ត​ថ្នាក់​តំបន់ (SEA-PLM) និង​តេស្ត​អន្តរជាតិ (PISA) នៅតាម​សាលារៀន សំដៅ​គាំទ្រ​សាលារៀន គ្រូបង្រៀន និង​សិស្ស​ឱ្យបាន​ជ្រាប និង​ត្រៀមខ្លួន​សម្រាប់​ការធ្វើ​តេស្ត​កម្រិត​អន្តរជាតិ PISA នៅក្នុង​ខែមិថុនា ឆ្នាំ​២០២៥ ខាងមុខនេះ។

លោក​បាន​បន្ដថា ​​ការប្រឡងប្រណាំងនឹងត្រូវបាន​ធ្វើ​ឡើង​​ដើម្បី​លើកកម្ពស់​លទ្ធផល​តេស្ត​អន្តរជាតិ PISA នៅតាម​សាលា​គោលដៅ​គ្រប់​ខេត្ត ដោយ​មន្ទីរអប់រំ​ត្រូវ​ចូលរួម​គាំទ្រ​នៅតាម​ខេត្ត​រៀងៗ​ខ្លួន ហើយ​ចំពោះ​សាលា​ដែលមាន​លទ្ធផល​តេស្ត PISA ខ្ពស់ នឹង​ក្លាយជា​សាលារៀន​គំរូ ដោយ​ជា​គន្លឹះ គឺ​ត្រូវ​បំប៉ន​សិស្ស​ឱ្យ​​យល់ច្បាស់​ពី​តេស្ត ​PISA ពង្រឹងសមត្ថភាព​សិស្ស​បន្ថែម និង​ថែម​ម៉ោង​រៀន ​និង​បង្រៀន​៕